ហ្វ្រេងហ្វឺតៈ ផលិតកម្មឧស្សាហកម្មអាល្លឺម៉ង់បានធ្លាក់ចុះខ្លាំងដោយមិននឹកស្មានដល់កាលពីខែកក្កដាដោយសារតែការធ្លាក់ចុះតម្រូវការពិភពលោកដែលកំពុងជំរុញឲ្យមានការបារម្ភពីការ «ធ្លាក់ចុះបន្ថែមទៀត» នៃសេដ្ឋកិច្ចនេះ។
ការិយាល័យស្ថិតិសហព័ន្ធ Destatis បានឲ្យដឹងថាផលិតកម្មខែកក្កដាបានធ្លាក់ចុះ ១,៥ ភាគរយទាបជាងខែមុន។ បើធៀបនឹងខែដូចគ្នាកាលពីឆ្នាំ ២០១៥ ការផលិតកាន់តែទាប ១,២ ភាគរយ។
ខណៈការផលិតថាមពល និងការសាងសង់ត្រូវបានរាយការណ៍ថាកើនឡើង ២,៦ ភាគរយ និង ១,៨ ភាគរយទិន្នផលរបស់ក្រុមហ៊ុនឧស្សាហកម្មបានធ្លាក់ចុះ ២,៣ ភាគរយ។
ក្រសួងសេដ្ឋកិច្ចបានឲ្យដឹងនៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយថា៖ «ក្រុមហ៊ុនឧស្សាហកម្មកំពុងយកដំណោះស្រាយរង់ចាំមើលដោយសារតែការអភិវឌ្ឍដំណើរការយឺតនៃទីផ្សារពិភពលោក»។
បើសម្លឹងទៅមើលព័ត៌មានលម្អិតនៅក្នុងក្រុមហ៊ុនឧស្សាហកម្ម ផលិតកម្មរបស់ក្រុមហ៊ុនផលិតបានធ្លាក់ចុះ ០,៨ ភាគរយខណៈទំនិញផលិតកម្មបានខាតបង់ ៣,៦ ភាគរយ និងទំនិញប្រើប្រាស់ ២,៦ ភាគរយ។
លោក Carsten Brzeski អ្នកវិភាគនៅធនាគារ ING Diba បានឲ្យដឹងថា៖ «ការធ្លាក់ចុះខ្លាំងនេះនឹងធ្វើឲ្យបារម្ភអំពីការធ្លាក់ចុះបន្ថែមទៀតនៃសេដ្ឋកិច្ចរបស់ប្រទេសអាល្លឺម៉ង់»។
លោកបានចង្អុលបង្ហាញទៅនិន្នាការធ្លាក់ចុះនេះ «បានចាប់ផ្ដើមរយៈពេលយូរមកហើយមុនពេលការស្ទង់មតិរបស់ប្រទេសអង់គ្លេស (កាលពីខែមិថុនា) ប៉ុន្តែច្បាស់ណាស់ការបោះឆ្នោត Brexit គួរតែជាកត្តាជំរុញមួយក្នុងចំណោមកត្តាជំរុញសំខាន់ៗជាច្រើន»។
លោកបានបន្តដោយកត់សម្គាល់ពីផលប៉ះពាល់ដោយសារតែសកម្មភាពកាន់តែខ្សោយនៅក្នុងប្រទេសចិន និងការជម្នះដែលកំពុងកើតឡើងនៅក្នុងតំបន់ចាយប្រាក់អឺរ៉ូលើការនាំចេញរបស់ប្រទេសអាល្លឺម៉ង់ថា៖ «ទិន្នន័យផលិតកម្មរបស់ឧស្សាហកម្មនៅពេលបច្ចុប្បន្នផ្ដល់ភ័ស្ដុតាងបន្ថែមទៀតថាសេដ្ឋកិច្ចរបស់ប្រទេសអាល្លឺម៉ង់កំពុងពឹងខ្លាំងឡើងៗលើតម្រូវការក្នុងស្រុក»។
ទិន្នន័យលើការបញ្ជាទិញនៅក្នុងខែកក្កដាដែលបានចេញផ្សាយកាលពីថ្ងៃអង្គារបានបង្ហាញពីការកើនឡើងបន្តិច ០,២ ភាគរយប៉ុណ្ណោះដែលទាបជាងបន្តិចធៀបនឹងការព្យាកររបស់ក្រុមអ្នកវិភាគនៅ Factset៕ LA


