ក្រុងស៊ីដនីៈ ក្រុមហ៊ុនភាពជាដៃគូមួយដែលដឹកនាំក្រុមហ៊ុនអូស្រ្តាលី បានឈ្នះកិច្ចសន្យាជួលកំពង់ផែកុងតឺន័រ និងទំនិញរបស់អូស្រ្តាលីរយៈពេល ៥០ ឆ្នាំក្នុងតម្លៃ ៩,៧ ពាន់លានដុល្លារអូស្រ្តាលី (៧,៣ពាន់លានដុល្លារ) ដែលជាទ្រព្យសម្បត្តិជាប់មាត់សមុទ្រចុងក្រោយ ដែលនឹងបានធ្វើឯកជននីយកម្ម។
កំពង់ផែ Melbourne ដែលទទួលកប៉ាល់ចូលចតជាង ៣ ពាន់គ្រឿងប្រចាំឆ្នាំត្រូវបានផ្តល់ទៅឲ្យក្រុមហ៊ុនភាពជាដៃគូមួយ ដែលរួមមានទាំងក្រុមហ៊ុន Queensland Investment ដែលគ្រប់គ្រងមូលនិធិលក់ដុំធំជាងគេទីពីររបស់អូស្រ្តាលី និងក្រុមហ៊ុនខ្នាតអន្តរជាតិ Global Infrastructure Partners ផងដែរ។
តម្លៃជួលនេះខ្ពស់ជាងការរំពឹងទុកដោយរដ្ឋាភិបាលរដ្ឋ Victorian រំពឹងជាបឋមត្រឹមតែ ៦ ពាន់លានដុល្លារអូស្រ្តាលីប៉ុណ្ណោះសម្រាប់កំពង់ផែដ៏ធំមួយរបស់ប្រទេសអូស្រ្តាលីនេះ ដែលផ្ទុកកុងតឺន័រ រថយន្ត និងទំនិញទូទៅ។
រដ្ឋាភិបាលរដ្ឋនេះបានបន្តឲ្យដឹងថា៖ «កិច្ចសន្យាជួលតម្លៃខ្ពស់ជាង ៩,៧ ពាន់លានដុល្លារនេះ ឆ្លុះបញ្ចាំងពីចំណាប់អារម្មណ៍ខ្លាំងរបស់ក្រុមហ៊ុនដេញថ្លៃ និងតម្លៃរបស់កំពង់ផែនេះ ក្នុងនាមជាកំពង់ផែធំបំផុតនៅក្នុងប្រទេស»។
ផ្នែកដ៏ធំមួយនៃថវិកាដែលបានពីការជួលនេះ ដែលត្រូវបានអនុម័តដោយក្រុមនិយតករ នឹងត្រូវចំណាយលើគម្រោងហេដ្ឋារចនាសម្ព័ន្ធប្រចាំតំបន់ និងជនបទ។
លោក Tim Pallas មន្ត្រីហិរញ្ញវត្ថុប្រចាំរដ្ឋថ្លែងថា៖ «រដ្ឋ Victoria នឹងក្លាយជាអ្នកទទួលបានផលប្រយោជន៍ច្រើនពីកិច្ចសន្យាជួលនេះ ដោយមានការផ្តល់មូលនិធិសំខាន់ដើម្បីគាំទ្រគម្រោង ដែលពួកគេត្រូវការ ដូចជា ផ្លូវថ្នល់កាន់តែប្រសើរ និងគម្រោងប្រព័ន្ធធារាសាស្រ្ត ព្រមទាំងគម្រោងថាមពល»៕


