ភ្នំពេញៈ កម្ពុជានឹងទទួលបានអត្ថប្រយោជន៍ពីកំណើនសេដ្ឋកិច្ចពិភពលោក និងក្នុងតំបន់ ប៉ុន្តែនឹងចាំបាច់ត្រូវធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់ខ្លួន ដោយកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងកាត់បន្ថយឧបសគ្គក្នុងការធ្វើអាជីវកម្ម។ នេះបើតាមមន្ដ្រីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលបានមកទស្សនកិច្ចនៅកម្ពុជាពីថ្ងៃម្សិលមិញ។
ថ្លែងនៅសាកលវិទ្យាល័យភូមិន្ទ នីតិសាស្ដ្រ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ចនៅទីក្រុងភ្នំពេញលោក Mitsuhiro Furusawa នាយករងផ្នែកគ្រប់គ្រង IMF បានឲ្យដឹងថា សេដ្ឋកិច្ចពិភពលោកកំពុងទទួលបានសន្ទុះ បន្ទាប់ពីកំណើនយឺតរយៈពេលជិតមួយទសវត្សរ៍។ លោកបន្តថា កំណើនកាន់តែខ្ពស់នៅអាស៊ី បានធ្វើឲ្យ IMF កែតម្រូវកំណើនការព្យាករក្នុងតំបន់និងលើពិភពលោករបស់ខ្លួន។
IMF រំពឹងថា កំណើនសេដ្ឋកិច្ចពិភពលោក ដែលមានចំនួន ៣,៤ភាគរយកាលពីឆ្នាំមុន នឹងបង្កើនល្បឿនដល់៣,៥ភាគរយនៅឆ្នាំនេះ និង ៣,៦ក្នុងឆ្នាំ២០១៨។ កំណើននៅអាស៊ីត្រូវបានរំពឹងថា នឹងកើនឡើងដល់៥,៥ភាគរយនៅឆ្នាំនេះ ដោយសារភាពប្រសើរឡើងនៃចក្ខុវិស័យនៅក្នុងប្រទេសចិន និងជប៉ុន។
លោក Furusawa បានឲ្យដឹងថា ចក្ខុវិស័យកំណើនប្រសើរបង្ហាញទាំងឱកាស និងបញ្ហាប្រឈមសម្រាប់ប្រទេសកម្ពុជា។
លោកបន្ថែមថា ដើម្បីទាញយកអត្ថប្រយោជន៍លើកំណើននេះ កម្ពុជាត្រូវតែធ្វើពិពិធកម្មលើសេដ្ឋកិច្ចរបស់ខ្លួន និងកាត់ផ្ដាច់បន្តិចម្ដងៗការពឹងរបស់ខ្លួនលើសម្លៀកបំពាក់តម្លៃទាប។ បើកម្ពុជាបរាជ័យក្នុងការធ្វើដូច្នេះ គេនឹងអាចមើលឃើញកំណើនផលិតផលក្នុងស្រុកសរុប(GDP) របស់ប្រទេសនេះធ្លាក់ចុះមកនៅ៦,២៥ភាគរយនៅរយៈពេលខ្លី ពីការព្យាករ៧ភាគរយនៅឆ្នាំនេះ។
លោកបញ្ជាក់ថា ប្រទេសកម្ពុជាបានដាក់ខ្លួនឯងជាទិសដៅមានតម្លៃទាបសម្រាប់ក្រុមហ៊ុនផលិតសម្លៀកបំពាក់ ប៉ុន្តែឧស្សាហកម្មធ្វើអ្វីស្រេចតែចិត្តមួយនេះងាយទទួលរងឥទ្ធិពលខ្ពស់ក្នុងការដំឡើងប្រាក់ឈ្នួល និងតម្លៃផលិត។
លោកថ្លែងថា៖ «ជោគជ័យថ្មីរបស់កម្ពុជាជាប្រទេសផលិតសម្លៀកបំពាក់បានទទួលអត្ថប្រយោជន៍ដោយសារការបង្កើនតម្លៃពលកម្មរបស់ចិន និងការផ្លាស់ប្តូររបស់ខ្លួនឆ្ពោះទៅរកការផលិតបន្ថែមតម្លៃកាន់តែខ្ពស់»។
លោកបន្តថា៖ «ប៉ុន្តែនៅពេលប្រាក់ឈ្នួលរបស់អ្នក និងតម្លៃផ្សេងទៀតកើនឡើង នឹងមានប្រទេសនានាសប្បាយចិត្តក្នុងការទាក់ទាញរោងចក្រកាត់ដេររបស់អ្នក។ ការប្រកួតប្រជែងក្នុងទីផ្សារនេះមានការពិបាក»។
លោក Furusawa បានឲ្យដឹងថា កម្ពុជាបានប្រឈមនឹងបញ្ហាប្រឈមមួយចំនួនចំពោះកំណើនសេដ្ឋកិច្ចរយៈពេលមធ្យមរបស់ខ្លួន គឺការបរាជ័យនៅក្នុងហេដ្ឋារចនាសម្ព័ន្ធ នីតិវិធីរបស់រដ្ឋាភិបាលនៅពេលខ្លះស្មុគស្មាញក្នុងការធ្វើអាជីវកម្ម ហើយចាំបាច់ត្រូវកែលម្អអភិបាលកិច្ច។
ប៉ុន្តែលោកបានឲ្យដឹងថា គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម (IDP) របស់រដ្ឋាភិបាលដែលមានបំណងធ្វើឲ្យប្រសើរដល់រចនាសម្ព័ន្ធឧស្សាហកម្មរបស់ប្រទេសកម្ពុជាពីមូលដ្ឋានផលិតប្រើប្រាស់កម្លាំងពលកម្មច្រើនទៅជាមូលដ្ឋានជំរុញដោយជំនាញត្រឹមឆ្នាំ២០២៥ អាចដោះស្រាយបញ្ហាជាច្រើនទាំងនេះបាន៕ LA

