ភ្នំពេញៈ ខណៈឧស្សាហកម្មកាត់ដេរកម្ពុជាកំពុងបង្វែរទៅរកផលិតកម្មតម្លៃបន្ថែមការវិនិយោគលើគ្រឿងម៉ាស៊ីនទំនើបនៅក្នុងឧស្សាហកម្មនេះកំពុងកើនឡើងខណៈវាក៏ជាផ្នែកមួយនៃការកាត់បន្ថយថ្លៃឈ្នួលពលកម្មផងដែរ។ នេះបើយោងតាមការអះអាងពីអ្នកជំនាញក្នុងឧស្សាហកម្មនេះ។
លោក លី តេកហេង ប្រធានប្រតិបត្តិសមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) បានលើកឡើងកាលពីម្សិលមិញថាវិនិយោគិនក្នុងឧស្សាហកម្មរោងចក្រកាត់ដេរកំពុងប្រឈមនឹងបញ្ហាប្រកួតប្រជែងជាច្រើនដូចជាការកើនឡើងថ្លៃឈ្នួលពលកម្ម និងសម្ពាធការប្រកួតប្រជែងពីអ្នកផ្គត់ផ្គង់ផលិតផលស្រដៀងគ្នា។
លោកបន្តថាកត្តានេះបានធ្វើឲ្យវិនិយោគិនក្នុងឧស្សាហកម្មនេះត្រូវហ៊ានចំណាយទៅលើការបំពាក់ឧបករណ៍ និងគ្រឿងម៉ាស៊ីនទំនើបៗដើម្បីពង្រឹងគុណភាពផលិតផល និងកាត់បន្ថយការពឹងផ្អែកខ្លាំងពេកលើកម្លាំងពលកម្ម។
លោកថ្លែងថា៖ «បើយើងផលិតផលិតផលតម្លៃទាបដូចមុននៅពេលប្រាក់ខែកម្មករចេះតែកើនអ៊ីចឹងយើងនឹងមិនអាចដំណើរការបានទៀតទេ។ អ៊ីចឹងហើយម្ចាស់រោងចក្រត្រូវប្រើឧបករណ៍ និងគ្រឿងម៉ាស៊ីនច្រើនជាងមុនដើម្បីបង្កើតផលិតផលដែលមានតម្លៃខ្ពស់ជាងមុន»។
លោកបន្តថា៖ «អ្នកដែលអត់ហ៊ានចំណាយលើគ្រឿងម៉ាស៊ីនកំពុងជួបការលំបាកខ្លាំងនៅក្នុងការប្រកួតប្រជែង»។
ការលើកឡើងនេះធ្វើក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃម្សិលមិញស្ដីពីការរៀបចំពិព័រណ៍ឧស្សាហកម្មគ្រឿងយន្តកម្ពុជាអន្តរជាតិ (CIMIF) លើកទី ៦ និងពិព័រណ៍ឧស្សាហកម្មកាត់ដេរ និងវាយនភ័ណ្ឌកម្ពុជាអន្តរជាតិ។ ការតាំងពិព័រណ៍នេះនឹងធ្វើឡើងស្របគ្នាគឺចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៩ ខែសីហានៅកោះពេជ្រ។
ពិព័រណ៍ទាំងពីរនេះនឹងមានក្រុមហ៊ុនតាំងពិព័រណ៍ ២០០ មកពីប្រទេស ១៤ ។ ការតាំងពិព័រណ៍វាយនភ័ណ្ឌ និងឧស្សាហកម្មកាត់ដេរនឹងរួមមានគ្រឿងម៉ាស៊ីនជាច្រើនប្រភេទដែលប្រើប្រាស់នៅក្នុងវិស័យកាត់ដេរ។
លោក Akai Lin អ្នកគ្រប់គ្រងគម្រោងនៅក្រុមហ៊ុន Yorkers Trade & Marketing Service ជាក្រុមហ៊ុនរៀបចំការតាំងពិព័រណ៍នេះបានថ្លែងថាការចំណាយលើការធ្វើអាជីវកម្មនៅក្នុងប្រទេសចិនដែលជាកន្លែងដ៏សំខាន់នៃផលិតផលរោងចក្រកំពុងកើនឡើងដែលកត្តានេះបានធ្វើឲ្យម្ចាស់រោងចក្រកាត់ដេរជាច្រើនបានផ្លាស់ប្តូរទីតាំងវិនិយោគពីប្រទេសចិនទៅតំបន់អាស៊ានដែលរួមទាំងកម្ពុជាផងដែរ។
លោកបន្ថែមថានិន្នាការនេះរួមផ្សំនឹងការកើនឡើងប្រាក់ឈ្នួលរបស់កម្មករកម្ពុជាកំពុងធ្វើឲ្យតម្រូវការគ្រឿងម៉ាស៊ីននៅកម្ពុជាកើនឡើង។
ការសិក្សាមួយរបស់អង្គការពលកម្មអន្តរជាតិ (ILO) ចេញផ្សាយកាលពីខែកក្កដាបានរកឃើញថាបុគ្គលិកក្នុងវិស័យកាត់ដេរកម្ពុជាប្រមាណ ៨៨ ភាគរយនឹងរងផលប៉ះពាល់ទាក់ទងនឹងការទទួលបានប្រាក់បៀវត្សរ៍នៅរយៈពេលវែងខាងមុខទៀត។
របាយការណ៍បន្តថារោងចក្រកាត់ដេរកម្ពុជានឹងវិនិយោគលើគ្រឿងម៉ាស៊ីនកាន់តែច្រើនឡើងនាពេលខាងមុខដូចជាការបំពាក់បច្ចេកវិទ្យាមួយចំនួនដូចជាបច្ចេកវិទ្យាបោះពុម្ព 3D បច្ចេកវិទ្យាស្កេនខ្លួន ម៉ាស៊ីនច្នៃម៉ូដ និងការបំពាក់ម៉ាស៊ីនយន្តសម្រាប់កាត់ក្រណាត់ជាដើម។ ម៉ាស៊ីនទាំងនោះអាចធ្វើឲ្យកាត់បន្ថយការត្រូវការកម្លាំងពលកម្មរបស់មនុស្ស ឬ ធ្វើឲ្យប៉ះពាល់ដល់ប្រាក់ខែរបស់ពួកគេ៕ LA


