ភ្នំពេញៈ ចំណូលបានពីពន្ធលើការផ្ទេរអចលនទ្រព្យ និងចំណូលសុរិយោដីឆ្នាំ ២០១៦ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ បានធ្លាក់ចុះគួរឲ្យកត់សម្គាល់ខណៈក្រសួងនេះបានប្រកាសថា ទុនវិនិយោគដែលបានអនុម័តក្នុងវិស័យសំណង់កើនឡើងដល់ ៨,៥ ពាន់លានដុល្លារ។
ចំណូលពន្ធលើការផ្ទេរអចលនទ្រព្យ និងចំណូលពីសុរិយោដី បានមកពីសកម្មភាពជាក់ស្តែងនៃការវិនិយោគលើវិស័យសំណង់ ដូច្នេះចំណូលទាបជាងមុននេះបង្ហាញថាសកម្មភាពវិនិយោគពិតប្រាកដលើវិស័យសំណង់ បានធ្លាក់ចុះកាលពីឆ្នាំ ២០១៦ ខណៈអ្នកជំនាញក្នុងឧស្សាហកម្មនេះ កាលម្សិលមិញ ក៏បានអះអាងស្រដៀងគ្នាថា សកម្មភាពសាងសង់ និង ការលក់ ក្នុងវិស័យនេះមិនខ្លាំងដូចឆ្នាំមុនៗឡើយ។
របាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងរៀបចំដែនដី ចេញផ្សាយកាលពីម្សិលមិញបានបង្ហាញថា ក្រសួងនេះប្រមូលបានចំណូលចំនួន ៧២ លានដុល្លារ កាលពីឆ្នាំ ២០១៦ ធ្លាក់ចុះ ២៥ ភាគរយធៀបនឹងឆ្នាំ២០១៥ ដែលមានជាង ៩០ លានដុល្លារ។
ក្នុងចំណោមចំណូលសរុប កាលពីឆ្នាំមុន ចំណូលបានពីការប្រមូលពន្ធលើការផ្ទេរអចលនទ្រព្យមាន ចំណែក ៨៥ ភាគរយ ដោយមានទឹកប្រាក់ ៦០,៧ លានដុល្លារ និង ចំនួននៅសល់ផ្សេងទៀតបានពីសុរិយោដី និង សេវាសំណង់ជាដើម។
លោក លី ឈួង អនុប្រធានសមាគមអ្នកសាងសង់កម្ពុជា (CCA) បានឲ្យដឹងថា តួលេខការប្រមូលប្រាក់ចំណូលនៅក្នុងវិស័យសំណង់ ប្រាប់ការពិតអំពីការសាងសង់ និងវិស័យអចលនទ្រព្យ កាលពីឆ្នាំ ២០១៦ ដែលសកម្មភាពមានតិចជាងកាលពីឆ្នាំ ២០១៥។
លោកថ្លែងថា៖ «ការប្រមូលពន្ធ មិនមែនប្រមូលបានតាមតួលេខនៅលើគម្រោងទេ គឺវាត្រូវប្រមូលតាមសកម្មភាពជាក់ស្តែង»។
លោកបានបន្តថា៖ «២០១៥ មានសកម្មភាពសំណង់ច្រើនជាងឆ្នាំ ២០១៦។ ឆ្នាំ ២០១៦ មិនមានខ្ពស់ដូចកាលពីឆ្នាំ ២០១៥ ទេ»។
ទោះបីយ៉ាងនេះក្តី លោកមានសុទិដ្ឋិនិយមថា កំណើនគម្រោងដែលអនុម័តនៅក្នុងវិស័យសំណង់កាលពីចុងឆ្នាំមុននឹងបង្កើតសកម្មភាពវិនិយោគច្រើននៅឆ្នាំនេះវិញ ហើយជាលទ្ធផលវានឹងបង្កើនប្រាក់ចំណូលក្នុងវិស័យនេះបានច្រើននៅឆ្នាំ ២០១៧ នេះឬនៅពីរ ទៅ បីឆ្នាំបន្ទាប់។
អ្នកនាំពាក្យ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេកាលពីម្សិលមិញ។
យោងតាមរបាយការណ៍ក្រសួងចេញផ្សាយកាលពីម្សិលមិញ ក្រសួងបានអនុម័តគម្រោងក្នុងវិស័យសំណង់សរុប ២ ៦៣៦ គម្រោងកាលពីឆ្នាំ២០១៦ មានតម្លៃជាទឹកប្រាក់ ៨,៥ពាន់លានដុល្លារ កើនឡើងស្ទើរមិនគួរឲ្យជឿពី ៣,៣ ពាន់លានដុល្លារ កាលពីឆ្នាំ ២០១៥។
របាយការណ៍ក្រសួងមិនបានបែងចែកប្រភេទគម្រោងវិនិយោគ ឬ វិនិយោគិនបរទេសក្នុងគម្រោងនីមួយៗឡើយ ប៉ុន្តែមន្ដ្រីក្រសួងបានប្រាប់ភ្នំពេញប៉ុស្ដិ៍នៅពេលថ្មីៗនេះថា គម្រោងអនុម័តភាគច្រើនរួមមានខុនដូ អាផាតមិន សណ្ឋាគារ អគារការិយាល័យ បុរី ព្រមទាំងមជ្ឈមណ្ឌលពាណិជ្ជកម្ម។
លោក គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានបញ្ជាក់ថាសកម្មភាពក្នុងវិស័យសំណង់បានធ្លាក់ចុះនៅឆ្នាំ២០១៦ ធៀបនឹងឆ្នាំ ២០១៥ ហើយលោកនៅតែមានមន្ទិលនៅឡើយ ពីទិន្នន័យទឹកប្រាក់វិនិយោគដែលប្រកាសថាមានជាង៨ពាន់លានដុល្លារនោះ។
លោកថា គម្រោងដែលមានទឹកប្រាក់ខ្ទង់ពាន់លានដុល្លារខ្លះគ្រាន់តែតួលេខប៉ុណ្ណោះ ហើយមានភាគរយតិចតួចបំផុតថា អាចមានសកម្មភាពពិតប្រាកដនោះ។
លោកថ្លែងថា៖ «សម្រាប់ខ្ញុំយើងនឹងសប្បាយចិត្តប្រសិនបើយើងមានថវិការ៨ពាន់លានហ្នឹងពិតមែននៅក្នុងឧស្សាហកម្មសំណង់ហ្នឹង ប៉ុន្តែអ្វីដែលខ្ញុំបារម្ភថាតើលុយជាក់ស្តែងដែលដាក់ចូលវិនិយោគហ្នឹងមានប៉ុន្មាន?»។
លោកបញ្ជាក់ថា៖ «ប្រសិនបើគម្រោងមានតែតួលេខ វាជារឿងមួយដែលយើងត្រូវប្រយ័ត្នវិញ ព្រោះថាទិន្នន័យដែលចេញមកវាល្អ តែលុយដែលបរទេសចូលជាក់ស្តែងវាមិនបានដូចអ៊ីចឹងទេ»។
លោកបានបញ្ជាក់ថា គម្រោងសាងសង់ធំៗបច្ចុប្បន្នមានដូចជា ផ្សារទំនើបអ៊ីអន គម្រោង The Bridge ដែលប្រកាសការវិនិយោគតែ ២០០ ទៅ ៣០០ លានដុល្លារប៉ុណ្ណោះ ហើយគម្រោងទាំងនេះបានលេចចេញជារូបរាងពិតប្រាកដ៕ LA

