ក្រុងវ៉ាស៊ីនតោនៈ រដ្ឋាភិបាលសហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារបានប្តឹងក្រុមហ៊ុន Volkswagen ដោយបានចោទប្រកាន់ថាក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសអាល្លឺម៉ង់មួយនេះបានបោកប្រាស់អតិថិជនអាមេរិកតាមរយៈការផ្សព្វផ្សាយពីរថយន្តដែលប្រើប្រាស់ប្រេងម៉ាស៊ូតបញ្ចេញកាបូនតិចដែលជាក់ស្តែងរថយន្តទាំងនោះត្រូវបានបំពាក់ឧបករណ៍បន្លំការបញ្ចេញកាបូនដោយខុសច្បាប់។
គណៈកម្មាធិការពាណិជ្ជកម្មសហព័ន្ធ (FTC) បានឲ្យដឹងថាខ្លួនកំពុងស្នើសុំដីកាបង្គាប់ពីតុលាការសហព័ន្ធទាមទារឲ្យក្រុមហ៊ុន Volkswagen ផ្តល់សំណងដល់អតិថិជនដែលបានទិញ ឬជួលរថយន្តម៉ាក VW និងម៉ាក Audi ដែលមានបញ្ហានេះជាង ៥៥ ម៉ឺនគ្រឿងពីចុងឆ្នាំ ២០០៨ ដល់ចុងឆ្នាំ ២០១៥ ក៏ដូចជាសេចក្តីបង្គាប់របស់តុលាការទប់ស្កាត់ក្រុមហ៊ុន Volkswagen ពីការប្រើប្រាស់ឧបករណ៍បន្លំជាថ្មីទៀតផងដែរ។
នៅក្នុងបណ្តឹងរបស់ខ្លួនដែលបានដាក់ប្តឹងទៅតុលាការសហព័ន្ធគណៈកម្មាធិការ FTC បានចោទប្រកាន់ថាក្នុងរយៈពេល ៧ ឆ្នាំនេះក្រុមហ៊ុន Volkswagen ដែលជាក្រុមហ៊ុនផលិតរថយន្តធំជាងគេទីពីរក្នុងពិភពលោកបានបោកប្រាស់អតិថិជនតាមរយៈការអះអាងមិនពិតថារថយន្តទាំងនោះបញ្ចេញកាបូនតិចមិនបំពុលបរិស្ថានបានឆ្លើយតបនឹងស្តង់ដារបញ្ចេញកាបូនព្រមទាំងរក្សាបាននូវតម្លៃខ្ពស់នៅពេលលក់ចេញវិញ។
រថយន្តទាំងនោះត្រូវបានលក់ក្នុងតម្លៃជាមធ្យមប្រមាណ ២៨ ០០០ ដុល្លារ។
លោកស្រី Edith Ramirez ប្រធានគណៈកម្មាធិការ FTC បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «អស់រយៈពេលជាច្រើនឆ្នាំមកហើយការផ្សព្វផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុន Volkswagen បានកោតសរសើរចំពោះរថយន្តប្រើប្រាស់ប្រេងម៉ាស៊ូតដែលបញ្ចេញកាបូនតិចរបស់ក្រុមហ៊ុននេះបើទោះបីជានៅពេលបច្ចុប្បន្ននេះវាបង្ហាញថាក្រុមហ៊ុន Volkswagen បានផលិតរថយន្តដែលមានបំពាក់ឧបករណ៍ដែលត្រូវបានផលិតឡើងដើម្បីបន្លំការធ្វើតេស្តបញ្ចេញកាបូនក្តី»។
លោកស្រីបានបន្តឲ្យដឹងថា៖ «បណ្តឹងរបស់យើងទាមទារសំណងឲ្យអតិថិជនដែលបានទិញរថយន្តដែលមានបញ្ហានេះផ្អែកលើការអនុវត្តអាជីវកម្មមិនស្មោះត្រង់ និងមិនស្មើភាពរបស់ក្រុមហ៊ុន Volkswagen»៕ BP


