ភ្នំពេញៈ រដ្ឋាភិបាលសម្រេចលុបចោលអាករលើតម្លៃបន្ថែមសម្រាប់ក្រុមហ៊ុននាំចេញអង្ករកម្ពុជា។ នេះបើតាមលោក សុខ ពុទ្ធីវុធ ប្រធានសមាគមស្រូវអង្ករកម្ពុជាដែលបានថ្លែងកាលពីម្សិលមិញបន្ទាប់ពីកិច្ចប្រជុំជាមួយឧបនាយករដ្ឋមន្ដ្រី គាត ឈុន និងក្រសួងពាក់ព័ន្ធ។
លោកបន្តថាក្រុមហ៊ុនដែលនាំចេញអង្ករលាយក៏នឹងត្រូវដកហូតលិខិតបញ្ចាក់ប្រភពដើម (CO) ផងដែរ។
លោក សុខ ពុទ្ធីវុធ លើកឡើងថារដ្ឋាភិបាលបានសម្រេចក្នុងការលុបចោលអាករលើតម្លៃបន្ថែមសម្រាប់រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញអង្ករទាំងអស់។
លោកបន្ថែមថា រដ្ឋាភិបាលនឹងរឹតបន្តឹងតាមព្រំដែនសម្រាប់ការឃ្លាំមើលការនាំចូលអង្ករខុសច្បាប់ព្រមទាំងលុបចោល CO សម្រាប់ក្រុមហ៊ុននាំចេញអង្ករដែលលាយអង្ករ។ លោក មូល សារិទ្ធ សមាជិកគណៈកម្មាធិការពិសេស និងជាអគ្គលេខាធិការស្ដីទីរបស់ CRF ថ្លែងថាលទ្ធផលនៃការប្រជុំនេះមានលទ្ធផលវិជ្ជមាន។
លោកបន្តថា៖ «រោងម៉ាស៊ីនកិនស្រូវ និងសមាជិករបស់គណៈកម្មាធិការមានក្ដីរីករាយជាមួយនឹងលទ្ធផលនេះ»៕ LA


