ក្រុងសិង្ហបុរីៈ មូលនិធិរដ្ឋសិង្ហបុរី GIC នឹងទិញយកភាគហ៊ុនចំនួន ៧,៧ ភាគរយនៅក្នុងធនាគារធំជាងគេរបស់ប្រទេសវៀតណាម។ នេះបើយោងតាមសេចក្តីថ្លែងការណ៍រួមរបស់ក្រុមហ៊ុនទាំងពីរកាលពីថ្ងៃចន្ទ។
ក្រុមហ៊ុន GIC បានចុះអនុស្សរណៈយោគយល់មួយដើម្បីទិញយកភាគហ៊ុនថ្មីក្នុងតម្លៃ ៣០៥,៨ លានរបស់ធនាគារ Vietcombank ពោលគឺជាការវិនិយោគផ្ទាល់ដ៏ធំជាលើកដំបូងរបស់មូលនិធិមួយនេះក្នុងធនាគារពាណិជ្ជរបស់វៀតណាម។
លោក Tran Dai Quang ប្រធានធនាគារវៀតណាមមួយនេះដែលកំពុងធ្វើទស្សនកិច្ចនៅសិង្ហបុរីបានធ្វើជាសាក្សីក្នុងពិធីចុះកិច្ចព្រមព្រៀងនេះកាលពីថ្ងៃចន្ទដែលទីភ្នាក់ងារព័ត៌មាន Bloomberg បានព្យាករអាចនឹងមានតម្លៃប្រមាណ ៤០០ លានដុល្លារនៅក្នុងធនាគារដែលមានតម្លៃ ៦,៩ ពាន់លានដុល្លារ។
សេចក្តីថ្លែងការណ៍នេះបានបន្តឲ្យដឹងថាធនាគារ Vietcombank ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៦៣ គឺជាធនាគារធំជាងគេរបស់ប្រទេសវៀតណាមគិតតាមមូលធននីយកម្មទីផ្សារ។
លោក Pham Quang Dung នាយកប្រតិបត្តិធនាគារ Vietcombank បានប្រាប់ទីភ្នាក់ងារព័ត៌មាន Bloomberg ថាធនាគារមួយនេះក៏មានផែនការអនុញ្ញាតឲ្យក្រុមហ៊ុន Mizuho Financial Group របស់ជប៉ុនទិញយកភាគហ៊ុនបន្ថែមទៀតផងដែរដើម្បីរក្សាការកាន់កាប់ភាគហ៊ុនចំនួន ១៥ ភាគរយរបស់ខ្លួន។
កាលពីឆ្នាំ ២០១១ ធនាគារធំរបស់ជប៉ុនមួយនេះបានចំណាយថវិកាជិត ៥៧០ លានដុល្លារដើម្បីទិញយកភាគហ៊ុនរបស់ធនាគារវៀតណាមមួយនេះ។
លោក Amit Kunal ប្រធានផ្នែកវិនិយោគផ្ទាល់ប្រចាំតំបន់អាស៊ីអាគ្នេយ៍ផ្នែកមូលបត្រឯកជន និងហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមហ៊ុន GIC មានប្រសាសន៍ថា៖ «ការវិនិយោគនេះឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់យើងចំពោះសក្តានុពលកំណើនរយៈពេលវែងនៅវៀតណាម»។
លោក Nghiem Xuan Thanh ប្រធាន (Chairman) ធនាគារ Vietcombank ថ្លែងថា៖ «កេរ្តិ៍ឈ្មោះ និងបទពិសោធច្រើនរបស់ក្រុមហ៊ុន GIC នឹងផ្តល់ការគាំទ្រដល់ Vietcombank ដើម្បីសម្រេចបានគោលដៅហិរញ្ញវត្ថុ និងពាណិជ្ជកម្មរបស់ខ្លួនទាំងនៅក្នុងស្រុក និងឆាកអន្តរជាតិ»។
កិច្ចព្រមព្រៀងនេះកំពុងរង់ចាំការអនុម័តនិយតកម្មហើយអាចបញ្ចប់នៅចុងឆ្នាំនេះ៕ BP


