ក្រុងប៉េកាំងៈ មន្ដ្រីអាមេរិក និងចិន បានបញ្ចប់ការចរចាពាណិជ្ជកម្មរយៈពេល ២ ថ្ងៃនៅទីក្រុងប៉េកាំងកាលពីចុងសប្តាហ៍មុន ដោយមានផែនការការចរចាជាថ្មីនៅក្រុងវ៉ាស៊ីនតោននៅសប្ដាហ៍នេះ ខណៈដែលប្រទេសមានសេដ្ឋកិច្ចធំទាំង ២ ក្នុងពិភពលោកនេះព្យាយាមកាត់បន្ថយជម្លោះពាណិជ្ជកម្មដ៏ស្មុគស្មាញរបស់ខ្លួន។
លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានឲ្យដឹងថា ការចរចានេះកំពុងដំណើរការ «យ៉ាងប្រសើរ» ខណៈទីប្រឹក្សារបស់លោកបានឲ្យដឹងថា នៅតែមាន «ការងារជាច្រើន» ដែលត្រូវធ្វើ។
ទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន បានហូតពន្ធរួចហើយលើទំនិញតម្លៃជាង ៣៦០ ពាន់លានដុល្លារលើពាណិជ្ជកម្មទ្វេភាគី ដែលកំពុងដាក់សម្ពាធលើវិស័យផលិតកម្មរបស់ប្រទេសទាំង ២ និងបានធ្វើឲ្យកក្រើកទីផ្សារហិរញ្ញវត្ថុពិភពលោក។
លោក ត្រាំ បានឲ្យដឹងថា លោកអាចពន្យារកាលបរិច្ឆេទកំណត់ថ្ងៃទី ១ ខែមីនា ជាពេលដែលពន្ធគយលើទំនិញចិនតម្លៃ ២០០ ពាន់លានដុល្លារ នឹងកើនឡើង ២ ដង។
នេះគឺជាចំណុចសំខាន់ៗដែលនៅជាប់គាំងក្នុងការពិភាក្សារវាងប្រទេសទាំង ២៖
បញ្ហាចោរកម្មកម្មសិទ្ធិបញ្ញា និងការផ្ទេរបច្ចេកវិទ្យា
ទីក្រុងវ៉ាស៊ីនតោនបានអះអាងថា ទីក្រុងប៉េកាំងបានជំរុញឲ្យមានអំពើចោរកម្មកម្មសិទ្ធិបញ្ញារបស់អាមេរិក ខណៈដែលបង្ខំឲ្យក្រុមហ៊ុនអាមេរិកប្រគល់ព័ត៌មានសម្ងាត់ពាណិជ្ជកម្ម ជាថ្នូរនឹងការចូលទីផ្សារចិន។
ទីក្រុងប៉េកាំង បានបដិសេធជាយូរមកហើយចំពោះការចោទប្រកាន់នេះ ប៉ុន្តែរដ្ឋាភិបាលនេះកំពុងធ្វើការងារលើការបង្កើនការដាក់ទោសទណ្ឌលើអំពើចោរកម្មកម្មសិទ្ធិបញ្ញា និងពន្លឿនដំណើរការច្បាប់ស្តីពីការវិនិយោគបរទេសថ្មីមួយ ដែលហាមឃាត់ដល់ការផ្ទេរបច្ចេកវិទ្យាដោយបង្ខំ។
មានការបង្កើនសន្សឹមៗផងដែរនូវវិសាលភាពឧស្សាហកម្មនានាដែលក្រុមហ៊ុនបរទេសអាចប្រតិបត្តិការដោយគ្មានការចូលរួមបណ្តាក់ទុនរួមគ្នាពីក្រុមហ៊ុនចិន។
មិនមានភាពច្បាស់លាស់នោះទេថា តើចំណាត់ការនេះនឹងគ្រប់គ្រាន់ដើម្បីរម្ងាប់អារម្មណ៍របស់រដ្ឋាភិបាលលោក ត្រាំ បានឬយ៉ាងណា? ការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) ថ្មីៗនេះបាននិយាយថា ខ្លួនកំពុងស៊ើបអង្កេតសកម្មភាពចារកម្មសេដ្ឋកិច្ចចិននៅទូទាំងសហរដ្ឋអាមេរិក ខណៈដែលក្រសួងយុត្តិធម៌អាមេរិក កំពុងដឹកនាំយុទ្ធនាការប្រឆាំងនឹង ការធ្វើចារកិច្ច និងចោរកម្មចិន។
រដ្ឋអាជ្ញាសហរដ្ឋអាមេរិកថ្មីៗនេះបានចេញដីការចោទប្រកាន់ក្រុមហ៊ុនបច្ចេកវិទ្យា Huawei របស់ចិនពីបទចោរកម្មព័ត៌មានសម្ងាត់ពាណិជ្ជកម្ម រួមទាំងកម្មវិធីដែលត្រូវបានចោទប្រកាន់មួយដែលបង្កើតឡើងដើម្បីផ្តល់រង្វាន់ដល់ចោរលួចបច្ចេកវិទ្យាពីក្រុមហ៊ុនជាគូប្រជែងនានា។
គោលនយោបាយឧស្សាហកម្ម
គោលនយោបាយឧស្សាហកម្មចិនបានធ្វើឲ្យកើតមានក្តីបារម្ភកាន់តែកើនឡើង ជាពិសេសគំនិតផ្តួចផ្តើម «ផលិតនៅប្រទេស ចិន ឆ្នាំ ២០២៥» ដែលមានបំណងធ្វើឲ្យមហាអំណាចសេដ្ឋកិច្ចអាស៊ីមួយនេះក្លាយជាអ្នកដឹកនាំពិភពលោកក្នុងបច្ចេកវិទ្យាដែលកំពុងស្ទុះងើបនានាដូចជាបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្តជាដើម តាមរយៈការគាំទ្ររបស់រដ្ឋដ៏ច្រើនសម្រាប់ក្រុមហ៊ុនក្នុងស្រុក។
ទីក្រុងប៉េកាំង និងប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបាននិយាយសម្រាលគោលនយោបាយនេះនៅឆ្នាំកន្លងមក ខណៈដែលវាបានបង្កឲ្យមានភាពចម្រូងចម្រាស ប៉ុន្តែសម្រាប់ប្រទេស ចិន ភាពតានតឹងផ្នែកពាណិជ្ជកម្មបានជួយពង្រឹងភាពចាំបាច់ក្នុងការបង្កើនស្វ័យភាពគ្រប់គ្រាន់ក្នុងបច្ចេកវិទ្យាសំខាន់ៗដូចជាឧបករណ៍ពាក់កណ្តាលចម្លងជាដើម។
ជាការពិត ការហាមឃាត់រយៈពេលខ្លីរបស់អាមេរិកលើការលក់ឧបករណ៍សំខាន់ៗទៅឲ្យក្រុមហ៊ុនបច្ចេកវិទ្យាចិន ZTE ស្ទើរតែបានសម្លាប់ក្រុមហ៊ុននេះទៅហើយកាលពីឆ្នាំមុន។
ការឧបត្ថម្ភធនរបស់រដ្ឋ
ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ក្រុមហ៊ុនរដ្ឋចិនបានពង្រឹងភាពគ្រប់គ្រងទីផ្សារក្នុងស្រុករបស់ខ្លួន ក្នុងគ្រាដែលមានការទាមទារដោយប្រទេសលោកខាងលិចឲ្យមានការធ្វើកំណែទម្រង់ទីផ្សារ។
ទីក្រុងវ៉ាស៊ីនតោនសង្ឃឹងថា ចិននឹងបន្ធូរបន្ថយតួនាទីរដ្ឋរបស់ខ្លួនក្នុងសេដ្ឋកិច្ច និងកាត់បន្ថយការផ្តល់ឧបត្ថម្ភធនដ៏ច្រើនសម្រាប់ឧស្សាហកម្ម និងក្រុមហ៊ុននានា។
ប៉ុន្តែលោក Cui Fan សេដ្ឋវិទូប្រចាំសាកលវិទ្យាល័យពាណិជ្ជកម្ម និងសេដ្ឋកិច្ចអន្តរជាតិ (UIBE) ក្នុងទីក្រុងប៉េកាំងបានរំឭកថា ប្រទេស ចិន អាចមិនដកថយទេ បើអាមេរិកចង់ពិភាក្សាអំពីការឧបត្ថម្ភធនរដ្ឋក្រៅក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងរបស់អង្គការពាណិជ្ជកម្មពិភពលោកនោះ។
លោកថ្លែងថា៖ «ខ្ញុំខ្លាចថា វានឹងលំបាកក្នុងការដោះស្រាយបញ្ហាបានទាំងស្រុងនៅខែនេះ»។
ឱនភាពពាណិជ្ជកម្ម
អតិរេកពាណិជ្ជកម្មដ៏រសើបផ្នែកនយោបាយរបស់ចិនជាមួយអាមេរិក បានកើនឡើងដល់កម្រិតខ្ពស់បំផុត ៣២៣,៣ ពាន់លានដុល្លារកាលពីឆ្នាំមុន ខណៈដែលពន្ធគយសងសឹកទៅវិញទៅមកបានធ្វើឲ្យអតិថិជនចិនងាកចេញពីការទិញទំនិញថាមពល និងទំនិញកសិកម្មរបស់អាមេរិក។
ទីក្រុងប៉េកាំងបានប្តេជ្ញាថានឹងបង្កើនការទិញសណ្តែកសៀង និងទំនិញផ្សេងទៀតរបស់អាមេរិក ដើម្បីជំរុញសេតវិមានឲ្យដើរឆ្ពោះទៅរកការសម្រេចបានកិច្ចព្រមព្រៀងមួយ។ កាលពីថ្ងៃសុក្រ សេតវិមានបានសង្កត់ធ្ងន់អំពីការចរចាស្តីពីការទិញនានា ដើម្បីកាត់បន្ថយ «ឱនភាពពាណិជ្ជកម្មទ្វេភាគីដ៏ច្រើន និងរ៉ាំរ៉ៃ»។
ប៉ុន្តែការសម្រុកទិញណាមួយនឹងត្រូវពឹងផ្អែកខ្លាំងលើក្រុមហ៊ុនរដ្ឋចិន ដែលទីក្រុងវ៉ាស៊ីនតោន កំពុងព្យាយាមផាត់ចេញ។
អាចសម្រេចបានកិច្ចព្រមព្រៀង?
ភាគីទាំង ២ កំពុងធ្វើការងារឆ្ពោះទៅរកការសម្រេចបានអនុស្សរណៈនៃការយោគយល់មួយ ដើម្បីនិយាយលម្អិតអំពីការប្តេជ្ញាចិត្តនានាមុនពេលមានការជួបប្រជុំដែលអាចកើតមានណាមួយរវាងលោក ត្រាំ និងលោក ស៊ី។
ការធ្វើតេស្តនឹងជាការថា តើលោក ត្រាំ អាចយល់ព្រមទៅនឹងកិច្ចព្រមព្រៀងមួយដើម្បីដោះស្រាយឱនភាពពាណិជ្ជកម្ម ដែលមិនមានការផ្លាស់ប្តូររចនាសម្ព័ន្ធដែរឬយ៉ាងណា?
កាលពីដើមខែនេះ លោក ត្រាំ បានថ្លែងទៅកាន់សាធារណជនថា កិច្ចព្រមព្រៀងមួយ «ត្រូវតែរួមបញ្ចូលទាំងការផ្លាស់ប្តូររចនាសម្ព័ន្ធពិតប្រាកដ ដើម្បីបញ្ចប់ការអនុវត្តពាណិជ្ជ កម្មមិនស្មើភាព» ប៉ុន្តែក្រុមអ្នកវិភាគចិននិយាយថា ការណ៍នោះនឹងត្រូវចំណាយពេល។
លោក Zhang Yansheng ប្រធានអ្នកស្រាវជ្រាវប្រចាំមជ្ឈមណ្ឌលចិនសម្រាប់ការដោះដូរសេដ្ឋកិច្ចអន្តរជាតិ បានថ្លែងថា៖ «យើងជាប្រទេសដើរទៅមុខយឺតៗ។ ការអត់ធ្មត់ខ្លាំងចាំបាច់ត្រូវតែមាន»។ លោកបន្ថែមថា ការចរចាពីការដាក់បញ្ចូលប្រទេស ចិន ទៅក្នុងអង្គការពាណិជ្ជកម្មពិភពលោកបានចំណាយពេលជាង ១ ទសវត្សរ៍៕ AFP/LA


