ក្រុងប៉េកាំងៈ ប្រទេសចិនបានឲ្យដឹងកាលពីថ្ងៃចន្ទថា ការចរចាពាណិជ្ជកម្មជាមួយអាមេរិក «មិនអាចទៅរួចទេ» ស្ថិតក្រោមលក្ខខណ្ឌបច្ចុប្បន្ននេះ។
ការលើកឡើងនេះធ្វើឡើងបន្ទាប់ពីលោក ដូណាល់ ត្រាំ បានសរសេរលើធ្វីធើរកាលពីថ្ងៃអាទិត្យថា លោកបានមើលឃើញការបញ្ចប់ជម្លោះពាណិជ្ជកម្មនេះ។
លោក Geng Shuang អ្នកនាំពាក្យក្រសួងការបរទេសបានប្រាប់អ្នកយកព័ត៌មានក្នុងអំឡុងសេចក្ដីប្រកាសព័ត៌មានទៀងទាត់មួយថា៖ «រហូតមកដល់ពេលនេះមន្ដ្រីប្រទេសចិន និងអាមេរិកមិនបានរៀបចំការចរចាណាមួយពីជម្លោះពាណិជ្ជកម្មនេះទេ។ លោកបន្ថែមថា៖ «ស្ថិតក្រោមលក្ខខណ្ឌបច្ចុប្បន្ន វាមិនអាចទៅរួចទេសម្រាប់ភាគីទាំង ២ ក្នុងការមានការចរចាស្ដីពីជម្លោះនេះ» លោក ត្រាំ បានបង្ហោះសារក្នុងបណ្តាញសង្គមធ្វីធើរថា៖ «ប្រទេសចិននឹងលុបចោលរបាំងពាណិជ្ជកម្មរបស់ខ្លួនដោយសារវាគឺជារឿងត្រឹមត្រូវដែលត្រូវធ្វើ»។
លោកបន្តថាលោក និងលោកប្រធានាធិបតីចិន ស៊ី ជីនភីង «នឹងជាមិត្តល្អជានិច្ចមិនថាមានអ្វីកើតឡើងដោយសារជម្លោះរបស់យើងស្តីពីពាណិជ្ជកម្មនោះទេ»។
ភាគហ៊ុនរបស់អាមេរិកបានធ្លាក់ចុះជាង ២ ភាគរយកាលពីថ្ងៃសុក្រ បន្ទាប់ពីលោក ត្រាំ បានព្រមានអំពីអត្រាពន្ធលើទំនិញនាំចូលរបស់ចិនតម្លៃ ១០០ ពាន់លានដុល្លារបន្ថែមទៀតមកដោយបានជំរុញឲ្យមានការឆ្លើយតបយ៉ាងមុតមាំមួយពីសំណាក់រដ្ឋាភិបាលក្រុងប៉េកាំង និងបង្កឲ្យមានការភ័យខ្លាចពីសង្គ្រាមពាណិជ្ជកម្ម។
ក្រុមវិនិយោគិនមិនប្រែប្រួលខ្លាំងដោយសារការលើកឡើងចុងក្រោយរបស់លោកប្រធានាធិបតីអាមេរិករូបនេះ និងដោយសារការឆ្លើយតបដ៏មុតមាំរបស់ប្រទេសចិនដែលបានសន្យាថា រដ្ឋាភិបាលក្រុងប៉េកាំងនឹងមិនឈរនៅស្ងៀមនោះទេរហូតដល់ចុងបញ្ចប់ទោះក្នុងតម្លៃណាក៏ដោយ»។
ទោះជាយ៉ាងនេះក្តី វិនិយោគិនពិភពលោកមួយចំនួនបានធូរស្រាលបន្តិចពីសញ្ញាដែលបង្ហាញថា រដ្ឋបាលរបស់លោក ត្រាំ នឹងចាត់វិធានការយ៉ាងហ្មត់ចត់។ ទន្ទឹមនឹងនោះដែរបានតវ៉ាទាមទារចរចាកិច្ចព្រមព្រៀងជាមួយប្រទេសចិន។
បន្ទាប់ពីការសម្រេចចិត្តរបស់លោក ត្រាំ កាលពីខែមីនាក្នុងការហូតពន្ធច្រើនលើការនាំចូលដែកថែប និងអាលុយមីញ៉ូមជាបឋមសំដៅចំពោះប្រទេសចិនមកកាលពីថ្ងៃអង្គារកន្លងទៅនេះសហរដ្ឋអាមេរិកបានចេញផ្សាយបញ្ជីមុខទំនិញចិនតម្លៃ ៥០ ពាន់លានដុល្លារដែលនឹងត្រូវជាប់ពន្ធដោយសារអ្វីដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនលើកឡើងថាគឺជាការលួចយ៉ាងទូលំទូលាយនូវកម្មសិទ្ធិបញ្ញា និងបច្ចេកវិទ្យារបស់អាមេរិក។
ប្រទេសចិនបានវាយបកវិញតាមរយៈការប្រកាសពីអត្រាពន្ធដែលបានគ្រោងទុកលើទំនិញនាំចេញសំខាន់ៗរបស់អាមេរិកតម្លៃ ៥០ ពាន់លានដុល្លារ រួមមាន សណ្តែកសៀង រថយន្ត និងយន្តហោះខ្នាតតូច៕ BP


