ក្រុងណៃពិដោរៈ សេដ្ឋកិច្ចមីយ៉ាន់ម៉ាមិនកំពុងកើនឡើងដូចការរំពឹងទុកនោះទេចាប់ពីរដ្ឋាភិបាលរបស់លោកស្រី អ៊ុងសាន ស៊ូជី បានចូលកាន់អំណាចនៅខែមីនាហើយលោកស្រីបានអំពាវនាវឲ្យមានកិច្ចសហការពីសហគមន៍អាជីវកម្ម។ នេះបើយោងតាមទីប្រឹក្សារដ្ឋរូបនេះ។
លោកស្រី ស៊ូជី ដែលក៏ជារដ្ឋមន្ត្រីក្រសួងការបរទេសផងដែរនោះបានថ្លែងក្នុងជំនួបជាមួយថ្នាក់ដឹកនាំក្រុមហ៊ុននៅទីក្រុងណៃពិដោរថា៖ «ខ្ញុំសូមសារភាពថាក្នុងអំឡុងរយៈពេល ៦ ខែនៃអាណិត្តរដ្ឋាភិបាលរបស់យើង សេដ្ឋកិច្ចមិនបានរីកចម្រើនដូចទៅនឹងអ្វីដែលយើងសង្ឃឹមនោះទេ»។
លោកស្រីថ្លែងថាមានហេតុផលនានាដែលបណ្តាលឲ្យសេដ្ឋកិច្ចស្ទុះងើបយឺតប៉ុន្តែលោកស្រីមិនបានលើកឡើងលម្អិតនោះទេ។
លោកស្រីបន្ថែមថា៖ «មានបញ្ហាប្រឈមជាច្រើនសម្រាប់ប្រទេសរបស់យើងដែលត្រូវដោះស្រាយប៉ុន្តែខ្ញុំជឿថាយើងត្រូវតែជម្នះបញ្ហាប្រឈមទាំងនេះជាជំហានៗ»។
ឆ្លើយតបទៅនឹងការរិះគន់ថារដ្ឋាភិបាលមិនយកចិត្តទុកដាក់គ្រប់គ្រាន់ចំពោះសេដ្ឋកិច្ច និងផ្តោតតែលើនយោបាយ និងដំណើរការសន្តិភាពជាមួយក្រុមជនជាតិភាគតិចនោះលោកស្រី ស៊ូជី ថ្លែងថារដ្ឋបាលរបស់លោកស្រីនឹងផ្តល់អាទិភាពព្រមគ្នាដល់នយោបាយ និងសេដ្ឋកិច្ចដោយសារកត្តាទាំងពីរនេះពឹងគ្នាទៅវិញទៅមក។
លោកស្រីថ្លែងថា៖ «ជាការពិតរដ្ឋាភិបាលយើងគឺជាអ្នកដែលចង់ឃើញសេដ្ឋកិច្ចរបស់ប្រទេសអភិវឌ្ឍឲ្យលឿនបំផុតតាមដែលអាចធ្វើទៅបាន»។
លោកស្រី ស៊ូជី បានអំពាវនាវឲ្យមេដឹកនាំអាជីវកម្មសំខាន់ៗក្នុងប្រទេសធ្វើសេចក្តីសម្រេចចិត្តនានាដោយផ្តោតទៅលើប្រយោជន៍សាធារណៈឲ្យបានច្រើនដើម្បីជួយចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ៕ KC

