ភ្នំពេញៈ ទីភ្នាក់ងារវាយតម្លៃចំណាត់ថ្នាក់ឥណទានពិភពលោក Moody’s Investors Services ឲ្យដឹងក្នុងរបាយការណ៍ខ្លួនថាកម្ពុជានៅរក្សាបានចំណាត់ថ្នាក់ B2 ដោយសារការគាំទ្រដោយកំណើនសេដ្ឋកិច្ចខ្លាំង និងបន្ទុកបំណុលមធ្យមរបស់ខ្លួន។
ប៉ុន្តែ Moody បានឲ្យដឹងថាវិស័យឧស្សាហកម្ម និងប្រាក់ចំណូលទាបកំពុងដាក់បន្ទុកលើភាពខ្លាំងសេដ្ឋកិច្ចជារួមរបស់កម្ពុជា។
Moody កត់សម្គាល់ឃើញថាល្បឿនយ៉ាងឆាប់រហ័សនៃកំណើនឥណទានក៏អាចបង្កឲ្យមានហានិភ័យដល់ស្ថិរភាពហិរញ្ញវត្ថុផងដែរ។
Moody បានព្យាករក្នុងរបាយការណ៍មួយដល់ក្រុមវិនិយោគិនថាកំណើនសេដ្ឋកិច្ចពិតប្រាកដរបស់កម្ពុជានឹងធ្លាក់ចុះមកនៅត្រឹម ៦,៨ ភាគរយក្នុងឆ្នាំ ២០១៦ បន្ទាប់ពីការកើនឡើង ៧ ភាគរយពីឆ្នាំ ២០១៥ ដោយលើកឡើងពីកត្តាខាងក្រៅដែលគេរំពឹងថានឹងកាត់បន្ថយលំហូរវិនិយោគបរទេស។
របាយការណ៍ឲ្យដឹងថា៖ «ការនាំចេញសម្លៀកបំពាក់ និងទេសចរណ៍ដែលជាកត្តាកំណើនដ៏សំខាន់ប្រឈមនឹងឧបសគ្គដោយសារតម្រូវការពិភពលោកចុះខ្សោយ»។ របាយការណ៍បន្តថា៖ «កំណើនសេដ្ឋកិច្ចយឺតនៅចិននឹងមានការជាប់ទាក់ទងអវិជ្ជមានដល់សេដ្ឋកិច្ចកម្ពុជាផងដែរដោយសារសារៈសំខាន់របស់ប្រទេសចិនជាប្រភពវិនិយោគ ពាណិជ្ជកម្ម និងកម្ចីសម្បទាន»។
Moody ក៏បានបញ្ជាក់ពីហានិភ័យក្នុងកំណើនឥណទានដ៏រហ័សរបស់កម្ពុជានៅក្នុងរយៈពេលជាច្រើនឆ្នាំថ្មីៗនេះផងដែរ ដែលកំពុងព្រមានថាការកើនឡើងខ្លាំងនឹងកើតឡើង។
ការផ្ដល់កម្ចីរបស់ធនាគារបានកើនឡើង ២៣,៥ ភាគរយកាលពីឆ្នាំ ២០១៥។ ទោះបីកំណើននេះយឺតជាងរយៈពេល ៣ ឆ្នាំមុនវាមានល្បឿនលឿនជាងកំណើន GDP ធម្មតាហើយភាគច្រើនប្រមូលផ្ដុំខ្លាំងក្នុងវិស័យអចលនទ្រព្យ។
របាយការណ៍បន្តថា៖ «ល្បឿននៃការកើនឡើងឥណទានជារួម និងហានិភ័យស្របជាមួយនឹងសកម្មភាពអចលនទ្រព្យមិនប្រាកដក្នុងទីផ្សារមួយចំនួនចង្អុលទៅលទ្ធភាពនៃវដ្ដកើនឡើង និងការធ្លាក់ចុះដែលនឹងមានផលប៉ះពាល់ធ្ងន់ធ្ងរលើសេដ្ឋកិច្ច និងប្រព័ន្ធធនាគារទោះបីជាធនាគារកណ្ដាលកំពុងមានវិធានការអនុវត្តន៍ដើម្បីទប់ស្កាត់កម្ចីធនាគារក៏ដោយ»។
របាយការណ៍របស់ Moody មិនបានបង្ហាញការផ្ដល់ចំណាត់ថ្នាក់ថ្មីសម្រាប់កម្ពុជានោះទេហើយក៏មិនមានការកំណត់ពេលវេលាត្រូវបានផ្ដល់សម្រាប់ការត្រួតពិនិត្យពេលក្រោយដែរ។
លោក Anushka Shah អ្នកវិភាគរបស់ Moody បានប្រាប់ភ្នំពេញប៉ុស្តិ៍តាមអ៊ីមែលកាលពីថ្ងៃម្សិលមិញថា៖ «ការផ្ដល់ចំណាត់ថ្នាក់ចុងក្រោយរបស់យើងលើប្រទេសកម្ពុជាគឺកាលពីឆ្នាំ ២០១៣ ដែលនៅពេលយើងបានបញ្ជាក់ថាចំណាត់ថ្នាក់របស់កម្ពុជាស្ថិតក្នុងកម្រិត B2»។
លោកបានបន្តថា៖ «លុះណាតែមានការអភិវឌ្ឍដែលអាចឲ្យពួកយើងត្រូវធ្វើបើមិនដូច្នេះទេពេលវេលាសម្រាប់ពួកយើងក្នុងការត្រួតពិនិត្យការផ្ដល់ចំណាត់ថ្នាក់ជាធម្មតារៀងរាល់ ៣ ឆ្នាំ»។
លោក ស្វាយ ហៃ ប្រធានក្រុមហ៊ុនមូលបត្រអេស៊ីលីដាបានឲ្យដឹងថាការផ្ដល់ចំណាត់ថ្នាក់ឥណទានជាឧបករណ៍ដ៏មានសារៈសំខាន់មួយសម្រាប់ក្រុមវិនិយោគិនដើម្បីវាយតម្លៃពីកម្រិតហានិភ័យនៃបរិយាកាសវិនិយោគរបស់ប្រទេសមួយ។
លោកបានបញ្ជាក់ថាការផ្ដល់ចំណាត់ថ្នាក់ «ត្រូវបានប្រើប្រាស់ដោយក្រុមវិនិយោគិននៅពេលកំពុងស្វែងរកការវិនិយោគក្នុងយុត្តាធិការជាពិសេស និងពិចារណាអំពីហានិភ័យដែលជាប់ទាក់ទងផ្សេងទៀតផងដែរ»។
លោក ស្វាយ ហៃ បញ្ជាក់ថា៖ «B2 ជាចំណាត់ថ្នាក់ស្មាន»។ លោកបន្ថែមថាដើម្បីទាក់ទាញក្រុមវិនិយោគិនអ្នកចេញបំណុលត្រូវតែធ្វើឲ្យមានតុល្យភាពកម្រិតហានិភ័យជាមួយនឹងការចំណេញពីការវិនិយោគសមរម្យ។
លោកបានបន្តថា៖ «និយាយសាមញ្ញចំណាត់ថ្នាក់ឥណទានខ្ពស់មានន័យថាកម្រិតហានិភ័យបំណុលកាន់តែទាបដូច្នេះការផ្ដល់ទិន្នផលកាន់តែទាបខណៈចំណាត់ថ្នាក់ឥណទានទាបមានន័យហានិភ័យមិនសងបំណុលកាន់តែខ្ពស់»។
លោកបានបន្ថែមទៀតថា៖ «មូលបត្របំណុល ឬឧបករណ៍បំណុលដែលមានចំណាត់ថ្នាក់ទាបជាទូទៅមានទិន្នផលខ្ពស់»។
ចំណាត់ថ្នាក់នេះនឹងមានសារៈសំខាន់ខ្លាំងឡើងៗដោយសារតែប្រទេសកម្ពុជាស្វែងរកការចេញមូលបត្របំណុលរដ្ឋលើកដំបូងមិនធ្លាប់មានរបស់ខ្លួន៕ LA


