ក្រុងរីយ៉ាដៈ ប្រទេស អារ៉ាប៊ីសាអ៊ូឌីត រំពឹងថានឹងធ្វើឲ្យមានតុល្យភាពថវិការបស់ខ្លួនត្រឹមឆ្នាំ ២០២៣ ដោយសារតម្លៃប្រេងស្ទុះងើបឡើងវិញ ហើយប្រទេសរងផលប៉ះពាល់ដោយឱនភាពមួយនេះ ស្វែងរកការធ្វើពិពិធកម្មប្រាក់ចំណូល។
លោក Saad Alshahrani ប្រធាននាយកដ្ឋានគោលនយោបាយសារពើពន្ធរបស់ក្រសួងហិរញ្ញវត្ថុអារ៉ាប៊ីសាអ៊ូឌីត បានឲ្យដឹងក្នុងសេចក្ដីប្រកាសព័ត៌មានមួយដែលបានចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានផ្លូវការ Saudi Press Agency កាលពីថ្ងៃអាទិត្យថា៖ «ឱនភាពថវិកាត្រូវបានរំពឹងថា នឹងបន្តធ្លាក់ចុះជាបន្តបន្ទាប់ក្នុងរយៈពេលមធ្យម រហូតដល់វាសម្រេចបានតុល្យភាពសារពើពន្ធត្រឹមឆ្នាំ ២០២៣»។
អារ៉ាប៊ីសាអ៊ូឌីត ដែលជាប្រទេសនាំចេញប្រេងឈានមុខគេរបស់ពិភពលោក បានបង្ហាញឱនភាពថវិកាសរុបជាង ២៦០ ពាន់លានដុល្លារ (២២៥ លានអឺរ៉ូ) ចាប់ពីការធ្លាក់ចុះតម្លៃប្រេងកាលពីឆ្នាំ ២០១៤ មក។
ឱនភាពនេះបានធ្លាក់ចុះពី ៩,៣ ភាគរយនៃផលិតផលក្នុងស្រុកសរុបកាលពីឆ្នាំ ២០១៧ ពី ១៧,២ ភាគរយកាលពីឆ្នាំ ២០១៦។ នេះបើយោងតាមទិន្នន័យរបស់មូលនិធិរូបិយប័ណ្ណអន្តរជាតិ (IMF)។
លោក Alshahrani បានឲ្យដឹងថា រដ្ឋាភិបាលនឹងបន្តបិទបញ្ចប់គម្លាតថវិកានេះតាមរយៈ «កំណែទម្រង់រចនាសម្ព័ន្ធ» ដែលរួមមានការវាយតម្លៃជាថ្មីនូវការចំណាយរបស់រដ្ឋាភិបាល និងការធានាឲ្យប្រាកដថា ពលរដ្ឋរបស់អារ៉ាប៊ីសាអ៊ូឌីតកាន់តែច្រើនចូលទីផ្សារការងារ។
ប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានជំរុញយុទ្ធនាការដ៏ខ្លាំងមួយ ដើម្បីធ្វើពិពិធកម្មប្រភពប្រាក់ចំណូលរបស់ខ្លួន នៅក្នុងរយៈពេលជាច្រើនឆ្នាំថ្មីៗនេះ ដោយដំឡើងប្រាក់កម្រៃលើកម្មករបរទេស និងការបង្កើនតម្លៃប្រេងឥន្ធនៈ និងតម្លៃអគ្គិសនី។
ប្រទេសនេះកំពុងស្វែងរកការប្រើកម្លាំងពលកម្មក្នុងស្រុកជំនួសឲ្យការជួលជនបរទេសក្នុងគោលបំណងធ្វើឲ្យមានប្រាក់ថែរក្សាសុខភាពដល់ពលរដ្ឋរបស់ខ្លួន។
សេដ្ឋកិច្ចរបស់អារ៉ាប៊ីសាអ៊ូឌីតបានប្រែមកកាន់តែប្រសើរឡើងនៅឆមាសទី ១ ឆ្នាំ ២០១៨ ដោយសារតែប្រាក់ចំណូលបានកើនឡើង ៦៧ ភាគរយ ភាគច្រើនដោយសារតែការកើនឡើងតម្លៃប្រេង។
ប៉ុន្តែការចំណាយសាធារណៈបានកើនឡើង ៣៤ ភាគរយក្នុងរយៈពេលដូចគ្នា៕ AFP/LA

