Burj Khalifa ជាអគារខ្ពស់ជាងគេនៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ ជាមួយនឹងកម្ពស់ ៨២៨ ម៉ែត្រ ស្ថិតក្នុង ទីក្រុងឌូបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម។
ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Grand Canal Land កាលពីពេលថ្មីៗនេះបានបង្ហាញពីគម្រោងសាងសង់អគារការិយាល័យ និងសណ្ឋាគារដ៏ធំមួយដែលមានកម្ពស់ ១២៥ ជាន់ ហើយតាមរយៈគម្រោងនេះ ទីក្រុងបាងកក នឹងក្លាយជាកន្លែងដែលមានអគារខ្ពស់ជាងគេនៅអាស៊ីអាគ្នេយ៍។
ក្រោមទុនវិនិយោគ ១៨ ពាន់លានបាត (៥៥៧ លានដុល្លារអាមេរិក) អគារ «Rama IX Super Tower» នេះនឹងមានកម្ពស់សរុប ៦១៥ ម៉ែត្រ។ តាមផែនការការសាងសង់អគារនេះនឹងត្រូវបញ្ចប់នៅក្នុង ឆ្នាំ២០១៩ លើផ្ទៃដី ១១៦ ៨០០ ម៉ែត្រការ៉េ ស្ថិតនៅតំបន់ Grand Rama 9 ក្បែរចំណុចប្រសព្វផ្លូវ Ratchadapisek។
អគារនេះអាចនឹងក្លាយជាអគារ ទី២ ដែលខ្ពស់ជាងគេនៅលើពិភពលោកដោយមានកម្ពស់ ៦១៥ ម៉ែត្រ។
តែទោះបីយ៉ាងណា Super Tower ដែលមានទំហំ ៣២០ ០០០ ម៉ែត្រការ៉េនេះមិនទាន់បានកំណត់ឈ្មោះជាផ្លូវការទេ ខណៈបច្ចុប្បន្នកំពុងឌីហ្សាញដោយក្រុមហ៊ុន Architects 49 Ltd។ គម្រោងនេះទំហំ ៩០០០០ ម៉ែត្រការ៉េនឹងត្រូវប្រើប្រាស់ជាការិយាល័យជួល និងសណ្ឋាគារលំដាប់ផ្កាយ ៦ ដែលមាន ២៦០ បន្ទប់។
បច្ចុប្បន្ន Baiyok II tower គឺជាអគារខ្ពស់ជាងគេនៅ ប្រទេសថៃ មានកម្ពស់ ៣២៨,៨ ម៉ែត្រ ស្មើនឹង ៨៥ ជាន់ ខណៈអគារខ្ពស់ ទី២ Mahanakhon ដែលគ្រោងបញ្ចប់ការសាងសង់នៅ ឆ្នាំ២០១៦ មានកម្ពស់ ៣១៤ ម៉ែត្រ។
ប្រសិនបើអគារនេះចាប់ផ្តើមធ្វើនៅពេលនេះ វានឹងក្លាយជាអគារខ្ពស់ជាងគេ ទី៣ នៅលើពិភពលោកនិងខ្ពស់ជាងគេនៅអាស៊ីអាគ្នេយ៍ ខណៈអគារខ្ពស់បំផុតប្រចាំតំបន់នាពេលនេះ គឺអគារភ្លោះ Patronas ដែលមានកម្ពស់ ៣៧៥ ម៉ែត្រ។
លោក Yothin Boondicharern ប្រធានក្រុមហ៊ុន G Land បានប្រាប់ថា អគារថ្មីនេះនឹងប្រែក្លាយ Grand Rama 9 ឲ្យទៅជាតំបន់ដែលមានភាពរស់រវើក៕


