ភ្នំពេញៈ បន្ទាប់ពីដំណើរការបានរយៈពេលពីរឆ្នាំមកធនាគារស្រូវកម្ពុជាត្រូវការទុនបន្ថែម ៧០ លានដុល្លារសម្រាប់រយៈពេល ៥ ឆ្នាំទៅមុខទៀតដើម្បីឆ្លើយតបតម្រូវការកម្ចីនៅឧស្សាហកម្មស្រូវអង្ករ។ នេះបើតាមលោក ភូ ពុយ អគ្គនាយកធនាគារស្រូវ។
ធនាគារស្រូវកម្ពុជាដែលមានទីតាំងក្នុងខេត្តបាត់ដំបងបានបើកដំណើរការកាលពីខែសីហា ឆ្នាំ ២០១៤ ដោយចាប់ផ្តើមទុនដំបូង ៧ លានដុល្លារ និងទទួលបានស្រូវដាក់បញ្ចាំចំនួន ២០ ០០០ តោន។ នេះបើតាមលោក ភូ ពុយ។
លោកបន្តថានៅឆ្នាំ ២០១៥ ធនាគារនេះមានទុន ១៣ លានដុល្លារ និងអាចទទួលស្រូវបានចំនួន ៣៧ ០០០ តោន។ លោកថ្លែងថា៖ «អតិថិជនភាគច្រើនរបស់យើងសួររកកម្ចីបន្ថែមទៀតប៉ុន្តែទុនរបស់យើងមានកម្រិត និងខ្វះខាត»។ លោកបន្ថែមថាទុនរបស់ធនាគារនេះមិនគ្រប់គ្រាន់សម្រាប់តម្រូវការរបស់រោងម៉ាស៊ីនស្រូវទេ។
លោកបញ្ជាក់ថា៖ «យើងមានទុននៅមានកម្រិត និងកង្វះខាតសម្រាប់ការផ្គត់ផ្គង់ដល់តម្រូវការរបស់រោងម៉ាស៊ីនស្រូវ»។ លោកបន្តថារយៈពេលដាក់បញ្ចាំមាន ១០ ខែហើយអត្រាការប្រាក់ ១ ភាគរយហើយបន្ទាប់ពីរយៈពេលនេះហើយធនាគារនេះនឹងបញ្ចេញស្រូវទាំងនេះ។
លោកបន្តថា៖ «យើងទទួលស្រូវ ឬជាស្រូវដាក់បញ្ចាំហើយយើងផ្ដល់ទុន ៨០ ភាគរយនៃតម្លៃស្រូវពិតប្រាកដ»។ លោកបានបន្ថែមថាក្នុងរយៈពេល ២ ឆ្នាំនេះមានរោងម៉ាស៊ីនស្រូវ ១៦ និងកសិករ ១០ ក្រុមបានយកស្រូវមកដាក់បញ្ចាំ។
លោកលើកឡើងថា៖ «រោងម៉ាស៊ីនស្រូវភាគច្រើនត្រូវការទុនសម្រាប់ដំណើរការអាជីវកម្មរបស់ពួកគេហើយដើម្បីឆ្លើយតបតាមតម្រូវការរបស់ពួកគេធនាគារនេះត្រូវការទុន ៧០ លានដុល្លារសម្រាប់រយៈពេល ៥ ឆ្នាំខាងមុខ»។
លោកបន្តថាភាគច្រើនរោងម៉ាស៊ីនស្រូវ និងកសិករគឺមកពីខេត្តជាប់ខេត្តបាត់ដំបង។
ធនាគារស្រូវដើរតួនាទីដ៏សំខាន់នៅក្នុងឧស្សាហកម្មស្រូវអង្ករ។ នេះបើយោងតាមលោក ហ៊ុន ឡាក់ អនុប្រធានសហព័ន្ធស្រូវអង្ករ។ លោកបន្ថែមថាធនាគារស្រូវគឺជួយមួយផ្នែកដល់ឧស្សាហកម្មស្រូវអង្ករនឹងស្នើឲ្យធនាគារអភិវឌ្ឍន៍ជនបទគាំទ្រដល់ធនាគារនេះ។
លោកបញ្ជាក់ថា៖ «បច្ចុប្បន្នវាជួយមួយផ្នែកដល់ឧស្សាហកម្មស្រូវអង្ករតែប៉ុណ្ណោះបើធនាគារស្រូវត្រូវការថវិកាបន្ថែមសម្រាប់ការពង្រីកពួកគេគួរតែមកពិភាក្សាជាមួយសហព័ន្ធស្រូវអង្ករកម្ពុជាដើម្បីស្នើសុំហិរញ្ញវត្ថុពីធនាគារអភិវឌ្ឍន៍ជនបទ»។
លោក គឹម សុផាន់ណា ទីប្រឹក្សាជាន់ខ្ពស់នៅអង្គការកសិកម្ម សេដាក បានឲ្យដឹងថាធនាគារស្រូវជាផ្នែកមួយដ៏សំខាន់សម្រាប់ការជួយដល់កសិករនៅពេលជួបការពិបាកណាមួយផ្នែកហិរញ្ញវត្ថុ។
លោកលើកឡើងថា៖ «ធនាគារស្រូវជាកន្លែងដែលកសិករអាចប្រើប្រាស់ស្រូវរបស់ពួកគេដើម្បីប្តូរប្រាក់នៅពេលពួកគេមានបញ្ហាផ្នែកហិរញ្ញវត្ថុដែលប្រសើរជាងការលក់ក្នុងតម្លៃទាប»។
លោកបន្តថា៖ «ហើយធនាគារនេះផ្ដល់ឱកាសដល់កសិករក្នុងការយកស្រូវត្រឡប់ទៅវិញនៅពេលតម្លៃស្រូវកំពុងកើនឡើង និងដើម្បីការពារលំហូរស្រូវចេញពីសហគមន៍របស់ពួកគេផងដែរ»៕ LA


