ភ្នំពេញៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីម្សិលមិញបានព្យាករថា កម្ពុជានឹងមានកំណើនសេដ្ឋកិច្ច៧ភាគរយនៅឆ្នាំ២០១៧នេះ ជាអត្រាកំណើនដូចគ្នានឹងឆ្នាំមុនដែរ ដោយសារការរួមចំណែកពីការងើបឡើងវិញនៃវិស័យកសិកម្ម បើទោះបីជាកំណើននៃវិស័យឧស្សាហកម្មបានថមថយបន្តិចក៏ដោយ។
ការព្យាកររបស់រដ្ឋាភិបាលមិនខុសគ្នាច្រើនពីការព្យាកររបស់ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិជាច្រើនឡើយ។ របាយការណ៍ពិនិត្យឡើងវិញ និងចក្ខុវិស័យសម្រាប់ ២០១៧ របស់ធនាគារពិភពលោក ដែលបានចេញផ្សាយកាលពីដើមខែនេះព្យាករថា កម្ពុជានឹងទទួលបានកំណើនសេដ្ឋកិច្ច ៦,៩ ភាគរយ។
ថ្លែងក្នុងវេទិកាស្តីពី ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងថវិកាឆ្នាំ ២០១៧ កាលពីម្សិលមិញ លោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា ការរក្សាបានកំណើនសេដ្ឋកិច្ច ៧ ភាគរយក្នុងមួយឆ្នាំក្នុងស្ថានភាពមិនច្បាស់លាស់នៃដំណើរការសេដ្ឋកិច្ចពិភពលោកនាពេលនេះគឺជាការសម្រេចបានដ៏ល្អ ខណៈកម្ពុជាបានដាក់ចេញគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចដ៏ប្រុងប្រយ័ត្ន។
លោកបន្តថា៖ «អាទិភាពសំខាន់នាពេលនេះគឺរក្សាឲ្យបានកំណើន៧ភាគរយនេះបន្តឲ្យយូរទៀត ហើយប្រើប្រាស់សមិទ្ធផលនេះឲ្យល្អដើម្បីទ្រទ្រង់កំណើនរយៈពេលវែងទៀត ហើយឲ្យប្រជាជនបានទទួលផលពីកំណើននេះកាន់តែច្រើនទៅៗ»។
តាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច កម្ពុជារំពឹងថានឹងមានទំហំសេដ្ឋកិច្ចសរុប (ផលិតផលក្នុងស្រុកសរុប GDP) ជាទឹកប្រាក់ ២២,២១ ពាន់លានដុល្លារនៅឆ្នាំ ២០១៧ នេះ ដោយកើនពីទំហំប្រមាណ ២០,០៩ ពាន់លានដុល្លារកាលពីឆ្នាំ ២០១៦។
របាយការណ៍ដដែលបង្ហាញថា វិស័យកសិកម្មអាចនឹងសម្រេចបានកំណើនប្រមាណ ១,៩៦ ភាគរយ ដែលកើនឡើងបន្តិចពីឆ្នាំ ២០១៦ ដោយសារការបង្កើនការចំណាយរបស់រដ្ឋាភិបាលដើម្បីគាំទ្រវិស័យនេះ ប៉ុន្តែវិស័យឧស្សាហកម្មនឹងមានកំណើនថមថយបន្តិចដោយ ធ្លាក់ចុះពី ១០,៧៤ ភាគរយ កាលពីឆ្នាំ ២០១៦ មកត្រឹម ១០,៦៦ ភាគរយនៅឆ្នាំនេះវិញ ដោយសារកំណើនយឺតនៃវិស័យសំណង់។ វិស័យសេវាកម្មវិញ រំពឹងថានឹងមានកំណើនប្រមាណ ៦,២៩ ភាគរយនៅឆ្នាំនេះជាអត្រាកំណើនដែលមានភាពថមថយបន្តិចពី ៦,៤៨ ភាគរយពីកាលពីឆ្នាំមុន ដោយសារការធ្លាក់ចុះនៃវិស័យអចលនទ្រព្យ។
ទន្ទឹមនឹងការលើកឡើងពីស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ ២០១៧ នេះ កិច្ចពិភាក្សាក៏បានបង្ហាញជាក្តីបារម្ភទាក់ទឹននឹងហានិភ័យក្រៅប្រទេសមួយចំនួនដែលកត្តាទាំងនោះសុទ្ធសឹងអាចប៉ះពាល់ដល់ការព្យាករកំណើនសេដ្ឋកិច្ចរបស់កម្ពុជានៅឆ្នាំនេះ។ ហានិភ័យក្រៅប្រទេសនាឆ្នាំ ២០១៧ នេះរួមមាន ការឡើងថ្លៃប្រាក់ដុល្លារដែលអាចប៉ះពាល់ដល់ភាពប្រកួតប្រជែងក្នុងការនាំចេញទំនិញរបស់កម្ពុជា ដោយកម្ពុជាជាប្រទេសប្រើប្រាស់ប្រាក់ដុល្លារ ការកើនឡើងតម្លៃប្រេងនៅលើទីផ្សារអន្តរជាតិ ការចាកចេញរបស់ចក្រភពអង់គ្លេសពីសហភាពអឺរ៉ុប និងការថមថយកំណើនសេដ្ឋកិច្ចចិន។
កំណើនសេដ្ឋកិច្ចក៏បានឆ្លុះបញ្ចាំងតាមរយៈលំហូរចូលវិនិយោគផ្ទាល់ពីបរទេស FDI ផងដែរ។
របាយការណ៍ប្រចាំឆ្នាំរបស់ធនាគារជាតិនៃកម្ពុជាចេញផ្សាយកាលពីថ្ងៃអាទិត្យបង្ហាញថា នៅឆ្នាំ ២០១៦ លំហូរ FDI មកកម្ពុជាបានកើនឡើង២៥ភាគរយរហូតដល់ ២ ១៥៥លានដុល្លារ បើធៀបនឹងឆ្នាំ ២០១៥។
របាយការណ៍បង្ហាញថា ប្រភពទុនពីអាស៊ីមាន៨២ភាគរយ ក្នុងនោះពីចិនមានច្រើនជាងគេរហូតដល់ ៥១១ លានដុល្លារ ហុងកុង ឈរលំដាប់ទី២ មាន ២៣៧ លានដុល្លារ និងវៀតណាម ស្ថិតនៅក្នុងលំដាប់ទី ៣ ដែលមាន ១៩២ លានដុល្លារ។
របាយការណ៍បង្ហាញថា ក្នុងចំណោមវិស័យជាច្រើន វិស័យហិរញ្ញវត្ថុមានចំណែករហូតដល់២៥ភាគរយ ដែលមានទឹកប្រាក់ ៥៣៩លានដុល្លារ តាមពីក្រោយដោយវិស័យរោងចក្រមាន ៣៩០ លានដុល្លារ និងអចលនទ្រព្យ ៣៧០ លានដុល្លារ។
លោក ឈាង វណ្ណារិទ្ធ ប្រធាននាយកដ្ឋានគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និង សារពើពន្ធនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានលើកឡើងថា សេដ្ឋកិច្ចចិនតំណាង ១ ភាគ ៣ នៃសេដ្ឋកិច្ចពិភពលោក ហើយការធ្លាក់ចុះសេដ្ឋកិច្ចប្រទេសនេះអាចបង្កជាការបារម្ភដល់ប្រទេសផ្សេងៗរួមទាំងកម្ពុជាដែលពឹងផ្អែកខ្លាំងលើការធ្វើពាណិជ្ជកម្មជាមួយចិន។
លោកបានថ្លែងថា៖ «ការថមថយនៃសេដ្ឋកិច្ចចិនអាចប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជាជាពិសេសវិស័យពាណិជ្ជកម្ម និង ហិរញ្ញវត្ថុ។ ការងើបឡើងវិញនៃតម្លៃប្រេងក៏នឹងប៉ះពាល់ដល់តម្លៃទំនិញលើទីផ្សារ ហើយនឹងប៉ះពាល់ដល់ប្រទេសនាំចូលប្រេងដូចជាកម្ពុជា»៕


