ភ្នំពេញៈ តម្លៃសរុបនៃបរិមាណផលិតផលឧស្សាហកម្មប្រទេសកម្ពុជាមានជាង៥,៣២ពាន់លានដុល្លារ ក្នុងរយៈពេល៧ខែដំបូងឆ្នាំនេះ ដែលនាំមុខដោយឧស្សាហកម្មស្បែកជើង និងសម្លៀកបំពាក់។ នេះបើតាមរបាយការណ៍របស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម។
ក្នុងអំឡុងពេលនេះ ផលិតផលកាត់ដេរ និងស្បែកជើងមានតម្លៃជាងពាក់កណ្ដាលនៃតម្លៃសរុប៣,៨៨ពាន់លានដុល្លារ ខណៈផលិតផលផ្សេងទៀតសម្រាប់ការនាំចេញមានតម្លៃ២២៣លានដុល្លារ និងផលិតផលលក់ក្នុងស្រុកមានតម្លៃ១,២១ពាន់លានដុល្លារ។ ក្នុងខែកក្កដា តម្លៃផលិតផលកាត់ដេរ និងស្បែកជើងកើនឡើងជិត១០ភាគរយដល់៦៦៣លានដុល្លារ ធៀបនឹងខែមិថុនាឆ្នាំនេះ ខណៈផលិតផលផ្សេងទៀតសម្រាប់ការនាំចេញកើនឡើង៨,៣៣ភាគរយដល់៣៩លានដុល្លារ និងតម្លៃផលិតផលលក់ក្នុងស្រុកកើន៧,៧៩ភាគរយដល់១៨២លានដុល្លារធៀបនឹងខែមិថុនា៕

