ហ្វ្រេងហ្វឺតៈ ក្រុមអ្នកវិភាគព្យាករថាធនាគារកណ្ដាលអឺរ៉ុប (ECB) នឹងនៅតែជាការគាំទ្រខ្លាំងដល់សេដ្ឋតំបន់ចាយប្រាក់អឺរ៉ូ ទោះបីជាកំណើនបង្ហាញថាស្ថានភាពរបស់ប្លុកនេះកំពុងល្អប្រសើរក៏ដោយ។
អតិផរណាគឺជិតដល់ទិសដៅកំណត់របស់ធនាគារ ដែលគាំទ្រដល់ការអំពាវនាវរបស់អ្នករិះគន់ឲ្យ ECB បង្កើនអត្រាការប្រាក់ទាប និងកាត់បន្ថយការទិញមូលបត្របំណុលរដ្ឋ និងក្រុមហ៊ុន តម្លៃ១០ ពាន់លានអឺរ៉ូក្នុងមួយខែ។
អ្នកជំទាស់អះអាងថា គោលនយោបាយដែលបង្កើតឡើងដើម្បីជំរុញកំណើន ហើយអតិផរណាលែងត្រូវការទៀតហើយ និងអាចមានគ្រោះថ្នាក់ប្រសិនបើមិនកែតម្រូវ។
ក្រុមអ្នកចេញគោលនយោបាយរបស់ ECB ជំទាស់ថា កំណើនតម្លៃនៅក្នងតំបន់ចាយប្រាក់អឺរ៉ូ ចាប់តាំងពីខែធ្នូគឺជាឥទ្ធិពលបណ្ដោះអាសន្នដោយសារតែកំណើនតម្លៃថាមពល។
លោក Mario Draghi ប្រធាន ECB បានប្រាប់ក្រុមតំណាងរាស្ដ្រសភាអឺរ៉ុបកាលពីខែកុម្ភៈថា៖ «យើងមិនគួរប្រតិកម្មទៅនឹងទិន្នន័យបុគ្គល និងកំណើនអតិផរណារយៈពេលខ្លីនោះទេ»។ លោកថ្លែងថា៖«ការគាំទ្រពីវិធានការគោលនយោបាយរូបិយវត្ថុរបស់យើងនៅតែត្រូវការ»។
អតិផរណាស្នូលនៅតែខ្សោយ ដែលមិនរាប់បញ្ចូលទំនិញដូចជា អាហារ និងថាមពល ក្រុមប្រឹក្សាគ្រប់គ្រងរបស់ធនាគារនេះបានយល់ព្រម «ត្រួតពិនិត្យភាពប្រែប្រួលទិន្នន័យរយៈពេលខ្លី»ពេលសម្រេចគោលនយោបាយ។ នេះបើតាមកំណត់ហេតុបានពីកិច្ចប្រជុំចុងក្រោយរបស់ខ្លួនកាលពីខែមករា។
លោក Peter Nagle និងលោកស្រី Khadija Mahmood សេដ្ឋវិទូនៅវិទ្យាស្ថានហិរញ្ញវត្ថុអន្តរជាតិបានឲ្យដឹងថា៖ « ECB នៅតែអាចស្វែងរកការពន្យល់ដ៏ល្អសម្រាប់ជំហរគោលនយោបាយធូររលុងខ្លាំងរបស់ខ្លួន» នៅសប្ដាហ៍នេះ។
ECB បានចាប់ផ្ដើមកម្មវិធីទិញមូលបត្របំណុលចំនួនច្រើនជា «ការចាក់បញ្ចូលសាច់ប្រាក់ក្នុងទីផ្សារ» កាលពីដើមឆ្នាំ២០១៥ បន្ទាប់ពីការបារម្ភអំពីបរិត្តផរណា ដែលជានិន្នាការធ្លាក់ចុះការទ្រទ្រង់ដោយខ្លួនឯងលើតម្លៃនិងប្រាក់ឈ្នួល។
អ្នកវិភាគជាច្រើនរំពឹងថា ការព្យាករថ្មីរបស់ ECB នឹងដាក់បញ្ចូលការរំពឹងទុកខ្ពស់នៃអតិផរណាក្នុងរយៈពេលពេញមួយឆ្នាំ២០១៧ ដែលប្រហែលជា១,៨ភាគរយ។ លោក Alan Lemangnen សេដ្ឋវិទូនៅធនាគារ Natixis បានឲ្យដឹងថា ប៉ុន្តែ «យើងរំពឹងថា លោក Mario Draghi នឹងចងចាំថា លក្ខខណ្ឌសម្រាប់កែតម្រូវដែលប្រើបានរយៈពេលយូររបស់អតិផរណាមិនទាន់ត្រូវបានប្រមូលនៅឡើយទេ»៕ LA


