ក្រុងបាងកកៈ ក្រុមហ៊ុន Fitch Ratings (Thailand) បានទម្លាក់ចំណាត់ថ្នាក់បំណុលក្រុមហ៊ុនលក់រាយរបស់ប្រទេសថៃ CP All Plc និងចំណាត់ថ្នាក់បំណុលរយៈពេលវែងថ្នាក់ជាតិរបស់ក្រុមហ៊ុន Siam Makro Plc ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធលក់ទំនិញរបស់ក្រុមហ៊ុននេះមួយចំណាត់ថ្នាក់ដោយសារការកាត់បំណុលរបស់ប្រតិបត្តិករហាងលក់ទំនិញ 7-Eleven នេះមានកម្រិតទាបជាងការរំពឹងទុក។
ទីភ្នាក់ងារផ្តល់ចំណាត់ថ្នាក់ឥណទាននេះបានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថាការទម្លាក់ចំណាត់ថ្នាក់នេះឆ្លុះបញ្ចាំងពីអនុបាតបំណុលធៀបនឹងមូលធនវិនិយោគខ្ពស់របស់ក្រុមហ៊ុន CP All ដែលទំនងជាមិនធ្លាក់ចុះមកនៅត្រឹមកម្រិតមួយស្មើនឹងចំណាត់ថ្នាក់ «A+(tha)» នោះទេក្នុងរយៈពេលពីរឆ្នាំខាងមុខ។
ក្រុមហ៊ុន Fitch រំពឹងថាអនុបាតបំណុលសុទ្ធរបស់ក្រុមហ៊ុន CP ALL នឹងនៅតែមានកម្រិតខ្ពស់ជាង ៣,៥ ដងនៅក្រោយឆ្នាំ ២០១៨។
ទីភ្នាក់ងារនេះបានបន្តឲ្យដឹងថា៖ «ការកាត់បន្ថយអត្រាអនុបាតបំណុលរបស់ក្រុមហ៊ុន CP ALL មានកម្រិតទាបជាងការរំពឹងទុកនាពេលកន្លងមកដោយសារសេដ្ឋកិច្ចក្នុងស្រុកទាបក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ។ ការលក់ភាគហ៊ុននៅក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធ Siam Makro ក៏ទំនងជាមិនអាចអនុវត្តបានទេក្នុងពេល ១២ ទៅ ១៨ ខែខាងមុខ»។
ចំណាត់ថ្នាក់បំណុលរយៈពេលវែងថ្នាក់ជាតិរបស់ក្រុមហ៊ុន CP All ត្រូវបានទម្លាក់ពីចំណាត់ថ្នាក់ «A+(tha)» មកចំណាត់ថ្នាក់ «A(tha)» ចំណាត់ថ្នាក់មូលបត្របំណុលមានការធានារយៈពេលវែងថ្នាក់ជាតិត្រូវបានទម្លាក់ពីចំណាត់ថ្នាក់ «A+(tha)» មកចំណាត់ថ្នាក់ «A(tha)» និងចំណាត់ថ្នាក់មូលបត្របំណុលគ្មានការធានាកម្រិតខ្ពស់រយៈពេលវែងថ្នាក់ជាតិត្រូវបានទម្លាក់ពីចំណាត់ថ្នាក់ «A(tha)» មកចំណាត់ថ្នាក់ «A-(tha)»។ ចក្ខុវិស័យនេះនៅមានស្ថិរភាព។
ការលក់របស់ក្រុមហ៊ុន CP All អាចនឹងកើនឡើងនៅចន្លោះ ៩ទៅ ១១ ភាគរយក្នុងមួយឆ្នាំក្នុងអំឡុងឆ្នាំ ២០១៦-២០១៨៕ BP

