ភ្នំពេញៈ ការចែកចាយស្រាបៀរអង្គរ និងស្រាបៀរផ្សេងទៀតដែលជាផលិតផលរបស់រោងចក្រផលិតស្រាបៀររបស់ក្រុមហ៊ុន Cambrew កំពុងរងផលប៉ះពាល់ខ្លះៗបន្ទាប់ពីមានការផ្អាកចង្វាក់ផលិតកម្មដោយសារបុគ្គលិកផ្នែកឃ្លាំងស្តុក និងដឹកជញ្ជូនចែកចាយបានធ្វើពហិការមិនធ្វើការ និងបាតុកម្មតវ៉ាចាប់ពីថ្ងៃសៅរ៍ទី ២០ សីហាមក។
លោក ឆេង សុភ័ក្រ ប្រធានផ្នែកធនធានមនុស្សក្រុមហ៊ុន Cambrew ដែលមានទីតាំងនៅក្រុងព្រះសីហនុបានឲ្យដឹងថាចាប់តាំងពីកើតមានការតវ៉ាមកបុគ្គលិកភាគច្រើននៅផ្នែកឃ្លាំងស្តុក និងដឹកជញ្ជូនចែកចាយមិនបានមកធ្វើការដែលជាហេតុធ្វើឲ្យប៉ះពាល់ដល់ការដឹកជញ្ជូនចែកចាយ។
លោកបន្តថាក្រុមហ៊ុនមានបុគ្គលិកជាង ១០០០ នាក់ហើយក្នុងនោះជាង ១០០ នាក់បម្រើការនៅផ្នែកឃ្លាំងស្តុក និងដឹកជញ្ជូនចែកចាយ។
លោកថ្លែងថា៖ «ការបញ្ចេញស្រាបៀរចេញពីឃ្លាំងត្រូវការក្រុមពួកគាត់មកលើកដាក់អ៊ីចឹងក៏មានការផ្អាកសកម្មភាពខ្លះៗដែរដោយយើងខ្វះអ្នកធ្វើការផ្នែកហ្នឹង»។
លោកបន្តថា៖ «យើងចង់ឲ្យមានការដោះស្រាយមួយឲ្យបានឆាប់រហ័សដើម្បីចង្វាក់ផលិតកម្មរបស់យើងត្រឡប់មករកប្រក្រតីភាពវិញ»។
លោក សុភ័ក្រ បានឲ្យដឹងថាក្រុមហ៊ុនបានដាក់សំណើក្នុងការដោះស្រាយវិវាទនៅក្រុមប្រឹក្សាអាជ្ញាកណ្តាលផ្នែកការងារហើយលោករំពឹងថានឹងមានការដោះស្រាយឆាប់ៗ។
លោកមិនអាចបញ្ជាក់ជាក់លាក់ពីទំហំប៉ះពាល់ជាក់ស្តែងពីការផ្អាកផលិតកម្មនេះនោះទេហើយក៏មិនបានបញ្ជាក់ពីបរិមាណស្រាបៀរដែលក្រុមហ៊ុនលោកអាចផ្គត់ផ្គង់ដែរ។ យ៉ាងណាក៏ដោយតាមព័ត៌មានពីគេហទំព័រក្រុមហ៊ុន Cambrew Ltd (Angkor Brewery) បានបង្ហាញថាក្រុមហ៊ុន Cambrew បានគ្រប់គ្រងចំណែកទីផ្សារប្រហែល ៦៦ ភាគរយ។ ក្រុមហ៊ុននេះបានបង្ហាញថាជាមធ្យមក្នុងប្រជាជនកម្ពុជាម្នាក់បានទទួលទានស្រាបៀរប្រហែល ៣០ លីត្រក្នុងមួយឆ្នាំ។
មិនមានស្ថិតិផ្លូវការស្ដីពីចំនួនការប្រើប្រាស់ស្រាបៀរនៅកម្ពុជាទេ ឬសូម្បីតែចំនួនការផលិតស្រាបៀរដោយរោងចក្រក្នុងស្រុក។ ប៉ុន្តែអ្នកលក់ស្រាបៀរជាច្រើននៅភ្នំពេញក្រុមហ៊ុនចែកចាយ និងលក់រាយបានឲ្យដឹងថាការប្រើប្រាស់ស្រាបៀរនៅកម្ពុជាបាននិងកំពុងកើនឡើងរាល់ឆ្នាំ។
ក្រុមហ៊ុន Cambrew ផលិតស្រាបៀរអង្គរ ស្រាបៀរ Klang និង Black Panther ជាដើម។
លោក លី ចុងម៉េង ម្ចាស់ដេប៉ូស្រាបៀរនៅក្រុងតាខ្មៅខេត្តកណ្ដាលបានឲ្យដឹងថាដេប៉ូរបស់គាត់ទទួលបានការផ្គត់ផ្គង់ស្រាបៀរពីក្រុមហ៊ុន Cambrew ជាធម្មតាដោយមិនមានការពន្យារពេលក្នុងការផ្គត់ផ្គង់នោះទេ។
ការធ្វើបាតុកម្មរបស់បុគ្គលិកនៅក្រុមហ៊ុន Cambrew ធ្វើឡើងដើម្បីទាមទារឲ្យក្រុមហ៊ុនទទួលយកបុគ្គលិកដែលក្រុមហ៊ុនបញ្ឈប់ និងទាមទារបញ្ឈប់អ្នកគ្រប់គ្រងម្នាក់របស់ក្រុមហ៊ុននេះ។
អ្នកស្រី អ៊ូ ទេពផល្លីន អនុប្រធានសហព័ន្ធកម្មករចំណីអាហារ និងសេវាកម្មកម្ពុជាបានឲ្យដឹងថាក្រុមអ្នកតវ៉ាកំពុងទាមទារឲ្យក្រុមហ៊ុនទទួលលោក លីម រ័ត្ន អ្នកគ្រប់គ្រងឃ្លាំងធ្វើការវិញបន្ទាប់ពីគាត់ត្រូវបានគេបញ្ឈប់ពីការងារ។
អ្នកស្រីបន្តថាការតវ៉ារបស់ពួកគេនេះក៏ទាមទារឲ្យក្រុមហ៊ុនបញ្ឈប់លោក Y K Wong អ្នកគ្រប់គ្រងជនជាតិចិនម៉ាឡេស៊ីផងដែរដោយពួកគេអះអាងថាអ្នកគ្រប់គ្រងរូបនេះបានប្រព្រឹត្តមិនល្អលើកម្មករ។
អ្នកស្រីលើកឡើងថា៖«យើងមិនមានជម្លោះនឹងគ្នាទេព្រោះយើងដឹងថាវានឹងប៉ះពាល់អវិជ្ជមានទាំងកម្មករ និងថៅកែ»។
អ្នកស្រីបានបន្ថែមថាអ្នកតវ៉ាមានឆន្ទៈដោះស្រាយបញ្ហានេះហើយនឹងត្រឡប់ទៅធ្វើការងារវិញនៅពេលមានការសម្រេចចិត្តពីក្រុមប្រឹក្សាអាជ្ញាកណ្តាល៕ LA


