ភ្នំពេញៈ វិស័យធនាគាររបស់ប្រទេសកម្ពុជាបានមើលឃើញកំណើនជិត ៣២ ភាគរយក្នុងលំហូរចូលមូលធនបរទេស កាលពីឆ្នាំ ២០១៧ ដោយសារការបង្កើតធនាគារបរទេសថ្មីៗ និងការដំឡើងដើមទុនអប្បបរមាដែលបានកំណត់ដោយធនាគារជាតិនៃកម្ពុជា ( NBC)។ នេះបើយោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់ធនាគារជាតិនៃកម្ពុជាដែលបានចេញផ្សាយ កាលពីសប្តាហ៍មុន។
វិស័យមិនមែនធនាគារបានមើលឃើញកំណើន ០,៨ ភាគរយនៅក្នុងលំហូរចូលមូលធនបរទេសកាលពីឆ្នាំមុន ហើយវិស័យអចលនទ្រព្យ និងកាត់ដេរជួបប្រទះការធ្លាក់ចុះបន្តិចបន្តួចធៀបនឹងឆ្នាំ ២០១៦។
របាយការណ៍របស់ធនាគារជាតិបានឲ្យដឹងថា៖ «លំហូរចូលមូលធនបរទេសនៅក្នុងវិស័យធនាគាររបស់ប្រទេសកម្ពុជា បានកើនឡើង ៣១,៨ ភាគរយ ដោយសារការបង្កើតធនាគារថ្មី ២ គឺ ធនាគារ BRED Bank [របស់ប្រទេសបារាំង] និងធនាគារ Mizuho Bank [របស់ប្រទេសជប៉ុន]»។
របាយការណ៍ដដែលនេះបានកត់សម្គាល់ថា ការសម្រេចចិត្តកាលពីខែមីនារបស់ធនាគារជាតិក្នុងការដំឡើងដើមទុនអប្បបរមាសម្រាប់ធនាគារពាណិជ្ជកម្ម និង ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ធនាគារបរទេសដែលប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជាដល់ចំនួន ៧៥ លានដុល្លារបានចូលរួមចំណែកដល់កំណើននេះ។
យោងតាមរបាយការណ៍នេះ ភាគច្រើននៃលំហូរចូលមូលធនបរទេសនេះបានមកពីបណ្ដាប្រទេសអាស៊ីដូចជា ប្រទេសចិន វៀតណាម កូរ៉េខាងត្បូង ម៉ាឡេស៊ី និងប្រទេសសិង្ហបុរី៕ LA

