ក្រុងម៉ិកស៊ិកៈ រដ្ឋាភិបាលម៉ិកស៊ិក ដែលជាប្រទេសមានសេដ្ឋកិច្ចធំទី២ នៅក្នុងតំបន់អាមេរិកឡាទីន បានកាត់បន្ថយការព្យាករពីកំណើនសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់ឆ្នាំនេះ និងឆ្នាំ ២០២០ ប៉ុន្តែក៏បានព្យាករផងដែរពីការធ្លាក់ចុះអតិផរណា។
សម្រាប់ឆ្នាំ ២០១៩ នេះ ក្រសួងហិរញ្ញវត្ថុបានប៉ាន់ប្រមាណថា កំណើនសេដ្ឋកិច្ចនឹងស្ទុះងើបពី ១,១ ទៅ ២,១ ភាគរយធៀបនឹងការព្យាករកន្លងមករបស់ខ្លួនដែលថាមានពី ១,៥ ទៅ ២,៥ ភាគរយ។
សម្រាប់ឆ្នាំក្រោយ ផ.ស.ស ត្រូវបានព្យាករថានឹងកើនឡើងចន្លោះពី ១,៤ ទៅ ២,៤ ភាគរយដែលធ្លាក់ចុះពីការព្យាករលើកមុនដែលថាមានពី ២,១ ទៅ ៣,១ ភាគរយ។
ការព្យាករទាំង ២ នេះគឺជាផ្នែកមួយនៃឯកសារដែលនឹងត្រូវបានប្រើប្រាស់ដើម្បីដាក់ចេញច្បាប់ថវិកាសម្រាប់ឆ្នាំ ២០២០ និងដែលត្រូវបានដាក់ជូនសភាកាលពីថ្ងៃចន្ទ។
ក្រសួងហិរញ្ញវត្ថុម៉ិកស៊ិកបានបង្ហាញការប្រុងប្រយ័ត្នថា ការប៉ាន់ប្រមាណនេះ «មិនពិចារណាលើឥទ្ធិពលយុទ្ធសាស្រ្តអភិវឌ្ឍសេដ្ឋកិច្ចរបស់រដ្ឋាភិបាលបច្ចុប្បន្ន និងកត្តាផ្សេងៗដែលអាចជំរុញដោយប្រយោលឲ្យមានកំណើនសេដ្ឋកិច្ចកាន់តែខ្លាំងនោះទេ»។
រួមជាមួយនឹងកម្មវិធីរឹតបន្តឹង និងការកាត់បន្ថយចំណាយខ្លាំង រដ្ឋាភិបាលឆ្វេងនិយមរបស់លោកប្រធានាធិបតី Manuel Lopez Obrador បាននិងកំពុងអនុវត្តកម្មវិធីសង្គមផងដែរ ដែលរួមមានទាំងការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់ក្រុមងាយរងគ្រោះផ្សេងៗ និងដែលត្រូវបានរំពឹងថានឹងជំរុញការចំណាយ។
ធនាគារកណ្តាលម៉ិកស៊ិកកាលពីខែកុម្ភៈ ឆ្នាំនេះ ក៏បានទម្លាក់ការព្យាកររបស់ខ្លួនពីកំណើនសេដ្ឋកិច្ចសម្រាប់ឆ្នាំ ២០១៩ និងឆ្នាំ ២០២០ ផងដែរ៕ AFP/KC


