ក្រុងសេអ៊ូលៈ កំណើនសេដ្ឋកិច្ចកូរ៉េខាងត្បូងបានកើនឡើងនៅត្រីមាសទីមួយក្នុងឆ្នាំនេះ ធៀបនឹងត្រីមាសទីបួននៅពេលដែលសេដ្ឋកិច្ចរបស់ប្រទេសនេះបានកើនឡើងក្នុងកម្រិតទាបបំផុតគិតចាប់តាំងពីឆ្នាំ២០០៩ មក។
ធនាគារកណ្តាលកូរ៉េបានឲ្យដឹង កាលពីថ្ងៃព្រហស្បតិ៍ថា កំណើន ផ.ស.ស បានកើនឡើង ០,៨ ភាគរយ នៅត្រីមាសទីមួយធៀបនឹងត្រីមាសទីបួន កាលពីឆ្នាំមុន ពោលគឺមិនត្រូវគ្នាទៅនឹងការព្យាករជាមធ្យមរបស់សេដ្ឋវិទូដែលស្ថិតក្នុងការអង្កេតរបស់ទីភ្នាក់ងារព័ត៌មាន Bloomberg ដែលថា កំណើន ផ.ស.ស នៅត្រីមាសទីមួយអាចនឹងសម្រេចបានត្រឹមតែ ០,៦ ភាគរយ។ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន សេដ្ឋកិច្ចប្រទេសសម្រេចបានកំណើន ២,៤ ភាគរយ។
ធនាគារកណ្តាលកូរ៉េបានទម្លាក់ការព្យាករពីកំណើន ផ.ស.ស របស់ខ្លួនសម្រាប់ឆ្នាំនេះ មកនៅត្រឹម ៣,១ ភាគរយ ខណៈលោក Lee Ju Yeol ទេសាភិបាលធនាគារកណ្តាលកូរ៉េ រង់ចាំមើលអត្ថប្រយោជន៍នៃការទម្លាក់អត្រាការប្រាក់ចំនួន ៣ ដងគិតចាប់តាំងពីខែសីហាមក ដើម្បីជំរុញកំណើនសេដ្ឋកិច្ច។
លោក Choi Kyung Hwan រដ្ឋមន្ត្រីហិរញ្ញវត្ថុកូរ៉េបានប្រាប់សភាកូរ៉េកាលពីសប្តាហ៍មុនថា រដ្ឋាភិបាលនឹងពិចារណាលើវិធានការជំរុញកំណើនសេដ្ឋកិច្ចនៅឆមាសទីពីរក្នុងឆ្នាំនេះ បើចាំបាច់។
លោក Kang Hyun Gu សេដ្ឋវិទូប្រចាំក្រុមហ៊ុន Taurus Investment Securities Co នៅទីក្រុងសេអ៊ូលបានឲ្យដឹងបន្ទាប់ពីសេចក្តីប្រកាសព័ត៌មាននេះថា៖ «វាមិនអាចចាត់ទុកថាជាការស្ទុះងើបឡើងវិញប្រកបដោយស្ថិរភាពនៅឡើយទេ»។
លោកបន្តថា៖ «ធនាគារកណ្តាលកូរ៉េ នឹងពិចារណាទម្លាក់អត្រាការប្រាក់ទៀតនៅឆ្នាំនេះ បើការចំណាយក្នុងស្រុកពុំអាចធ្វើឲ្យសេដ្ឋកិច្ចមានភាពប្រសើរឡើងវិញបាននោះ ហើយរដ្ឋាភិបាលពុំគាំទ្រឲ្យប្រើប្រាស់គោលនយោបាយសារពើពន្ធទេ»។
យោងតាមទិន្នន័យកាលពីថ្ងៃម្សិលមិញបានបង្ហាញថា តម្រូវការប្រើប្រាស់ឯកជន បានកើនឡើង ០,៦ភាគរយ ធៀបនឹងត្រីមាសទីបួន ខណៈ កំណើនចំណាយរដ្ឋាភិបាលមិនប្រែប្រួលទេដោយស្ថិតនៅអត្រា ០,២ ភាគរយដដែល។ ការសាងសង់បានកើនឡើង ៧,៥ភាគរយ បន្ទាប់ពីបានធ្លាក់ចុះ ៧,៨ភាគរយនៅត្រីមាសទីបួនកាលពីឆ្នាំមុន។
ក្រសួងពាណិជ្ជកម្មកូរ៉េបានឲ្យដឹងកាលពីថ្ងៃទី ១៥ ខែមេសា ថាការនាំចេញនឹងធ្លាក់ចុះមួយរយៈ ដោយសារផលប៉ះពាល់ជាអវិជ្ជមានពីតម្លៃប្រេងទាបមានច្រើនជាងផលប៉ះពាល់ជាវិជ្ជមាន។ ការនាំចេញបានធ្លាក់ចុះក្នុងរយៈពេល ៣ខែដំបូងនៅក្នុងឆ្នាំនេះ៕ BP


