ក្រុងវ៉ាស៊ីនតោនៈ សេដ្ឋកិច្ចពិភពលោកកំពុងស្ទុះងើបឡើងវិញ តែមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កាលពីថ្ងៃពុធបានរំឭកថាមេដឹកនាំក្រុមប្រទេស G20 ត្រូវចាត់វិធានការដោះស្រាយហានិភ័យមួយចំនួនដែលនៅតែជាកត្តាគំរាមកំហែងចំពោះកំណើនសេដ្ឋកិច្ចសកលនេះ។
មុនកិច្ចប្រជុំមេដឹកនាំក្រុមប្រទេស G20 នៅសប្តាហ៍នេះនាទីក្រុង Hamburg លោកស្រី Christine Lagarde ប្រធានមូលនិធិ IMF បានឲ្យដឹងថាទំនុកចិត្តចំពោះស្ថានភាពសេដ្ឋកិច្ចកើនឡើងខ្ពស់បន្តិចហើយ ដោយសារការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចរយៈពេល ១ ឆ្នាំមកនេះ។
យ៉ាងនេះក្តីលោកស្រី Lagarde បានឲ្យដឹងនៅក្នុងសារបង្ហោះលើគេហទំព័រផ្ទាល់ខ្លួនមួយថា៖ «វាគួរតែជាសុទិដ្ឋិនិយមដ៏ប្រុងប្រយ័ត្ន។ កិច្ចខិតខំប្រឹងប្រែងផ្នែកគោលនយោបាយនៅតែជាកត្តាចាំបាច់ដើម្បីពង្រឹងការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ច និងបង្កើនសេដ្ឋកិច្ចរួមបញ្ចូលគ្នាកាន់តែខ្លាំង»។
នៅក្នុងការអធិប្បាយរបស់លោកស្រីស្តីពីរបាយការណ៍ដែលមូលនិធិ IMF បានរៀបចំសម្រាប់ក្រុមប្រទេស G20 លោកស្រី Lagarde បានជំរុញឲ្យមានវិធានការដោះស្រាយបញ្ហាមួយចំនួនដូចជាបំណុលក្រុមហ៊ុនខ្ពស់នៅតាមប្រទេសដែលមានទីផ្សារកំពុងអភិវឌ្ឍន៍ខ្លាំង ជាពិសេសនៅប្រទេសចិន កំណើនផលិតភាពទាប និងភាពមិនប្រាកដប្រជាផ្នែកគោលនយោបាយនៅសហរដ្ឋអាមេរិក។
លោកស្រីមានប្រសាសន៍បន្តថា៖ «បើទុកចោល ក្តីបារម្ភទាំងនេះអាចក្លាយជាគ្រឿងផ្សំចំពោះវិបត្តិហិរញ្ញវត្ថុភ្លាមៗ នៅពេលដែលសេដ្ឋកិច្ចពិភពលោកបន្តប្រឈមនឹងបញ្ហាមួយចំនួនក្នុងរយៈពេលកាន់តែយូរ»។
ដោយបានលើកឡើងបន្ថែមចំពោះក្តីបារម្ភអំពីចំនួនប្រជាជនដែលឈានចូលវ័យចំណាស់ និងវិសមភាពសេដ្ឋកិច្ចដែលកំពុងកើនឡើងខ្លាំងនោះបញ្ហាប្រឈមទាំងនេះនឹងដាក់សម្ពាធលើកំណើនប្រកបដោយសក្តានុពល ដោយបានធ្វើឲ្យមានការលំបាកកាន់តែខ្លាំងក្នុងការបង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅ»។
«របាយការណ៍ឃ្លាំមើល» របស់មូលនិធិ IMF បានឲ្យដឹងថានៅពេលដែលហានិភ័យចំពោះសេដ្ឋកិច្ចសកលក្នុងរយៈពេលខ្លីមានតុល្យភាពកាន់តែខ្លាំងនោះហានិភ័យនៃការធ្លាក់ចុះសេដ្ឋកិច្ចនៅតែមានឥទ្ធិពលក្នុងរយៈពេលខ្លី»។
មូលនិធិ IMF បានឲ្យដឹងទៀតថា៖ «ពុំមានពេលវេលាឲ្យយើងឈរនៅស្ងៀមនោះទេ»។
មូលនិធិនេះបានបញ្ជាក់ថា៖ «ក្រុមអ្នកបង្កើតគោលនយោបាយ នឹងត្រូវតែចាត់វិធានការគោលនយោបាយពិតប្រាកដដើម្បីពង្រឹង និងរក្សានិរន្តរភាពការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ច ទន្ទឹមនឹងនោះដែរត្រូវធានាថាការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចនោះនឹងមានភាពរឹងមាំ មានតុល្យភាពល្អ និងកាន់តែរួមបញ្ចូលគ្នា»។
ការអធិប្បាយទាំងនោះបានលើកឡើងពីប្រធានបទមួយចំនួនដែលត្រូវបានលើកឡើងជាញឹកញាប់នៅក្នុងរបាយការណ៍ចក្ខុវិស័យសេដ្ឋកិច្ចសកលជាប្រចាំរបស់មូលនិធិនេះរួមទាំងនៅក្នុងរបាយការណ៍ប្រចាំសប្តាហ៍ថ្មីបំផុត កាលពីខែមេសា ដែលបានបង្ហាញពីហានិភ័យដែលបានបង្កឡើងដោយសារភាពមិនប្រាកដប្រជាផ្នែកគោលនយោបាយនៅសហរដ្ឋអាមេរិក និងនៅតាមប្រទេសផ្សេងទៀត។
មូលនិធិ IMF បានរំឭកទៀតថា៖ «ទោះជាហានិភ័យទាក់ទងនឹងការបោះឆ្នោតបានធ្លាក់ចុះក្តីក៏ភាពមិនប្រាកដប្រជាផ្នែកនយោបាយនៅតែមានកម្រិតខ្ពស់ ហើយអាចកើនឡើងបន្ថែមទៀតដែលឆ្លុះបញ្ចាំងឲ្យឃើញពីបទប្បញ្ញត្តិ និងគោលនយោបាយរបស់អាមេរិកដែលពិបាកព្យាករ ការចរចាអំពីការរៀបចំក្រោម Brexit ឬហានិភ័យភូមិសាស្ត្រនានា»៕ BP


