ក្រុងស៊ីដនីៈ ធនាគារកណ្តាលអូស្រ្តាលីបានរក្សាអត្រាការប្រាក់នៅកម្រិតទាបបំផុត ១,៥០ ភាគរយដដែលកាលពីថ្ងៃអង្គារ និងបានបង្ហាញពីភាពសុទិដ្ឋិនិយមខ្លាំងចំពោះសេដ្ឋកិច្ច បន្ទាប់ពីទទួលបានការស្ទុះងើបឡើងវិញនៃកំណើនសេដ្ឋកិច្ចកាលពីចុងឆ្នាំមុន។
ធនាគារកណ្តាលអូស្រ្តាលីបានទម្លាក់អត្រាការប្រាក់ ៣ ភាគរយនៅអំឡុងខែវិច្ឆិកា ឆ្នាំ ២០១១ ដល់ខែសីហា ឆ្នាំមុនដើម្បីជំរុញឧស្សាហកម្មមិនមែនរ៉ែនៅពេលដែលប្រទេសនេះផ្លាស់ប្តូរសេដ្ឋកិច្ចចេញពីកំណើនវិនិយោគរុករករ៉ែ។
អត្រាការប្រាក់នេះត្រូវបានរក្សានៅអត្រាដដែលចាប់ពីពេលនោះមក។
ដូចគ្នាទៅនឹងខែមុនដែរលោក Philip Lowe ទេសាភិបាលធនាគារកណ្តាលអូស្រ្តាលីបានឲ្យដឹងថា៖ «ក្រុមប្រឹក្សាភិបាលធនាគារកណ្តាលបានចាត់ទុកថាការរក្សាគោលជំហរគោលនយោបាយដដែលនៅក្នុងកិច្ចប្រជុំលើកនេះនឹងស្របទៅតាមកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព និងការសម្រេចបានតាមទិសដៅអតិផរណានាពេលកន្លងមក»។
ធនាគារនេះមានពេលវេលាច្រើនដើម្បីពិចារណាអំពីអត្រាការប្រាក់គិតចាប់តាំងពីកិច្ចប្រជុំកាលពីខែកុម្ភៈមកដោយទិន្នន័យក្នុងខែនេះបង្ហាញថាសេដ្ឋកិច្ចរបស់ប្រទេសអូស្រ្តាលីបានស្ទុះងើបឡើងវិញយ៉ាងខ្លាំងនៅត្រីមាសទីបួនឆ្នាំមុនដោយបានកើនឡើង ១,១ ភាគរយដែលធ្វើឲ្យអត្រាប្រចាំឆ្នាំមាន ២,៤ ភាគរយ។
តួលេខខ្ពស់ជាងការរំពឹងទុកបន្ទាប់ពីការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ច ០,៥ ភាគរយដ៏គួរឲ្យភ្ញាក់ផ្អើលកាលពីត្រីមាសទីបីឆ្នាំមុនបានកើតមានឡើងដោយសារការនាំចេញខ្ពស់ ការវិនិយោគរបស់រដ្ឋាភិបាល និងការចំណាយគ្រួសារ។
បន្ទាប់ពីកំណើននេះគឺការទទួលបានកំណើនលក់រាយ ០,៤ ភាគរយនៅខែមករា បន្ទាប់ពីបានធ្លាក់ចុះកាលពីខែធ្នូ។
តែអត្រាអតិផរណានៅតែមានកម្រិតទាបជាងទិសដៅចន្លោះពី ២ ទៅ ៣ ភាគរយរបស់ធនាគារកណ្តាលអូស្រ្តាលីទន្ទឹមនឹងនោះដែរអត្រាគ្មានការងារធ្វើបាននៅទ្រឹងនៅអត្រាប្រមាណ ៥,៧៥ ភាគរយគិតចាប់ពីដើមឆ្នាំមុនមក។
ទោះជាតម្រូវការប្រើប្រាស់គ្រួសារបានជួយគាំទ្រដល់លទ្ធផលកំណើនសេដ្ឋកិច្ចនៅត្រីមាសទីបួនក្តីក៏ភាគច្រើនគឺដោយសារប្រាក់សន្សំដែលត្រូវចំណាយ ខណៈកំណើនប្រាក់ឈ្នួលនៅតែមានកម្រិតទាប។
ការសម្រេចរក្សាអត្រាការប្រាក់នៅដដែលធ្វើឡើងដូចទៅនឹងការរំពឹងយ៉ាងខ្លាំងពីក្រុមសេដ្ឋវិទូហើយប្រាក់ដុល្លារអូស្រ្តាលីមិនប្រែប្រួលនោះទេដោយត្រូវបានជួញដូរក្នុងតម្លៃ ៧៦,០២ សេនដុល្លារអាមេរិកបន្ទាប់ពីការចេញសេចក្តីថ្លែងការណ៍នេះ។
លោក Lowe បានកត់សម្គាល់ថាសេដ្ឋកិច្ចកំពុង «បន្តស្ថានភាពអន្តរកាលរបស់ខ្លួនបន្ទាប់ពីការបញ្ចប់កំណើនការវិនិយោគលើរ៉ែ»។
លោកមានប្រសាសន៍ថា៖ «ការនាំចេញបានកើនឡើងយ៉ាងខ្លាំងហើយការវិនិយោគលើអាជីវកម្មមិនមែនរ៉ែបានកើនឡើងក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ»៕ BP

