
ប៉េកាំង: ការលក់ផ្ទះរបស់ ប្រទេសចិន បានធ្លាក់ចុះចំនួន ១៨ ភាគរយក្នុង ខែមេសា ចំពេលមានភាពតានតឹងផ្នែកឥណទានដែលនេះជាសញ្ញាបង្ហាញពីការធ្លាក់ចុះក្នុងប្រទេសដែលមានសេដ្ឋកិច្ចធំលំដាប់ ទី២ នៅលើពិភពលោកនេះ។
ទឹកប្រាក់ដែលបានពីការលក់ផ្ទះបានធ្លាក់ចុះមកនៅត្រឹម ៤១៨ ពាន់លានយន់ (ប្រហែល ៦៧ ពាន់លានដុល្លារ) ពីចំនួន ៥០៩ ពាន់លានយន់ (៨១,៦ ពាន់លានដុល្លារ) កាលពី ខែមីនា នេះបើយោងតាមទិន្នន័យរបស់ការិយាល័យស្ថិតិជាតិ។
ទឹកប្រាក់ដែលបានពីការលក់ចាប់ពី ខែមករា ដល់ ខែមេសា បានធា្លក់ចុះចំនួន ៩,៩ ភាគរយស្មើ ១,៥៣ ពាន់ពាន់លានយន់ នេះបើតាមទិន្នន័យដែលបានបង្ហាញនៅថ្ងៃអង្គារ។
វិធានការទៅលើឥណទានថ្មីរបស់ប្រទេសនេះបានបរាជ័យកាលពីខែមុនខណៈដែលអាជ្ញាធរបានបន្ថែមវិធានការផ្សេងៗ។
ការលក់ផ្ទះថ្មីៗក្នុងទីក្រុងចំនួន ៥៤ នាអំឡុងថ្ងៃឈប់សម្រាកពីថ្ងៃ ទី១ ដល់ថ្ងៃ ទី៣ ក្នុង ខែឧសភា បានធ្លាក់ចុះ ៤៧ ភាគរយស្មើនឹង ២៣៦ ០០០ ម៉ែត្រការ៉េដែលជាការធ្លាក់ចុះរយៈពេល ៤ខែ នេះបើតាមអ្នករកស៊ីលក់ដូរផ្ទះនៅឯ Centaline Group។
លោក Dai Fang អ្នកវិភាគផ្នែកអចលនទ្រព្យដែលមានមូលដ្ឋាននៅ ទីក្រុងស៊ាងហៃ របស់ក្រុមហ៊ុន Zheshang Securities Co. បានថ្លែងថា៖ «ទិន្នន័យអចលនទ្រព្យដែលកំពុងធ្លាក់ចុះនៅនេះកំពុង តែធ្វើឲ្យមានការធ្លាក់ចុះផ្នែកសេដ្ឋកិច្ចផងដែរ។ វិធានការដែលនឹងធ្វើឲ្យមានភាពធូរស្រាលឡើងវិញរបស់រដ្ឋគឺមិនអាចទៅរួចទេ ចំពោះការធ្វើឲ្យមានភាពធូរស្រាលឡើងវិញក្នុងទីផ្សារនេះ។
យ៉ាងហោចណាស់មានទីក្រុងតូចៗរបស់ ប្រទេសចិន ចំនួន ៦ បានឈប់អនុវត្តការគ្រប់គ្រងលើការទិញផ្ទះចាប់តាំងពីចុង ខែមេសា មក។ ប៉ែកខាងជើងនៃ ទីក្រុងជាំងស៊ូ ក្នុង ខេត្តហៃណាន បានចេញសេចក្តីព្រាងមួយដើម្បីធ្វើឲ្យមានការទិញផ្ទះមានភាពងាយស្រួលជាពិសេសផ្ទះសម្រាប់ប្រជាជនដែលមានប្រាក់ចំណូលទាប និងមធ្យមនេះបើតាមរបាយការណ៍ដែលដាក់បង្ហាញលើគេហទំព័ររបស់រដ្ឋាភិបាលកាលពីថ្ងៃ ទី៧ ខែឧសភា៕ SM


