អាមេរិកៈ ក្រុមហ៊ុន Google Inc កំពុងបង្កើនល្បឿនសម្រេចកិច្ចព្រមព្រៀងអចលនទ្រព្យមួយ ដោយចំណាយថវិកា ៥៨៥ លានដុល្លារ ទិញយកអគារការិយាល័យ Silicon Valley ជាងពាក់កណ្តាល និងព្រមព្រៀងជួលទីធ្លាអគារទាំងមូលដើម្បីប្រែក្លាយទីតាំងនោះសម្រាប់ក្រុមការងាររបស់ខ្លួនដែលកំពុងកើនឡើង។
ម្ចាស់ក្រុមហ៊ុន Google Inc បានទិញយកអគារការិយាល័យចំនួន ៦ នៅមជ្ឈមណ្ឌល Pacific Shores ក្នុង ទីក្រុង Redwood រដ្ឋកាលីហ្វ័រនីញ៉ា ពីក្រុមហ៊ុន Starwood Capital Group LLC និងក្រុមហ៊ុន Blackstone Group LP។ ក្រុមហ៊ុននេះក៏មានបំណងទិញយកអគារការិយាល័យនៅ Moffett Place ទាំងអស់ផងដែរ ពោលគឺជាអគារការិយាល័យចំនួន ៦ ដែលអភិវឌ្ឍលើផ្ទៃដីទំហំ ២២ ហិកតាក្បែរទីក្រុង Sunnyvale។ នេះបើតាមលោក Meghan Casserly អ្នកនាំពាក្យរបស់ក្រុមហ៊ុន Google។
Google ដែលមានមូលដ្ឋាននៅទីក្រុង Mountain View បានចំណាយប្រាក់រាប់ពាន់លានដុល្លារលើការជួល និងទិញអគារការិយាល័យខណៈក្រុមហ៊ុននេះកំពុងជួលបុគ្គលិកបន្ថែម និងទិញយកក្រុមហ៊ុនផ្សេងៗ។ ក្រុមហ៊ុនបានឲ្យដឹងក្នុងរបាយការណ៍ប្រចាំត្រីមាសរបស់ខ្លួនកាលពីថ្ងៃសុក្រកន្លងទៅនេះថា ក្រុមហ៊ុនរបស់ខ្លួនបានចុះហត្ថលេខាជួលអគារការិយាល័យដែលមានតម្លៃសរុប ១ ពាន់លានដុល្លាររហូតដល់ ឆ្នាំ២០១៨ និងបានទិញដីមួយកន្លែងរួមទាំងអគារក្នុងតម្លៃ ៥៨៥ លានដុល្លារ។
លោក Mark Kuiper អនុប្រធានជាន់ខ្ពស់ប្រចាំក្រុមហ៊ុន Colliers International នៅទីក្រុង San Jose ក្នុង រដ្ឋកាលីហ្វ័រនីញ៉ា ថ្លែងថា៖ «ខ្ញុំពុំអាចបង្ហាញពីក្រុមហ៊ុនបច្ចេកវិទ្យាធំផ្សេងទៀត ដែលបានទិញអចលនទ្រព្យច្រើនក្នុងរយៈពេលដ៏ខ្លីបែបនេះទេ។ ក្រុមហ៊ុន Google គឺជានិយោជកដ៏ធំមួយ»។
ក្រុមហ៊ុននេះ មានបុគ្គលិកបម្រើការពេញម៉ោងចំនួន ៥៥ ០៣០ នាក់គិតត្រឹមថ្ងៃ ទី៣០ ខែកញ្ញា ពោលគឺកើនឡើងជិត ១៩ ភាគរយធៀបនឹងរយៈពេលដូចគ្នាពីឆ្នាំមុន។ នេះបើតាមឯកសាររបស់ Google។
ប្រភពនៅលើគេហទំព័រក្រុមហ៊ុន Google បង្ហាញថា កិច្ចព្រមព្រៀងអចលនទ្រព្យនាពេលថ្មីៗនេះទាក់ទងនឹងគម្រោងមួយចំនួនត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Jay Paul Co។
គម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌល Moffett Place របស់ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុង Francisco នេះមានផ្ទៃក្រឡា ១៧៧ ០០០ ម៉ែត្រការ៉េ៕

