ក្រុងបាងកកៈ ប្រភពមួយនៅក្នុងឧស្សាហកម្មផលិតរថយន្ដបានឲ្យដឹងថា វិស័យពាណិជ្ជកម្មព្រួយបារម្ភថា ការវិនិយោគបរទេសនៅប្រទេសថៃនឹងអាចបញ្ចប់ បើប្រទេសនេះមិនចូលរួមក្នុងកិច្ចព្រមព្រៀងភាពជាដៃគូអន្ដរប៉ាស៊ីហ្វិក (TPP)។
មន្ត្រីប្រតិបត្តិជាន់ខ្ពស់របស់ក្រុមហ៊ុនផលិតគ្រឿងបន្លាស់រថយន្ដមួយដែលស្នើសុំមិនបង្ហាញអត្ដសញ្ញាណបានឲ្យដឹងថា ក្រុមវិនិយោគិនបរទេស ជាពិសេសក្រុមហ៊ុនជប៉ុន ព្រួយបារម្ភថា ក្រុមហ៊ុនរបស់ខ្លួននឹងរងផលប៉ះពាល់ បើប្រទេសថៃមិនចូលរួមក្នុងកិច្ចព្រមព្រៀងភាពជាដៃគូអន្ដរប៉ាស៊ីហ្វិក ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មពិភពលោកធំជាងគេទេនោះ។
កិច្ចព្រមព្រៀង TPP ត្រូវបានអនុម័តដោយប្រទេសនៅជាប់មហាសមុទ្រប៉ាស៊ីហ្វិកចំនួន ១២ រួមមាន សហរដ្ឋអាមេរិក កាណាដា ម៉ិកស៊ិក ប៉េរ៉ូ ស៊ីលី នូវ៉ែលសេឡង់ ជប៉ុន សិង្ហបុរី ម៉ាឡេស៊ី វៀតណាម និងប្រ៊ុយណេ។
សេដ្ឋកិច្ចរបស់ប្រទេសទាំងនោះមានទំហំស្មើនឹង ៤០ ភាគរយនៃទំហំ ផ.ស.ស របស់ពិភពលោក និងពាណិជ្ជកម្មពិភពលោក។
ប្រភពដដែលនេះបានឲ្យដឹងថា៖«ក្រុមហ៊ុនជប៉ុន ជាពិសេសក្រុមហ៊ុនក្នុងឧស្សាហកម្មផលិតរថយន្ដ បានបង្ហាញសញ្ញាទៅកាន់វិស័យពាណិជ្ជកម្មថៃថា ពួកគេព្រួយបារម្ភអំពីលទ្ធភាពប្រកួតប្រជែងរបស់ប្រទេសថៃក្នុងឧស្សាហកម្មជាច្រើន ជាពិសេស វិស័យផលិតរថយន្ដ និងគ្រឿងបន្លាស់រថយន្ដ ដោយសារប្រទេសថៃគឺជាមូលដ្ឋានផលិតកម្មរបស់ខ្លួន»។
ប្រភពដដែលនេះបានឲ្យដឹងទៀតថា៖ «ក្រុមវិនិយោគិនបរទេស កំពុងឃ្លាំមើលរដ្ឋាភិបាលថៃយ៉ាងហ្មត់ចត់ ដើម្បីពិនិត្យមើលថា តើប្រទេសនេះនឹងចូលរួមកិច្ចព្រមព្រៀង TPP ឬយ៉ាងណា? បើប្រទេសនេះមិនចូលរួមកិច្ចព្រមព្រៀងនេះទេ ក្រុមហ៊ុនទាំងនោះបានបញ្ជាក់យ៉ាងច្បាស់ថា ក្រុមហ៊ុនរបស់ខ្លួនអាចនឹងផ្លាស់ទីតាំងផលិតកម្មទៅកាន់ប្រទេសផ្សេង ដែលអាចទទួលបានផលបរ្យោជន៍ពីកិច្ចព្រមព្រៀង TPP នេះ។
ប្រភពនេះបានបន្ដថា៖ «ប្រទេសវៀតណាម និងម៉ាឡេស៊ី នឹងទទួលបានផលប្រយោជន៍ ដោយសារប្រទេសទាំងនេះ មានភាពទាក់ទាញខ្លាំងនៅក្នុងក្រសែភ្នែករបស់ក្រុមវិនិយោគិនបរទេស។
ប្រទេសថៃនៅតែ ជាមូលដ្ឋានសំខាន់មួយ ហើយការផ្លាស់ប្តូរទីតាំងផលិតកម្មទាំងស្រុងនោះមិនមែនងាយស្រួល និងចំណាយតិចតួចនោះទេ។រដ្ឋាភិបាលថៃ គប្បីបញ្ជាក់ឲ្យច្បាស់ថាខ្លួនមានផែនការចូលរួមកិច្ចព្រមព្រៀង TPP នៅវគ្គក្រោយនេះឬយ៉ាងណានោះ»។
ក្រុមហ៊ុននៅប្រទេសថៃ នៅតែមិនទាន់ច្បាស់ថាតើប្រទេសថៃនឹងចូលរួមកិច្ចព្រមព្រៀង TPP ដោយផ្អែកលើការអង្កេតរបស់គណៈកម្មាធិការអចិន្រ្ដៃយ៍រួមស្តីពីពាណិជ្ជកម្ម ឧស្សាហកម្ម និងធនាគារ (JSCCIB) ឬយ៉ាងណានោះទេ។
JSCCIB ដែលជាអង្គភាពវិស័យឯកជនឈានមុខនេះ រកឃើញថា ឧស្សាហកម្ម ១ ភាគ ៣ នៃឧស្សាហកម្មចំនួន ៣៨ មានបំណងចង់ឲ្យប្រទេសថៃចូលរួមកិច្ចព្រមព្រៀងនេះ។ ទន្ទឹមនឹងនោះដែរ ឧស្សាហកម្មចំនួន ៥ មិនយល់ស្របចំពោះការចូលរួមកិច្ចព្រមព្រៀងនេះទេ ហើយឧស្សាហកម្មដែលនៅសេសសល់ពីនេះ នៅតែមិនទាន់ច្បាស់នៅឡើយ។
ឧស្សាហកម្មដែលមានបំណងចូលរួមកិច្ចព្រមព្រៀង TPP រួមមាន គ្រឿងសម្អាង ដែកថែបនិងដែក ប្លាស្ទិក ថាមពលកកើតឡើងវិញ និងគ្រឿងអេឡិចត្រូនិក ដោយសារឧស្សាហកម្មទាំងនេះ ជឿជាក់ថា វានឹងផ្តល់ផលប្រយោជន៍ដល់ប្រទេសថៃ ទាក់ទងនឹងការពង្រីកទីផ្សារនៅបរទេស ហើយឧស្សាហកម្មទាំងនោះព្រួយបារម្ភថា ប្រទេសថៃនឹងបាត់បង់លទ្ធភាពប្រកួតប្រជែងក្នុងទីផ្សារនាំចេញ បើប្រទេសនេះបដិសេធមិនចូលរួមកិច្ចព្រមព្រៀងនេះ។
ឧស្សាហកម្មដែលមិនយល់ស្របចំពោះកិច្ចព្រមព្រៀងនោះ រួមមាន ត្រីធូណាកំប៉ុង ការកែច្នៃម្ហូបអាហារ សារធាតុគីមី និងឱសថ ដោយបានឲ្យដឹងថា ប្រទេសថៃគប្បីចំណាយពេលសិក្សាព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងនេះឲ្យបានហ្មត់ចត់ មុនធ្វើការសម្រេចចិត្ត៕


