បាងកកៈ អ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថានស្រាវជ្រាវអភិវឌ្ឍថៃ (TDRI) លើកឡើងថាការប៉ាន់ស្មានក្នុងចំណោមពាណិជ្ជករ និងអ្នកនាំចូលជាមូលហេតុចម្បងដែលនាំឲ្យមានការធ្លាក់ចុះតម្លៃអង្ករនៅរដូវប្រមូលផល។
លោក Nipon Poapongsakorn អ្នកស្រាវជ្រាវដ៏ល្បីមួយរូបនៅ TDRI បានឲ្យដឹងថាប្រសិនជាពាណិជ្ជករ និងអ្នកនាំចេញមានមធ្យោបាយចូលទៅកាន់មូលដ្ឋានទិន្នន័យនៃបរិមាណអង្ករដែលត្រូវបានស្តុកទុក និងការព្យាករត្រឹមត្រូវនៃការផ្គត់ផ្គង់តាមរដូវដែលនឹងចូលមកដល់តម្លៃអង្ករនឹងមិនងាយប្រែប្រួលដូច្នេះនោះឡើយ។
លោក Nipon បានធ្វើការសន្និដ្ឋាននេះនៅក្នុងអត្ថបទស្រាវជ្រាវមួយក្រោមចំណងជើងថា «ហេតុអ្វីបានជាអង្ករផ្កាម្លិះធ្លាក់ថ្លៃខ្លាំង? នរណាជាអ្នករងកំហុស?»។
លោក Nipon បានឲ្យដឹងតាំងពីខែកញ្ញាមកថាតម្លៃស្រូវផ្កាម្លិះបានធ្លាក់ចុះ ១៣ ភាគរយមិនធ្លាប់មានសោះតាំងពីមុនមកពីតម្លៃ ១២ ០៩០ បាតក្នុងមួយតោនមក ១០ ៥០០ បាតក្នុងមួយតោនជាតម្លៃទាបជាងគេបំផុតក្នុងរយៈពេល ៩ ឆ្នាំ ធៀបនឹងការធ្លាក់ចុះត្រឹមតែ ២ ភាគរយនៃតម្លៃរវាងពីខែមិថុនាដល់ខែកញ្ញា។
ការធ្លាក់ចុះនៃតម្លៃស្រូវផ្កាម្លិះត្រូវជំរុញដោយតម្លៃប៉ាន់ស្មានសម្រាប់អង្ករផ្កាម្លិះសម្រាប់ខែធ្នូដែលបានធ្លាក់ចុះមក ៥៤៨ ដុល្លារ (ប្រហែល ១៩ ២០០ បាត) ក្នុង ១ តោន។ តួលេខដែលប៉ាន់ស្មាននៅថ្ងៃទី ២៨ ខែតុលាបានលេចឡើងខណៈតម្លៃបច្ចុប្បន្នឈរនៅ ៧២០ ដុល្លារក្នុង ១ តោន។
ជាលទ្ធផលនៃការធ្លាក់ចុះដ៏ខ្លាំងនេះតម្លៃអង្ករផ្កាម្លិះដែលទើបតែនឹងប្រមូលផលបានថ្មីៗនៅខែវិច្ឆិកាជាខែទីមួយនៃការប្រមូលផលបានធ្លាក់មកដល់ ១ ៣៣០ បាតក្នុងមួយហាប (ប្រហែល ២២ ១៧១ បាតក្នុង ១ តោន) ធៀបទៅនឹងតម្លៃ ១ ៧៥០ បាតក្នុង ១ ហាប (២៩ ១៧២ បាតក្នុងមួយតោន) នៅអំឡុងពេលដូចគ្នាកាលពីឆ្នាំទៅ។ ហាប (ឬ Picul) គឺជាខ្នាតរង្វាស់ដែលត្រូវបានប្រើប្រាស់នៅចិន ជប៉ុន និងអាស៊ីដែលធ្ងន់ជាង ៦០ គីឡូក្រាមបន្តិច។
លោក Nipon បានពន្យល់ថាហេតុផលដែលធ្វើឲ្យតម្លៃប៉ាន់ស្មាននៃអង្ករផ្កាម្លិះនៅពេលអនាគតមានការធ្លាក់ចុះគឺបណ្តាលមកពីការរំពឹងទុករបស់ក្រុមពាណិជ្ជករ និងអ្នកនាំចេញភាគច្រើនថាបរិមាណស្រូវសម្រាប់ផ្គត់ផ្គង់នឹងកើនឡើងក្នុងអត្រាយ៉ាងលឿនបន្ទាប់ពីការប្រមូលផលថ្មីខណៈតម្រូវការនឹងស្ថិតនៅកម្រិតដដែល ឬក៏មានការថយចុះធៀបនឹងឆ្នាំមុន។
លោកបន្តថាក្រុមពាណិជ្ជករបានរំពឹងថាតម្លៃអង្ករនៅខែធ្នូនឹងថយចុះក្រោមតម្លៃប៉ាន់ស្មានរបស់អង្ករសម្រាប់ពេលអនាគតក្នុងខែតុលា។ លោកឲ្យដឹងទៀតថាបរិមាណស្រូវសម្រាប់ផ្គត់ផ្គង់លើសពីធម្មតាក៏ជាមូលហេតុមួយនាំឲ្យតម្លៃស្រូវធ្លាក់ចុះផងដែរ។ លោក Nipon និយាយថាកត្តាចម្បងដែលបណ្តាលឲ្យបរិមាណស្រូវសម្រាប់ផ្គត់ផ្គង់កើនឡើងខ្ពស់គឺដោយសារតែមានធ្លាក់ភ្លៀងខ្លាំងនៅតំបន់ភូមិភាគឦសានដែលបាននាំមកនូវទិន្នផលខ្ពស់។
ស្រូវដែលទទួលបានពីការប្រមូលផលលើកមុននៅតែមានបរិមាណខ្ពស់នៅក្នុងឃ្លាំងស្តុកនៅតាមរោងម៉ាស៊ីនកិនស្រូវខណៈក្រុមពាណិជ្ជករនៅដើមឆ្នាំនេះរំពឹងថាតម្លៃស្រូវនឹងកើនខ្ពស់ដោយសារឥទ្ធិពលរលកកម្តៅ El Nino៕ TN


