ភ្នំពេញៈ ទោះបីផលិតផលកសិកម្មដូងហាក់មិនត្រូវបានគេចាប់អារម្មណ៍ក្តី ប៉ុន្តែវាជា ដំណាំមានសក្ដានុពលច្រើន។
ដូង ជាដំណាំកសិកម្មមួយក្នុងចំណោមដំណាំកសិកម្ម ៦ មុខផ្សេងទៀត ដែលអង្គការ Grow Asia ដាក់ចូលក្នុងបញ្ជីដំណាំកសិកម្មសក្តានុពលសម្រាប់អនុវត្តនៅកម្ពុជា។
តាមពិតទៅដំណាំដូងពិតជាមានសក្ដានុពលច្រើន ដោយគេអាចយកទៅធ្វើអាហារ ភេសជ្ជៈ និងប្រេងលាប ខណៈសម្បកវាត្រូវបានគេយកទៅកែច្នៃជាថាមពលចម្អិន (ធ្យូងអនាម័យដែលធ្វើពីស្រកីដូង)។
ភាគច្រើនកសិករក្នុងស្រុកផ្គត់ផ្គង់តែដូងខ្ចី សម្រាប់ជាភេសជ្ជៈ ខណៈដូងទុំមានអត្ថប្រយោជន៍ច្រើន ដូចជាការកែច្នៃជាប្រេងជាដើម។ ដូងទុំត្រូវបាននាំចូលពីប្រទេសវៀតណាមដើម្បីផ្គត់ផ្គង់ឧស្សាហកម្មនេះ។
ក្រុមហ៊ុន កូកូខ្មែរ ដែលមានទីតាំងនៅខេត្តកំពត ជាក្រុមហ៊ុន កែច្នៃផលិតផលដូងជាច្រើនមុខ។
អ្នកស្រី ក្ដិប ស្រីម៉ិច អ្នកគ្រប់គ្រងទូទៅនៅក្រុមហ៊ុន កូកូខ្មែរ និងអង្គការដូងខ្មែរបានឲ្យដឹងថា ក្នុងមួយថ្ងៃក្រុមហ៊ុនបានទិញដូងទុំជាង ៦៥ ឡូចូលរោងចក្រ ដែលភាគច្រើនមកពីកសិករក្នុងស្រុកក្នុងខេត្តកំពត។ ប៉ុន្តែ អ្នកស្រីបន្តថា ដោយសារការផ្គត់ផ្គង់ក្នុងស្រុកមានតាមរដូវ បានបង្ខំឲ្យក្រុមហ៊ុនអ្នកស្រីត្រូវនាំចូលដូងទុំពីវៀតណាម។
អ្នកស្រី ក្ដិប ស្រីម៉ិច ក៏ជាប្រធានអង្គការដូងខ្មែរផងដែរ ដែលអង្គការនេះធ្វើការដើម្បីលើកកម្ពស់ និងជំរុញឲ្យកសិករដាំដូងដើម្បីបំពេញតម្រូវការ។
អ្នកស្រីថ្លែងថា៖«យើងព្យាយាមលើកកម្ពស់ផ្លែដូងក្នុងស្រុកជាអាទិភាព ដោយសារតែវាមានគុណភាពខ្ពស់ និងធម្មជាតិ»។
អ្នកស្រីបន្តថា៖ «ប៉ុន្តែបញ្ហារបស់យើងគឺកង្វះការផ្គត់ផ្គង់ក្នុងស្រុក និងការប្រកួតប្រជែងជាមួយតម្រូវការខ្ពស់នៃផ្លែដូងខ្ចី។ កសិករចង់លក់ផ្លែដូងខ្ចីខ្លាំងជាង ដោយសារតែវាជាតម្រូវការខ្ពស់ ហើយពួកគេបានលុយលឿនជាងលក់ដូងទុំ»។
អ្នកស្រីបន្តថា៖ «យើងកំពុងព្យាយាមអប់រំកសិករឲ្យយល់ដឹងពីអត្ថប្រយោជន៍នៃផ្លែដូងទុំ ដែលអាចបន្ថែមចង្វាក់តម្លៃ និង បម្រើដល់ឧស្សាហកម្មនេះ»។
តាមអ្នកស្រី ក្ដិប ស្រីម៉ិច ការផ្គត់ផ្គង់ដូងទុំពីក្នុងស្រុកមាន ១០ ភាគរយ ប៉ុណ្ណោះ ខណៈ ៩០ ភាគរយ ត្រូវបាននាំចូលពីប្រទេសវៀតណាម។
អ្នកស្រីបញ្ជាក់ថា ផលិតផលក្រុមហ៊ុន កូកូខ្មែរ បានផលិតផលិតផលពីដូងទុំរហូតដល់៩មុខ ដែលផលិតផលទាំងនោះត្រូវបាននាំចេញទៅទីផ្សារក្រៅប្រទេសដូចជា ស្វ៊ីស ស្លូវ៉ាគី អូស្ត្រាលី អាមេរិក អូទ្រីស និងថៃ។ អ្នកស្រីបន្តថា ផលិតផលទាំងនេះរួមមាន ប្រេងដូងសុទ្ធច្រកដប ប្រេងលាបបបូរមាត់ ប្រេងកោរពុកមាត់ ប្រេងកូឡាកូនក្មេង ប្រេងម៉ាស្សា និងប្រេងខាត់ស្បែកជាដើម។
លោក ឆាយ វុទ្ធី ប្រធានសហគមន៍ផលិតប្រេងដូងមួយក្នុងខេត្តកំពត បានឲ្យដឹងថា តម្រូវការការផលិតប្រេងដូងធម្មជាតិ ត្រូវការដូងទុំចាប់ពី ១៥០ ទៅ ១៧០ ឡូ មួយសប្ដាហ៍ ដែលអាចប្រមូលពីក្នុងស្រុកបានតែពី ៣០ ទៅ ៥០ ឡូប៉ុណ្ណោះ ដែលមានតម្លៃពី ២៧ ០០០ ទៅ ៣០ ០០០រៀលក្នុងមួយឡូ។
លោកបន្តថា ដោយសារតម្រូវការជីវភាពប្រចាំថ្ងៃកសិករត្រូវតែលក់ដូងខ្ចី ដោយមិនរង់ចាំរហូតដល់ទុំទេ។
លោកបន្តថា៖ «ពួកគេត្រូវការប្រាក់ ព្រមទាំងខ្វះការអប់រំពីអត្ថប្រយោជន៍របស់ដូងទុំ។ ដូងទុំ នឹងលើកកម្ពស់សេដ្ឋកិច្ចសហគមន៍ ហើយធ្វើឲ្យជីវភាពរស់នៅកាន់តែប្រសើរ ដោយសារវាលើកកម្ពស់ការងារនៅក្នុងសហគមន៍ ព្រមទាំងបន្ថែមចង្វាក់តម្លៃសម្រាប់ការដាំដុះដើមដូងផងដែរ»។
លោកបន្តថាសហគមន៍លោកអាចផលិតប្រេងដូងបាន ១៦ ០០០ លីត្រ ក្នុងមួយខែ ដែលមានតម្លៃ ៩ ដុល្លារទៅ១០ដុល្លារក្នុងមួយលីត្រ ដែលផ្គត់ផ្គង់ដល់ក្រុមហ៊ុន កូកូខ្មែរ។
លោក Grahame Dixie នាយកប្រតិបត្តិការក្រុមហ៊ុន Grow Asia បានឲ្យដឹងថា ដូងជាដំណាំអាទិភាពមួយក្នុងភាពជាដៃគូជាមួយកម្ពុជាដែល Grow Asia បានបង្កើតឡើងក្នុងឆ្នាំ ២០១៥។
លោកបន្តថា៖ «ក្រុមការងារកំពុងគាំទ្រដល់ការពង្រឹងចង្វាក់ផលិតកម្មដូងដោយលើការបណ្ដុះបណ្ដាលកសិករ របៀបកែច្នៃ និងការតភ្ជាប់ទីផ្សារ ក្នុងបំណងជួយដល់កសិករលក្ខណៈគ្រួសារកម្ពុជាបង្កើនបរិមាណផល ផលិតភាព និងស្ថិរភាពរបស់ពួកគេ»៕ LA


