ក្រុងហ្សឺណែវៈ កិច្ចព្រមព្រៀងពហុភាគីដំបូងមួយដែលត្រូវបានឯកភាពនៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) បានចូលជាធរមាននៅសប្តាហ៍មុនដែលជាជំហានដ៏ជោគជ័យមួយរបស់អង្គការនេះក្នុងគ្រាដែលមានការប្រឈមនឹងការគំរាមកំហែងមិនធ្លាប់មានពីមុនមកពីរដ្ឋបាលច្រងេងច្រងាងរបស់សហរដ្ឋអាមេរិក។
អង្គការ WTO ដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវប្រទេសស្វីសបានបញ្ជាក់ថាកិច្ចព្រមព្រៀងសម្របសម្រួលពាណិជ្ជកម្ម (TFA) ត្រូវបានផ្តល់សច្ចាប័នដោយសំឡេងគាំទ្រចំនួន ១១២ ក្នុងចំណោមសមាជិកចំនួន ១៦៤ ប្រទេសរបស់អង្គការពាណិជ្ជកម្មមួយនេះពោលគឺលើសំឡេង ២ ភាគ ៣ ដែលជាកម្រិតកំណត់ដើម្បីផ្តល់សច្ចាប័ន។
ស្ថិតក្រោមកិច្ចព្រមព្រៀងនេះប្រទេសនានាបានឯកភាពគ្នាកែប្រែឲ្យមានភាពសាមញ្ញ និងកំណត់ស្តង់ដារនីតិវិធីគយនៅតាមច្រកព្រំដែនដើម្បីបង្កលក្ខណៈកាន់តែងាយស្រួលសម្រាប់លំហូរទំនិញនៅទូទាំងពិភពលោក។
លោក Roberto Azevedo ប្រធានអង្គការ WTO ឲ្យដឹងថាកិច្ចព្រមព្រៀងសម្របសម្រួលពាណិជ្ជកម្មនេះអាចនឹងកាត់បន្ថយការចំណាយពាណិជ្ជកម្មពិភពលោកជាង ១៤ ភាគរយហើយអាចជំរុញកំណើនសេដ្ឋកិច្ច ០,៥ ភាគរយក្នុងមួយឆ្នាំ។ លោកប្រាប់ក្រុមអ្នកកាសែតថា៖ «កិច្ចព្រមព្រៀងសម្របសម្រួលពាណិជ្ជកម្មនេះគឺជាកំណែទម្រង់ពាណិជ្ជកម្មពិភពលោកធំជាងគេនៅក្នុងសតវត្សរ៍នេះ»។
ប្រទេសក្រីក្ររំពឹងថានឹងទទួលបានផលប្រយោជន៍ច្រើនបំផុតពីកិច្ចព្រមព្រៀង TFA ។ នេះតាមរយៈបទប្បញ្ញត្តិដែលនឹងលើកកម្ពស់លទ្ធភាពឲ្យទំនិញរបស់ប្រទេសទាំងនោះចូលទៅកាន់ទីផ្សារប្រទេសអ្នកមាន។
លោក Sunil Bharti Mittal ប្រធានសភាពាណិជ្ជកម្មអន្តរជាតិដែលមានមូលដ្ឋាននៅទីក្រុងប៉ារីសបានចាត់ទុកថាការផ្តល់សច្ចាប័នដល់កិច្ចព្រមព្រៀង TFA នេះគឺជា «ពេលដ៏សំខាន់មួយសម្រាប់ពាណិជ្ជកម្មពិភពលោក»។
លោកបានថ្លែងថាក្រុមហ៊ុនតូចៗក្នុងពិភពលោកត្រូវបានរារាំងពីពាណិជ្ជកម្មអន្តរជាតិដោយសារក្រុមហ៊ុនទាំងនោះខ្វះធនធានដើម្បីធ្វើការងារជាមួយ «លក្ខខណ្ឌតម្រូវផ្នែកគយដ៏ស្មុគស្មាញ»។
លោកបានឲ្យដឹងថា៖ «តាមរយៈការកាត់បន្ថយបែបបទនិយមមិនចាំបាច់នៅតាមព្រំដែន» កិច្ចព្រមព្រៀង TFA នឹងបើកចំហទីផ្សារដល់ប្រទេសកាន់តែច្រើនថែមទៀត។
គិតចាប់ពីការបង្កើតអង្គការពាណិជ្ជកម្មមួយនេះមកអង្គការនេះបានប្រឈមនឹងឧបសគ្គធំៗជាច្រើនក្នុងការបង្កើតកិច្ចព្រមព្រៀងសំខាន់ៗជាពិសេសក្នុងដំណើរការកិច្ចពិភាក្សាតុមូលក្រុងដូហាដែលជាប់គាំងដោយកិច្ចពិភាក្សានេះកំពុងព្យាយាមសរសេរច្បាប់ពាណិជ្ជកម្មពិភពលោកឡើងវិញ។
នៅពេលការចរចាស្តីពីកិច្ចព្រមព្រៀង TFA ត្រូវបានបញ្ចប់ដោយជោគជ័យនៅឆ្នាំ ២០១៣ វាបានបង្ហាញពីជោគជ័យដ៏ធំមួយសម្រាប់អង្គការ WTO ។
លោក Azevedo បានអះអាងកាលពីថ្ងៃពុធថាដំណើរការផ្តល់សច្ចាប័នដែលធ្វើឡើងឆាប់រហ័សបើធៀបនឹងកិច្ចពិភាក្សាក្រុងដូហានេះបង្ហាញថាកិច្ចព្រមព្រៀងមួយនេះគឺជា «កិច្ចព្រមព្រៀងឈ្នះ-ឈ្នះសម្រាប់គ្រប់គ្នា»។
ប៉ុន្តែបញ្ហាកាន់តែច្រើនស្ថិតនៅខាងមុខបន្ទាប់ពីការឈ្នះការបោះឆ្នោតនៅសហរដ្ឋអាមេរិករបស់លោក ត្រាំ។
មេដឹកនាំប្រទេសមានសេដ្ឋកិច្ចធំជាងគេក្នុងពិភពលោកមួយនេះបានចាត់ទុកថាអង្គការពាណិជ្ជកម្មពិភពលោកគឺជា «គ្រោះមហន្តរាយមួយ» ក្នុងអំឡុងយុទ្ធនាការបោះឆ្នោត និងបានគំរាមដកសហរដ្ឋអាមេរិកចេញពីអង្គការនេះ។
របៀបវារៈមានលក្ខណៈគាំពារនិយមដែលលោកបានប្រកាសជាសាធារណៈក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតនៅតែបន្តមាន។
លោក Robert Lighthizer អ្នកតំណាងពាណិជ្ជកម្មអាមេរិកទើបតែងតាំងថ្មីបានថ្លែងថាអាមេរិកអាចព្រងើយកន្តើយចំពោះច្បាប់របស់អង្គការ WTO ដើម្បីកែតម្រូវឡើងវិញនូវអ្វីដែលលោកចាត់ទុកថាជាអតុល្យភាពពាណិជ្ជកម្មជាពិសេសច្បាប់ណាដែលលោកបានអះអាងថាមានភាពលម្អៀងទៅរកប្រទេសចិន៕ BP


