ក្រុងបាងកកៈ អាជ្ញាធរថៃបានព្រមានពាណិជ្ជករមិនឲ្យឆ្លៀតឱកាសដំឡើងថ្លៃក្រណាត់ពណ៌ខ្មៅដោយគ្មានភាពត្រឹមត្រូវ ខណៈពេលដែលមានកំណើនតម្រូវការសម្រាប់ពិធីកាន់ទុក្ខព្រះមហាក្សត្រថៃ ដែលបានសោយទិវង្គតកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។
ក្រសួងពាណិជ្ជកម្មថៃបានណែនាំដល់ការិយាល័យពាណិជ្ជនានានៅតាមខេត្តឲ្យអង្កេតមើលតម្លៃ និងការផ្គត់ផ្គង់ក្រណាត់ពណ៌ខ្មៅនៅក្នុងទីផ្សារ ដើម្បីធានាថា សាធារណជននឹងមិនត្រូវបានកេងយកប្រយោជន៍ក្នុងអំឡុងពេលកាន់ទុក្ខនេះ។
លោកស្រី Apiradi Tantraporn រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ បានថ្លែងថា តម្រូវការក្រណាត់ពណ៌ខ្មៅបានកើនឡើងខ្លាំងចាប់តាំងពីការកាន់ទុក្ខព្រះមហាក្សត្របានចាប់ផ្តើមធ្វើឡើង។ជាលទ្ធផល មន្ត្រីរបស់លោកស្រីកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ទៅលើតម្លៃក្រណាត់កាន់ទុក្ខនេះ ព្រមទាំងក្រណាត់ពណ៌ខ្មៅ និងពណ៌សដែលត្រូវបានប្រើប្រាស់សម្រាប់តុបតែងអគារផងដែរ។
ពាណិជ្ជករទាំងអស់ត្រូវបានស្នើឲ្យបិទស្លាកតម្លៃឲ្យបានច្បាស់ ហើយមិនឲ្យដំឡើងតម្លៃដោយគ្មានហេតុផល ឬស្តុកទុកទំនិញនេះ។ អ្នកល្មើសអាចជាប់គុករហូតដល់ ៧ឆ្នាំ និង/ឬពិន័យជាប្រាក់រហូតដល់ ១៤០ពាន់បាត (៤ពាន់ដុល្លារ)។
លោកស្រីបានថ្លែងថា ក្រសួងពាណិជ្ជកម្មនឹងសម្របសម្រួលជាមួយអ្នកចែកចាយ ដើម្បីធានាឲ្យមានការផ្គត់ផ្គង់ក្រណាត់កាន់ទុក្ខនេះឲ្យបានគ្រប់គ្រាន់នៅទូទាំងប្រទេស។ ក្នុងទីក្រុងបាងកក ពាណិជ្ជករបានសម្រុកចូលទៅកាន់ទីផ្សារលក់ដុំដើម្បីទិញទំនិញកាន់ទុក្ខនេះមកលក់បន្ត ដែលបានបង្កឲ្យស្ទះចរាចរណ៍នៅជុំវិញតំបន់នោះកាលពីថ្ងៃសៅរ៍។
គិលានុបដ្ឋាក ម្នាក់ឈ្មោះ Nongrak Bantaotuk បានថ្លែងថា គាត់បានទិញអាវខ្មៅសម្រាប់ខ្លួនឯង និងគ្រួសារ។ អ្នកស្រីថ្លែងថា តម្លៃបានកើនឡើងបន្តិច ប៉ុន្តែមិនជាបញ្ហាអ្វីនោះទេ៕


