ភ្នំពេញ: ជាមួយនឹងដំណឹងនៃការត្រៀមចុះបញ្ជីជាទីក្រុងបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ក្រុងបាត់ដំបងបាននិងកំពុងផ្លាស់ប្តូរមុខមាត់ថ្មីជាបណ្តើរៗ ស្របពេលកំណើនតម្លៃដីធ្លីក្នុងទីក្រុងនេះមានល្បឿនយឺតៗនៅឡើយ។
លោក ងួន រតនៈ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យសាលា ខេត្តបាត់ដំបង បានប្រាប់ ប៉ុស្តិ៍ អចលនទ្រព្យ កាលពីពេលថ្មីៗនេះថា ក្រុងបាត់ដំបងបានទទួលពានរង្វាន់ផ្ការំដួលចំនួនបីទងជាថ្មីនៅក្នុងចលនាប្រឡងប្រណាំងទីក្រុងស្អាតរបស់ក្រសួងទេសចរណ៍ ឆ្នាំ២០១៤ និងបានទទួលពិន្ទុខ្ពស់ជាងទីក្រុងដទៃទៀតនៅទូទាំងប្រទេស។
លោកបានបន្តថា ការទទួលបានចំណាត់ថ្នាក់នេះផ្អែកតាមការវាយតម្លៃលើសូចនាករស្នូលគោលចំនួន ៤ និងសូចនាករលម្អិតចំនួន ៣៣ ទៀត។ សូចនាករ ស្នូលគោលទាំងបួននោះគឺផ្តោតលើហេដ្ឋារចនាសម្ព័ន្ធ ការគ្រប់គ្រងកាកសំណល់រឹងរាវ និងផែនការគ្រប់គ្រងទីក្រុងឲ្យមាននិរន្តរភាព ជាដើម។
លោកមានប្រសាសន៍ថា៖ «ក្រុងបាត់ដំបង អភិវឌ្ឍមិនលឿន និងមិនយឺត គឺធ្វើឡើងតាមសមត្ថភាពរបស់មូលដ្ឋាន ព្រោះអ្នកអភិវឌ្ឍន៍នៅក្រុងនេះភាគច្រើនសុទ្ធតែអ្នករស់នៅក្នុងមូលដ្ឋានតែម្តង»។
លោកបានបន្តថា៖ «ប្រសិនបើក្រុងនេះបានជាប់ជាទីក្រុងបេតិកភណ្ឌរបស់អង្គការយូណេស្កូ វានឹងមានតម្លៃផ្នែកវប្បធម៌ខ្លាំងណាស់ ព្រោះអាចទាក់ទាញភ្ញៀវទេសចរឲ្យមកកម្សាន្តបានកាន់តែច្រើន។ នៅពេលណាភ្ញៀវទេសចរចូលមកច្រើន នឹងបង្កើតការងារ និងប្រាក់ចំណូលជូនប្រជាជនបានកាន់តែច្រើនឡើងដែរ»។
ក្រុងបាត់ដំបង មានសង្កាត់ចំនួន ១០ និងមានប្រជាពលរដ្ឋរស់នៅជាង ១៤០ ០០០ នាក់។

លោក ថុក សុខុម ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងអាស៊ាននៃក្រសួងទេសចរណ៍ ដែលជាអ្នកសម្របសម្រួលគម្រោងខាងលើធ្លាប់បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា គម្រោងចុះបញ្ជីទីក្រុងប្រវត្តិសាស្ត្រទាំងបី (ក្រុងបាត់ដំបង ក្រុងកំពត និងក្រុងក្រចេះ) គឺជាឧបករណ៍ដ៏សំខាន់មួយក្នុងការផ្សព្វផ្សាយពីសក្តានុពលវិស័យទេសចរណ៍កម្ពុជា ដោយវានឹងរួមចំណែកក្នុងការបង្កើនភាពទាក់ទាញភ្ញៀវទេសចរអន្តរជាតិឲ្យចូលមកកម្ពុជាបានកាន់តែច្រើន។
តែទោះបីជាយ៉ាងណា លោកបញ្ជាក់ថា ការទទួលបានភាពជោគជ័យពីការសម្រេចចុះបញ្ជីនឹងត្រូវការពេលយូរទៀត ដោយយ៉ាងហោចណាស់ក៏បីឆ្នាំបន្ថែមទៀតដែរ បើគិតចាប់ពីពេលនេះទៅ។ ដើម្បីអាចឲ្យក្រុងទាំងបីចុះបញ្ជីក្នុងកម្មវិធីអភិរក្សរបស់អង្គការយូណេស្កូបានលុះត្រាតែក្រុងទាំងនេះចាំបាច់ត្រូវមានការទទួលស្គាល់ថា ជាសម្បត្តិបេតិកភណ្ឌជាតិជាមុនសិន។
លោកថ្លែងថា៖ «នៅពេលគម្រោងនេះបានសម្រេច វានឹងបង្ហាញថា យើងមានទីក្រុងដែលមានអរិយធម៌ខ្ពង់ខ្ពស់ដែលជាចំណុចគន្លឹះក្នុងការទាក់ទាញភ្ញៀវទេសចរ»។
លោកបន្តថា៖ «ក្រុងរបស់យើងមានលក្ខខណ្ឌសមស្របហើយ តែអ្វីដែលសំខាន់នាពេលនេះគឺយើងត្រូវមានក្រុមការងារជាក់លាក់ក្នុងការធ្វើការងារ ដើម្បីរៀបចំឯកសារនានាសម្រាប់ឲ្យគេវាយតម្លៃ។ ឲ្យតែយើងធ្វើការ និងមានឯកសារគ្រប់គ្រាន់ ខ្ញុំជឿថា ដំណើរការដើម្បីបានការទទួលស្គាល់នឹងមានភាពឆាប់រហ័ស»។
លោក សេង សុភ័ក្រ ប្រធានផ្នែកវាយតម្លៃនៃក្រុមហ៊ុនអចលនទ្រព្យកម្ពុជា ស៊ីភីអិល បានថ្លែងថា ដោយសារក្រុងបាត់ដំបង មិនមានការអភិវឌ្ឍលឿនដូចក្រុងព្រះសីហនុ ខេត្តសៀមរាប ឬរាជធានីភ្នំពេញ នោះទេ ទើបបានជាតម្លៃដីធ្លីក្នុងក្រុងនេះមានកំណើនយឺតគឺក្នុងរង្វង់ពី ៥ ទៅ ១០ ភាគរយកាលពីឆ្នាំមុន។
លោក សុភ័ក្រ បានឲ្យដឹងទៀតថា តម្លៃដីនៅតំបន់ពាណិជ្ជកម្មក្នុងក្រុងបាត់ដំបង មានតម្លៃចាប់ពី ១៥០០ ទៅ ២០០០ ដុល្លារហើយតំបន់ថ្លៃជាងគេមានស្ថិតនៅតាមផ្លូវលេខ ១ និងផ្លូវលេខ៣។ រីឯដីនៅតំបន់ផ្លូវតូចៗមានតម្លៃចន្លោះពី ៦០០ ទៅ ១០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។
លោកបានអះអាងថា៖ «ប្រសិនបើក្រុងនេះបានចុះក្នុងបញ្ជីបេតិកភណ្ឌរបស់អង្គការយូណេស្កូ មែនវានឹងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនទៅកម្សាន្តនៅទីនោះ ព្រោះបច្ចុប្បន្នមានភ្ញៀវទេសចរច្រើនហើយទៅទស្សនាទីក្រុងនេះ»។
ប្រធានវាយតម្លៃអចលនទ្រព្យនៃក្រុមហ៊ុនអចលនទ្រព្យ ថោន ស៊ីធី បានយល់ឃើញស្រដៀងនឹងការលើកឡើងខាងលើដែរ ដោយលោកបានប្រាប់ថា ក្រុងបាត់ដំបង ពិតមានការអភិវឌ្ឍយឺតបន្តិច ព្រោះគម្រោងអភិវឌ្ឍន៍នៅតំបន់ជាយៗក្រុងមិនសូវដំណើរការល្អទេ តែបុរីមួយនៅក្នុងក្រុងនេះក៏បានទទួលជោគជ័យផងដែរ។ តម្លៃដីនៅជាយក្រុងមានកំណើនមិនដល់ ៥ ភាគរយនោះទេក្នុងមួយឆ្នាំទេ តែបើនៅកណ្តាលក្រុងតម្លៃដីអាចហក់ឡើងខ្ពស់ជាងនេះ។
លោកបានបន្តថា នៅក្នុងក្រុងបាត់ដំបង ក៏មានការសាងសង់សណ្ឋាគារធំៗផងដែរ។ តែទោះជាយ៉ាងណាសណ្ឋាគារមួយចំនួនក៏លំបាកដំណើរការផងដែរ ដោយសារតែចំនួនភ្ញៀវនៅមានកម្រិត។
លោកបានថ្លែងថា៖ «បើអភិវឌ្ឍអចលនទ្រព្យក្នុងក្រុងនេះអត្រាជោគជ័យ គឺមានកម្រិតទាប ព្រោះវាល្អតែនៅកណ្តាលក្រុង រីឯតំបន់ជាយក្រុងមិនជោគជ័យទេ ប៉ុន្តែខ្ញុំទទួលស្គាល់ថា ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងបរិស្ថានរបស់ទីក្រុងនេះពិតជាស្អាត និងមានរបៀបរៀបរយ»។
លោកបានបន្តថា៖ «ប្រសិនបើក្រុងនេះចុះចូលក្នុងបញ្ជីទីក្រុងបេតិកភណ្ឌហើយរីកចម្រើន ឬអត់ខ្ញុំមិនហ៊ាននិយាយទេ គឺយើងត្រូវពិនិត្យទៅលើស្នូលរបស់វាជាអ្វី។ តែទោះបីជាយ៉ាងណាខ្ញុំទទួលស្គាល់ថា បើក្រុងនេះបានចុះក្នុងបញ្ជីមែនវានឹងជួយឲ្យការផ្សព្វផ្សាយកាន់តែទូលំទូលាយ មានការចាប់អារម្មណ៍ និងធ្វើឲ្យគេស្គាល់កាន់តែច្រើន»៕


