ភ្នំពេញៈ Jimei International Entertainment Group ដែលជាវិនិយោគិនដំណើរកម្សាន្តសម្រាប់អ្នកលេងល្បែងមានប្រាក់ច្រើនចុះបញ្ជីនៅទីក្រុងហុងកុងដែលបានផ្សព្វផ្សាយពីការលេងល្បែងយ៉ាងហោចណាស់ ៧ តុនៅក្នុងកាស៊ីណូ NagaWorld នៅទីក្រុងភ្នំពេញរាយការណ៍ការធ្លាក់ចុះប្រាក់ចំណូលខ្លាំងនៅឆមាសទី ១ ឆ្នាំ ២០១៦។
ប្រាក់ចំណេញសុទ្ធរបស់ក្រុមហ៊ុនបានធ្លាក់ចុះមកនៅត្រឹម ៣,៧ លានដុល្លារក្នុងអំឡុងរយៈពេល ៦ ខែឆ្នាំនេះដែលធ្លាក់ចុះ ៤៦ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទន្ទឹមនឹងនេះប្រាក់ចំណូលកើនឡើងដល់ ១៧,១ លានដុល្លារក្នុងអំឡុងឆមាសទី ១ កើនឡើង ១៨ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ក្រុមហ៊ុន Jimei បានឲ្យដឹងនៅក្នុងឯកសារផ្ញើទៅផ្សារហ៊ុនហុងកុងកាលពីថ្ងៃសុក្រថាប្រាក់ចំណេញកាន់តែទាបដោយសារការចំណាយហិរញ្ញវត្ថុកើនឡើង។
របាយការណ៍បានបន្តថា ការចំណាយទាំងនេះបានកើនឡើង ១០ ដងដល់ ៤,១ លានដុល្លារនៅក្នុងអំឡុងឆមាសទី ១ ឆ្នាំ ២០១៦ ធៀបនឹងឆ្នាំមុន។
ក្រុមហ៊ុន Jimei បានជំរុញយ៉ាងខ្លាំងនៅក្នុងដំណើរកម្សាន្ត និងពាណិជ្ជកម្មល្បែងចាប់តាំងពីលោក Jack Lam វិនិយោគិនដំណើរកម្សាន្តសម្រាប់អ្នកលេងល្បែងមានប្រាក់ច្រើនជើងចាស់មានមូលដ្ឋាននៅទីក្រុងម៉ាកាវ និងសហការីរបស់លោកបានទទួលការគ្រប់គ្រងលើការវិនិយោគកាលពីចុងឆ្នាំ ២០១៤។
កាលពីឆ្នាំមុន ក្រុមហ៊ុននេះសម្រេចបានកិច្ចព្រមព្រៀងដំណើរកម្សាន្តសម្រាប់អ្នកលេងល្បែងមានប្រាក់ច្រើនជាមួយកាស៊ីណូ Crown Perth និងកាស៊ីណូ The Star នៅក្នុងប្រទេសអូស្ត្រាលី និងកាស៊ីណូ NagaWorld នៅក្នុងប្រទេសកម្ពុជា។
ក្រុមហ៊ុននេះបានឲ្យដឹងថាខ្លួននឹងបន្តក្នុងការស្វែងរកលទ្ធភាពនៃការពង្រីកពាណិជ្ជកម្មរបស់ខ្លួនបន្ថែមទៀត៕ LA

