ភ្នំពេញៈ រដ្ឋាភិបាលវៀតណាមគ្រោងសាងសង់ឃ្លាំងស្តុកទំនិញកម្រិតស្តង់ដារជាង១០០កន្លែងតាមបណ្តោយព្រំដែនជាមួយកម្ពុជាដែលនឹងកាន់តែផ្តល់ភាពងាយស្រួលក្នុងការដោះដូរទំនិញពិសេសផលិតផលកសិកម្មកម្ពុជាតាមបណ្តាខេត្តជាប់ព្រំដែនវៀតណាម។ នេះបើតាមអ្នកនាំពាក្យស្ថានទូតវៀតណាមប្រចាំកម្ពុជាកាលពីម្សិលមិញ។
ពាណិជ្ជករកម្ពុជាព្យាករថាការសាងសង់ឃ្លាំងស្តុកទំនិញតាមព្រំដែនរបស់ប្រទេសវៀតណាមនេះនឹងធ្វើឲ្យឈ្មួញវៀតណាមត្រូវការកសិផលកម្ពុជាច្រើនជាងមុនដែលនឹងបង្កើតឱកាសទីផ្សារច្រើនជាងមុនដល់កសិករ តែបារម្ភថាលំហូរចេញខ្លាំងពេកនៃវត្ថុធាតុដើមនឹងអាចប៉ះពាល់ដល់លទ្ធភាពអភិវឌ្ឍន៍ផលិតកម្មកែច្នៃនៅក្នុងប្រទេសរបស់កម្ពុជា។
លោក Tran Manh Tiep លេខាធិការទី២នៃស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា បានឲ្យដឹងកាលពីម្សិលមិញថា ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមគ្រោងនឹងមានឃ្លាំង១១៦នៅច្រកទ្វារព្រំដែនជាមួយ ប្រទេសឡាវ និងកម្ពុជាត្រឹមឆ្នាំ២០៣៥ ដើម្បីរក្សាការនាំចូល និងនាំចេញទំនិញ និងដើម្បីលើកកម្ពស់ការអភិវឌ្ឍសកម្មភាពនាំចូល និងនាំចេញនៅតាមបណ្ដោយខ្សែព្រំដែនក្នុងចំណោមភាគីទាំងអស់។ លោកថ្លែងថា៖ «ឃ្លាំងនេះនឹងជួយបង្កើនពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងវៀតណាមតាមរយៈការមានសកម្មភាពពាណិជ្ជកម្មកាន់តែច្រើននៅតាមបណ្ដោយព្រំដែន»។ លោកបន្តថា៖ «ឃ្លាំងនេះបង្កើតភាពងាយស្រួលសម្រាប់ការស្ដុកទំនិញសម្រាប់នាំចូល នាំចេញកាន់តែងាយស្រួលក្នុងការដឹកជញ្ជូនទំនិញតាមព្រំដែន»។
លោក Tiep បានឲ្យដឹងថា ឃ្លាំងទាំងនេះនឹងចាប់ផ្តើមសាងសង់ក្នុងពេលឆាប់ៗ ប៉ុន្តែលោកមិនអាចបញ្ចេញព័ត៌មានលម្អិតពីផែនការនេះបានទេ។
ទីភ្នាក់ងារព័ត៌មានរដ្ឋវៀតណាមបានរាយការណ៍កាលពីម្សិលមិញថា ឃ្លាំងភាគច្រើននឹងផ្ដល់សេវាដឹកជញ្ជូនដ៏សំខាន់ និងចាំបាច់ ដូចជាការស្ដុក ការប្រើប្រាស់ ការត្រួតពិនិត្យ និងការអនុវត្តនីតិវិធីគយសម្រាប់ទំនិញនាំចូល និងនាំចេញ។ ទំនិញទាំងអស់ស្ថិតក្រោមប្រព័ន្ធឃ្លាំងនេះ នឹងត្រូវបានត្រួតពិនិត្យគុណភាព អនាម័យអាហារ សុវត្ថិភាព និងស្ដង់ដារជាប់ទាក់ទងផ្សេងទៀត។
ពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងវៀតណាម បានធ្លាក់ចុះចាប់តាំងពីឆ្នាំ២០១៥ បន្ទាប់ពីការកើនឡើងចាប់តាំងពីឆ្នាំ២០១០។ យោងតាមទិន្នន័យបានពីស្ថានទូតវៀតណាមនៅទីក្រុងភ្នំពេញ ទំហំពាណិជ្ជកម្មបានកើនឡើងពី១,៨ពាន់លានដុល្លារកាលពីឆ្នាំ២០១០ ដល់៣,៣ពាន់លានដុល្លារកាលពីឆ្នាំ២០១៤ ប៉ុន្តែបានធ្លាក់ចុះមកនៅត្រឹម៣,០២ពាន់លានដុល្លារកាលពីឆ្នាំ២០១៥ ខណៈប្រទេសទាំងពីរសន្យានឹងសម្រេចឲ្យបានពាណិជ្ជកម្មទ្វេភាគី៥ពាន់លានដុល្លារក្នុងមួយឆ្នាំចាប់តាំងពីឆ្នាំ២០១៥។
លោក ហាក់ សុវណ្ណា ប្រធានសភាពាណិជ្ជកម្មខេត្ត កំពត តាកែវ កែប បានឲ្យដឹងកាលពីម្សិលមិញថា ក្រុមហ៊ុនផលិតផ្នែកកសិកម្មកម្ពុជានៅតាមខេត្តនៅតាមបណ្ដោយព្រំដែនកម្ពុជា វៀតណាម ភាគច្រើនពឹងលើពាណិជ្ជករមកពីប្រទេសវៀតណាមដើម្បីទិញផលិតផលរបស់ពួកគេ ពិសេសក្នុងអំឡុងរដូវប្រមូលផល។ លោកបានបន្ថែមថា ការសាងសង់ឃ្លាំងទំនើបដោយប្រទេសវៀតណាម នឹងពង្រីកសមត្ថភាពរបស់ពាណិជ្ជករក្នុងការស្ដុកទំនិញកាន់តែច្រើន ដែលនឹងធ្វើឲ្យពួកគេមានសមត្ថភាពកាន់តែខ្លាំងក្នុងការទិញទំនិញកាន់តែច្រើនពីប្រទេសកម្ពុជា។ លោកបញ្ជាក់ថា៖ «ខ្ញុំរំពឹងថា ដំណាំកសិកម្មរបស់យើង នឹងមានតម្រូវការកាន់តែច្រើនពីប្រទេសវៀតណាម ដូច្នេះកសិកររបស់យើងនឹងលក់ដំណាំកសិកម្មរបស់ពួកគេក្នុងតម្លៃកាន់តែប្រសើរ»។ លោកបន្ថែមថា ប្រទេសវៀតណាម ទិញស្រូវ ពោត សណ្ដែក និងកសិផលផ្សេងទៀតរបស់កម្ពុជា ខណៈកម្ពុជានាំចូលផលិតផលកែច្នៃដូចជាផលិតផល និងបន្លែប្រើប្រាស់ប្រចាំថ្ងៃ ។
លោក គឹម សាវុធ ប្រធានក្រុមហ៊ុននាំចេញអង្ករ ខ្មែរ ហ្វ៊ូតឲ្យដឹងកាលពីម្សិលមិញថា ផែនការអភិវឌ្ឍន៍ឃ្លាំងនៅតាមបណ្ដោយព្រំដែនដោយវៀតណាម នឹងស្រូបយកផលិតផលមិនទាន់កែច្នៃរបស់កម្ពុជាតែមួយប៉ុណ្ណោះ ប៉ុន្តែមិនល្អសម្រាប់ការផលិតរបស់កម្ពុជាទេ។លោកថ្លែងថា៖«យើងតែងតែមើលឃើញថា ប្រទេសមួយដែលនាំចេញផលិតផលសម្រេច ក្នុងរយៈពេល១០ ឬ២០ឆ្នាំក្រោយ ដែលប្រទេសនេះនឹងមានភាពរុងរឿងខ្លាំងធៀបនឹងប្រទេសដែលនាំចេញផលិតផលមិនទាន់កែច្នៃ»។ លោកបន្ថែមថា៖ «វៀតណាមមិនដែលទិញផលិតផលសម្រេចពីយើងទេ គឺគេទិញតែផលិតផលមិនទាន់កែឆ្នៃដូចជាស្រូវ និងទំនិញផ្សេងៗទៀតប៉ុណ្ណោះ»៕ LA


