
ភ្នំពេញ: តម្រូវការឃ្លាំងជួលក្នុងរយៈពេល ៥ ខែនាដើម ឆ្នាំ២០១៥ នេះបានបង្ហាញសញ្ញាកើនឡើងជាលំដាប់នេះបើតាមអ្នកជំនាញផ្នែកអចលនទ្រព្យក្នុងស្រុកប្រាប់ឲ្យដឹងកាលពីដើមសប្តាហ៍នេះ។
ប្រធានក្រុមហ៊ុន ថោន ស៊ីធី រៀលអេស្ទេត លោក វ៉ន ចាន់ថន បាននិយាយថា តម្រូវការឃ្លាំងជួលកើនឡើងក្នុងរយៈពេលប្រាំខែដំបូងនេះបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពី ឆ្នាំ២០១៣ ដោយបច្ចុប្បន្ននេះមានអតិថិជនជាច្រើនបានទាក់ទងមកក្រុមហ៊ុនរបស់លោកឲ្យជួយរកឃ្លាំងជួល។
លោកបានបន្តថា តំបន់ដែលមានតម្រូវការឃ្លាំងជួលច្រើនមានដូចជានៅតំបន់ ចំការដូង ចោមចៅ និងតាមផ្លូវ វេងស្រេង ព្រមទាំងតាមបណ្តោយផ្លូវជាតិលេខ ៣ និងផ្លូវជាតិលេខ ៤ ផងដែរ។ លោក ចាន់ថន ថ្លែងថា៖ «ឃ្លាំងដែលមានតម្រូវការច្រើនគឺមានទំហំជាចាប់ពី ៣០០០ ទៅ ៦០០០ ម៉ែត្រការ៉េ»។
នាយកក្រុមហ៊ុន ថោន ស៊ីធី បានឲ្យដឹងទៀតថា បច្ចុប្បន្ននេះឃ្លាំងជួលមានតម្លៃក្នុង ១ ខែជាមធ្យម ១,៨ ដុល្លារ ក្នុង ១ ម៉ែត្រការ៉េ។ ចំណែកការធ្វើកិច្ចសន្យាជួលគេតែងធ្វើមានរយៈពេលយ៉ាងតិច ៣ ឆ្នាំ។
ខណៈការធ្វើសមាហរណកម្មសេដ្ឋកិច្ចទៅក្នុងតំបន់អាស៊ាននាចុង ឆ្នាំ២០១៥ ជិតចូលមកដល់នោះ លោក ចាន់ថន មានសុទិដ្ឋិនិយមយ៉ាងខ្លាំងចំពោះតម្រូវការឃ្លាំងដោយលោកបានអះអាងថា៖ «តម្រូវការឃ្លាំងជួលនឹងកើនឡើងទ្វេដង ព្រោះពេលនោះនឹងមានអ្នកវិនិយោគជាច្រើនចូលមកកម្ពុជា។ នៅពេលណាមានការវិនិយោគតម្រូវការឃ្លាំងស្តុកវត្ថុធាតុដើមនិងទំនិញនឹងកើនឡើង»។
លោក ស៊ា ឆៃលីន នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ ស៊ីអិល រៀលធី បានឲ្យដឹងថា តម្រូវការឃ្លាំងជួលក្នុងរយៈពេល ៥ខែ ឆ្នាំ២០១៤ នេះបានការកើនឡើងជាបន្តបន្ទាប់។ ឃ្លាំងជួលមានតម្រូវការច្រើននៅតំបន់រាជធានីភ្នំពេញដូចជា តំបន់ផ្លូវ វេងស្រេង និងចោមចៅ ដោយនៅតំបន់នោះឃ្លាំងភាគច្រើនមានទំហំចាប់ពី ៣០០ ទៅ ៨០០ ម៉ែត្រការ៉េ ខណៈឃ្លាំងជួលមានទំហំចាប់ពី ១០០០ ដល់ជាង ៣០០០ ម៉ែត្រការ៉េ ភាគច្រើនស្ថិតនៅតាមជាយក្រុង។ ការជួលឃ្លាំងភាគច្រើនមានរយៈពេលចាប់ពី ៣-១០ ឆ្នាំ។ ឃ្លាំងជួលបច្ចុប្បន្នមានតម្លៃចាប់ពី ១,៨-២,២ ដុល្លារអាមេរិកក្នុង ១ ម៉ែត្រការ៉េ ដោយវាអាស្រ័យតាមទំហំ ការរៀបចំ ប្រព័ន្ធផ្លូវថ្នល់ ភ្លើងអគ្គិសនី ទឹកស្អាត ទឹកសម្អុយ… និងចម្ងាយផ្លូវជាដើម។
នាយកប្រតិបត្តិនៃក្រុមហ៊ុន ស៊ីអិល រៀលធី បានលើកឡើងទាក់ទងនឹងរយៈពេលនៃការធ្វើកិច្ចសន្យាថា៖ «ការធ្វើកិច្ចសន្យាជួលឃ្លាំងមានរយៈពេលយ៉ាងតិច ៣ ឆ្នាំហើយច្រើនបំផុត ១០ ឆ្នាំប៉ុន្តែជាមធ្យមមានចំនួន ៥ ឆ្នាំ។ ការចុះកិច្ចសន្យាធ្វើឲ្យអ្នកជួល និងម្ចាស់ឃ្លាំងមានភាពច្បាស់លាស់ក្នុងការជួលនិងប្រើប្រាស់ឃ្លាំង»។ លោកប្រាប់ទៀតថា អតិថិជនដែលមករកជួលឃ្លាំងមានទាំងអតិថិជនក្នុងស្រុក និងក្រៅស្រុក។
នាយកក្រុមហ៊ុន ខេមបូឌា ត្រាស់ រៀលអេស្ទេត លោក អ៊ុំ វុត្ថា បានថ្លែងថា តម្រូវការឃ្លាំងជួលបច្ចុប្បន្នបានកើនប្រហែល ១០ ទៅ ១៥ ភាគរយក្នុងរយៈពេល ៥ ខែដំបូងដើមឆ្នាំនេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈមានក្រុមហ៊ុនវិនិយោគជាច្រើនកំពុងមកចុះបញ្ជីពាណិជ្ជកម្ម ដែលនឹងធ្វើឲ្យតម្រូវការឃ្លាំងកើនឡើង។
លោកនិយាយថា តម្លៃឃ្លាំងជួលនៅជុំវិញរាជធានីភ្នំពេញ មានតម្លៃជាមធ្យមចាប់ពី ១,៦ ទៅ ១,៨ ដុល្លារក្នុង ១ ម៉ែត្រការ៉េសម្រាប់រយៈពេល ១ ខែខណៈនៅតំបន់ជាយក្រុងអាចមានតម្លៃប្រហែល ១,២ ដុលារក្នុង ១ ម៉ែត្រការ៉េ។ លោកបានបន្តទៀតថា ទំហំឃ្លាំងជួលដែលអតិថិជនត្រូវការច្រើនមានចាប់ពី ៣០០០-៤០០០ ម៉ែត្រការ៉េនិងទំហំធំមានចាប់ពី ៧០០០ ទៅ ៨០០០ ម៉ែត្រការ៉េ។
លោកបានថ្លែងថា៖ «តំបន់ដែលមានតម្រូវការច្រើនគឺនៅតំបន់ ស្ទឹងមានជ័យ ចោមចៅ និងនៅតាមផ្លូវ វេងស្រេង ហើយឃ្លាំងជួលដែលសាងសង់មានស្តង់ដារត្រឹមត្រូវតាមបទដ្ឋានបើទោះបីជាមានតម្លៃថ្លៃបន្តិច ក៏នៅតែមានអ្នកជួលជួលដែរ ព្រោះមានភាពងាយស្រួលក្នុងការចេញចូលងាយស្រួលស្តុកទំនិញមានប្រព័ន្ធលូ និងអគ្គិសនីល្អ និងមានការិយាល័យត្រឹមត្រូវផងដែរ»។
លោកបានអះអាងថា៖ «ប្រសិនបើប្រទេសយើងមិនមានវិបត្តិនយោបាយធ្ងន់ធ្ងរទេ តម្រូវការឃ្លាំងនឹងបន្តកើនឡើងច្រើនទៀតនៅពេលការធ្វើសមាហរណកម្មសេដ្ឋកិច្ចអាស៊ានឈានចូលមកដល់នាពេលខាងមុខ»៕


