ក្រុងញូវយ៉កៈ លោក Michael Bloomberg អតីតអភិបាលទីក្រុង ញូវយ៉ក និងជាស្ថាបនិកទីភ្នាក់ងារព័ត៌មាន Bloomberg បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា លោកនឹងផ្ដល់ប្រាក់ ១,៨ ពាន់លានដុល្លារសម្រាប់ជំនួយហិរញ្ញវត្ថុដល់សាកលវិទ្យាល័យ Johns Hopkins University ដែលជឿជាក់ថា នឹងជាការផ្ដល់ជំនួយច្រើនជាងគេមិនធ្លាប់ដល់គ្រឹះស្ថានក្រោយមធ្យមសិក្សា។
លោក Bloomberg បានឲ្យដឹងថា លោកកំពុងធ្វើអំណោយ ដើម្បីជួយដល់សិស្សមានប្រាក់ចំណូលទាប និងមធ្យម ឲ្យកាន់តែងាយស្រួលក្នុងការចូលរៀនសាកលវិទ្យាល័យនៅក្នុងប្រទេសមួយ ដែលតម្លៃការអប់រំក្រោយមធ្យមសិក្សានៅតាមសាលាល្អៗ ជារឿយៗលើសពី ៥០ ០០០ដុល្លារក្នុងមួយឆ្នាំ ដែលជាឧបសគ្គរារាំងសម្រាប់គ្រួសារភាគច្រើន។
លោក Bloomberg បានសរសេរនៅក្នុងទំព័រអត្ថាធិប្បាយផ្ទាល់ខ្លួនលើកាសែត New York Times ថា៖ «ខ្ញុំមានសំណាង ឪពុករបស់ខ្ញុំគឺជាអ្នកកាន់បញ្ជី ដែលមិនដែលរកប្រាក់បានជាង ៦ ០០០ ដុល្លារក្នុងមួយឆ្នាំនោះទេ។ ប៉ុន្តែខ្ញុំអាចចូលរៀននៅសាកលវិទ្យាល័យ Johns Hopkins University តាមរយៈកម្ចីសិស្សរបស់ក្រសួងការពារជាតិ និងទទួលបានការងារធ្វើនៅសាលារៀន»។
លោក Bloomberg បន្តថា៖ «សញ្ញាបត្រនៅសាកលវិទ្យាល័យ Hopkins របស់ខ្ញុំ បានបើកចំហទ្វារ ដែលបើមិនអីចឹងទេ នឹងត្រូវបិទទ្វារ និងអាចឲ្យខ្ញុំរស់នៅតាមក្ដីសុបិននៅអាមេរិកបាន»៕ AFP/LA


