ក្រុងបាងកកៈ ក្រុមហ៊ុនផលិតទូរស័ព្ទ Xiaomi របស់ប្រទេសចិន បានជ្រើសយកប្រទេសថៃធ្វើជាទីតាំងដើម្បីដាក់បង្ហាញទូរស័ព្ទទំនើបរបស់ខ្លួននៅតំបន់អាស៊ីអាគ្នេយ៍ដែលកំពុងរីកចម្រើនខ្លាំង។
លោក Sirichai Larbmahanond ប្រធានផ្នែកគណនីប្រតិបត្តិការច្រកចែកចាយទំនិញប្រចាំក្រុមហ៊ុន Brightstar Thailand ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធប្រចាំប្រទេសថៃរបស់ក្រុមហ៊ុនបណ្តាញទូរស័ព្ទចល័ត Brightstar Corporation ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានមានប្រសាសន៍ថា ការសម្រេចរបស់ក្រុមហ៊ុន Xiaomi នេះ ធ្វើឡើងក្នុងគោលបំណងបង្កើតមូលដ្ឋានមួយនៅក្នុងតំបន់នេះ។
ក្រុមហ៊ុន Brightstar ទទួលបានសិទ្ធិក្នុងនាមជាក្រុមហ៊ុនចែកចាយស្របច្បាប់នូវទូរស័ព្ទ Mi4 របស់ក្រុមហ៊ុន Xiaomi នៅប្រទេសថៃ។
លោក Sirichai មានប្រសាសន៍ថា៖ «ក្រុមហ៊ុន Xiaomi ចាត់ទុកប្រទេសថៃថាជាទីផ្សារមានសក្តានុពលកំណើនខ្ពស់មួយសម្រាប់ទូរស័ព្ទទំនើប ដែលត្រូវបានលក់ចេញតាមរយៈទីផ្សារលក់រាយ»។
តាមធម្មតាក្រុមហ៊ុន Xiaomi លក់ទូរស័ព្ទតាមអនឡាញ។ ក្រុមហ៊ុនមួយនេះផលិតទូរស័ព្ទចល័តដែលប្រើប្រាស់កម្មវិធី Android ដែលមានលក្ខណៈស្រដៀងនឹងទូរស័ព្ទ iPhone របស់ក្រុមហ៊ុន Apple ដែរ។
ក្រុមហ៊ុន Xiaomi នឹងដាក់បង្ហាញជាផ្លូវការនូវទូរស័ព្ទម៉ូដែល Mi4 សម្រាប់ការបញ្ជាទិញជាមុន ក្នុងពិធីពិព័រណ៍គ្រឿង អេឡិចត្រូនិកចល័តនៅប្រទេសថៃឆ្នាំ ២០១៥ ដោយ បើកដំណើរការកាលពីថ្ងៃម្សិលមិញរហូតដល់ថ្ងៃអាទិត្យនៅមជ្ឈមណ្ឌលពិព័រណ៍ជាតិ Queen Sirikit។
ទូរស័ព្ទម៉ូដែល Mi4 ដែលប្រើប្រាស់កម្មវិធី Android នេះ មានអេក្រង់ទំហំ ៥អុិញ មានអង្គចងចាំទំហំ 3 GB ម៉ាស៊ីនថតទំហំ១៣មេហ្គាភិចសែល ឧបករណ៍ដំណើរការទិន្នន័យទំហំ ២,៥ ជីហ្គាហឺត និងថ្មទំហំ ៣០៨០ mAh។
លោក Sirichai បានមានប្រសាសន៍ថា៖ «ទូរស័ព្ទរបស់ក្រុមហ៊ុន Xiaomi នឹងមកដល់ប្រទេសថៃនៅខែនេះ ហើយបច្ចុប្បន្នកំពុតស្ថិតក្នុងដំណើរការទទួលបានលិខិតអនុញ្ញាតពីគណៈកម្មាធិការជាតិផ្សព្វផ្សាយ និងទូរគមនាគមន៍»។
ទូរស័ព្ទម៉ូដែល Mi4 របស់ក្រុមហ៊ុន Xiaomi ដែលមានតម្លៃ ១០ ៩៩០ បាត (ប្រហែល ៣២៨ ដុល្លារ) នេះមានថ្មកាន់ថាមពលបានយូរ ដើម្បីបម្រើឲ្យអតិថិជនដែលប្រើប្រាស់ទូរស័ព្ទច្រើន។
ក្រុមហ៊ុន Brightstar មានផែនការបង្កើតយុទ្ធសាស្រ្តទីផ្សាររួមមួយជាមួយនឹងប្រតិបត្តិករបណ្តាញទូរស័ព្ទចល័ត ក្រុមហ៊ុនផ្តល់សេវាពាណិជ្ជកម្មអនឡាញ និងក្រុមហ៊ុនលក់រាយផ្នែកបច្ចេកវិទ្យាព័ត៌មាន។
លោក Nutchanon Boonsorn អ្នកវិភាគទីផ្សារប្រចាំក្រុមហ៊ុន IDC Thailand បានមានប្រសាសន៍ថា ការមកដល់របស់ក្រុមហ៊ុន Xiaomi ទំនងជានឹងជំរុញឲ្យមានការប្រកួតប្រជែងខ្លាំងក្នុងទីផ្សារទូរស័ព្ទក្នុងស្រុក ជាពិសេសក្នុងចំណោមម៉ាកទូរស័ព្ទចិន។
ក្រុមហ៊ុនផលិតទូរស័ព្ទចិន ដូចជាក្រុមហ៊ុន Huawei ក្រុមហ៊ុន Lenovo ក្រុមហ៊ុន Alcatelក្រុមហ៊ុន Oppo ក្រុមហ៊ុន Vivo ក្រុមហ៊ុន Wiko និងក្រុមហ៊ុន ZTE បានបង្កើនចំណែកទីផ្សាររបស់ខ្លួនកាលពីឆ្នាំមុន ដោយលក់ទូរស័ព្ទសរុបបានចំនួន ៣ លានគ្រឿងធៀបនឹងចំនួន ១,៥ លានគ្រឿងកាលពីឆ្នាំ២០១៣។
យោងតាមក្រុមហ៊ុន IDC បានឲ្យដឹងថា ក្រុមហ៊ុន Xiaomi គឺជាក្រុមហ៊ុនផលិតទូរស័ព្ទទំនើបធំជាងគេនៅប្រទេសចិននៅឆ្នាំ២០១៤ ដោយមានចំណែកទីផ្សារ១២,៥ភាគរយ ពោលគឺមានចំណែកទីផ្សារខ្ពស់ជាងចំណែកទីផ្សារក្រុមហ៊ុន Samsung របស់ប្រទេសកូរ៉េខាងត្បូងបន្តិចដែលមានចំណែកទីផ្សារ ១២,១ភាគរយ៕ BP


