ក្រុងហុងកុងៈ នាយករដ្ឋមន្ត្រីប្រទេសស្រីលង្កាបានឲ្យដឹងកាលពីថ្ងៃសៅរ៍ថាគម្រោងសាងសង់កំពង់ផែមួយនៅទីក្រុងកូឡុំបូដែលនឹងត្រូវសាងសង់ដោយប្រទេសចិនមិនមែនជាកត្តាគំរាមកំហែងទេនៅពេលមានក្តីបារម្ភថារដ្ឋាភិបាលប៉េកាំងកំពុងព្យាយាមបង្កើនឥទ្ធិពលរបស់ខ្លួននៅមហាសមុទ្រឥណ្ឌានោះ។
ទីក្រុងកំពង់ផែតម្លៃ ១,៤ ពាន់លានដុល្លារបង្ហាញពីការវិនិយោគបរទេសធំជាងគេតែមួយគត់ដែលប្រទេសដីកោះមួយនេះទទួលបានដោយបានបន្ថែមទីធ្លាអភិវឌ្ឍន៍ទំហំ ២៣៣ ហិកតានៅក្នុងរដ្ឋធានីដ៏មមាញឹកមួយនេះ។
តែគម្រោងអភិវឌ្ឍន៍មួយនេះមានភាពចម្រូងចម្រាសដោយសាររដ្ឋាភិបាលក្រុងប៉េកាំងបានរងនូវការចោទប្រកាន់ថាកំពុងព្យាយាមអភិវឌ្ឍផ្នែកសម្ភាររូបវ័ន្តនៅជុំវិញតំបន់នេះក្នុងយុទ្ធសាស្ត្រ «String of Pearls» ដើម្បីប្រជែងនឹងកំណើនឥទ្ធិពលរបស់ប្រទេសឥណ្ឌាដែលជាគូប្រជែង និងដើម្បីធានាបាននូវអត្ថប្រយោជន៍សេដ្ឋកិច្ចរបស់ខ្លួនផ្ទាល់។
លោក Ranil Wickrem-esinghe នាយករដ្ឋមន្ត្រីប្រទេសស្រីលង្កាបានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយថា៖ «ទីក្រុងកំពង់ផែនេះមិនមែនជាកត្តាគំរាមកំហែងចំពោះនរណាម្នាក់ទេវាគឺជាកាលានុវត្តភាពមួយសម្រាប់ទាំងអស់គ្នាដើម្បីរកប្រាក់»។
លោកបានបន្តថា៖ «ប្រទេសចិនមិនបានស្នើសុំមូលដ្ឋានយោធាណាមួយនៅប្រទេសស្រីលង្កាឡើយ»។
លោក Wickremesinghe បានចាត់ទុកថាស្រីលង្កាគឺជាប្រទេសដ៏តូចមួយមុនពេលលោកមានប្រសាសន៍បន្ថែមថា៖ «ប្រទេសស្រីលង្កានឹងមិនអនុញ្ញាតឲ្យសន្តិសុខរបស់ប្រទេសដទៃត្រូវរងការគំរាមកំហែងដោយភាគីទីបីទេទោះជាតាមមធ្យោបាយណាក៏ដោយ។ ស្រីលង្កា ប្តេជ្ញាចិត្តរក្សាសេរីភាពនៃការឆ្លងកាត់ក្នុងមហាសមុទ្រឥណ្ឌា»។
គម្រោងអភិវឌ្ឍន៍ដ៏ធំនេះត្រូវបានផ្តួចផ្តើមឡើងដោយលោកប្រធានាធិបតីចិន ស៊ី ជីនភីង កាលពីខែកញ្ញា ឆ្នាំ ២០១៤ ហើយត្រូវបានរំពឹងថានឹងមានអចលនទ្រព្យកំពង់ផែកប៉ាល់កម្សាន្ត និងទីលានប្រណាំងរថយន្តផងដែរ។
លោក Wickremesinghe បានអធិប្បាយនៅថ្ងៃចុងក្រោយនៃដំណើរទស្សនកិច្ចរបស់លោកទៅកាន់មហាអំណាចអាស៊ីមួយនេះដែលលោកកំពុងព្យាយាមស្នើសុំប្រទេសចិនឲ្យរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញដែលមានចំនួន ៨ ពាន់លានដុល្លារហើយប្រែក្លាយបន្ទុកបំណុលមួយចំនួនទៅជាភាគហ៊ុនក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធនានា៕ BP


