ភ្នំពេញ៖ អាហារឆ្ងាញ់ផ្សំគ្រឿងបែបប្រពៃណី ប្រហុកខ្មែរ ជាផលិតផលក្នុងស្រុកថ្មីមួយ គ្រោងនឹងចេញលក់នៅលើទីផ្សារអឺរ៉ុប។ អាហារប្រពៃណីដូនតាខ្មែរនេះ ត្រូវបានរៀបចំឡើងយ៉ាងស្រស់ស្អាតបែបបស្ចឹមប្រទេសជាមួយរសជាតិបែបអាស៊ីអាគ្នេយ៍។
ប្រហុកដែលមានត្រីជាគ្រឿងផ្សំចម្បងជាមួយអំបិល ត្រូវបានប្រើក្នុងមុខម្ហូបបែបប្រណិត ដោយបង្ហាញពីភាពទាក់ទាញលើសពីមុខម្ហូបបែបប្រពៃណីខ្មែរ។
គំនិតផ្តួចផ្តើមការនាំចេញនេះមានគោលបំណងណែនាំរសជាតិពិសេសរបស់ប្រហុកខ្មែរទៅកាន់ក្រអូមមាត់ទាំងប្រជាជនខ្មែរ និងអឺរ៉ុប។
លោក សេតធី ស៊ីថារ៉ាម៉ា ថមបាធូ ប្រធានទីប្រឹក្សាបច្ចេកទេសរបស់អង្គការអភិវឌ្ឍន៍ឧស្សាហកម្មរបស់អង្គការសហប្រជាជាតិ (UNIDO) បានឱ្យដឹងថា ម្សៅប្រហុកខ្មែរនេះមានការកែច្នៃដោយយកចិត្ដទុកដាក់បំផុត។
លោកបានថ្លែងថា៖ «ដំបូងឡើយ ខ្ញុំគិតថា ផលិតផលនេះប្រើប្រភេទម្សៅទឹកដោះគោសម្រាប់បំបាត់ក្លិនប្រហុក ឬបង្កើតជាផលិតផលម្សៅប្រហុក។ ប៉ុន្ដែយើងដឹងថា ម្សៅទឹកដោះគោអាចបង្កជាប្រតិកម្មចំពោះអ្នកប្រើប្រាស់មួយចំនួន។ ដូច្នេះ យើងបានស្នើឱ្យប្រើជាប្រភេទម្សៅអង្ករ ឬម្សៅដែលច្នៃពីដំឡូងមីជាដើម ជាប្រាកដជាសមប្រកបចំពោះអ្នកប្រើប្រាស់»។
យ៉ាងណាមិញ កិច្ចខិតខំប្រឹងប្រែងនាំយកប្រហុកខ្មែរទៅកាន់ទីផ្សារអឺរ៉ុបបង្ហាញទាំងឱកាស និងបញ្ហាប្រឈម។
ផលិតករកម្ពុជាប្រឈមមុខនឹងការប្រកួតប្រជែងខ្លាំងពីប្រទេសជិតខាង ដូចជាប្រទេសថៃ និងវៀតណាម ដែលបានបង្កើតវត្តមាននៅលើទីផ្សារអន្តរជាតិរួចហើយជាមួយនឹងផលិតផលប្រពៃណីរបស់ខ្លួន។
លោក ហៃ លីអ៊ាង ប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Confirel បាននិយាយថា៖ «ទោះជាយ៉ាងនេះក្តី ប្រហុកខ្មែរមានគុណសម្បតិ្តពិសេស។ ទម្រង់រសជាតិដ៏ប្លែករបស់វា រួមផ្សំជាមួយនឹងភាពងាយស្រួលពេលបំប្លែងទៅជាម្សៅ ផ្តល់នូវអ្វីដែលថ្មី និងផាសុកភាពដល់ចុងភៅអឺរ៉ុប និងអ្នកទទួលទាន»។
ជាងនេះទៅទៀត ប្រហុកខ្មែរ ត្រូវបានទទួលស្គាល់ចំពោះស្ដង់ដាគុណភាពនៃវិញ្ញាបនបត្រនិមិត្ដសញ្ញាគុណភាពផល ផលិតផលជលផលកម្ពុជា (CQS) និងការវិភាគគ្រោះថ្នាក់ និងចំណុចត្រួតពិនិត្យសំខាន់ៗ (HACCP) ដែលធានាថា ផលិតផលមានសុវត្ថិភាព និងអាចទុកចិត្តបានសម្រាប់ទីផ្សារអន្តរជាតិ។
កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្នុងចំណោមបេក្ខភាពជាច្រើន បច្ចុប្បន្ននេះ ការគាំទ្រការវិនិយោគខ្សែសង្វាក់តម្លៃ គម្រោងផ្លូវលឿន (VCIS-FTS) បានផ្ដល់អត្ថប្រយោជន៍ដល់សហគ្រាសចំនួន ២៨ ដោយ ១៧ សហគ្រាស សម្រេចបានវិញ្ញាបនប័ត្រ CQS។
កញ្ញានិយាយថា សហគ្រាសចំនួនបួនដែលមានសក្តានុពលសម្រាប់ការនាំចេញរបស់សហភាពអឺរ៉ុបកំពុងទទួលបាន (HACCP) និងប្រព័ន្ធតាមដានឌីជីថល។
កញ្ញា រចនា បានថ្លែងថា៖ «ដោយសហការជាមួយស្ថាប័នពាក់ព័ន្ធ និងដៃគូ ក្រសួងបានផ្សព្វផ្សាយយ៉ាងសកម្មនូវផលិតផលដែលទទួលបានការបញ្ជាក់ CQS នៅលើទីផ្សារអន្តរជាតិ»។
លោក ថមបាធូ បានបន្ថែមថា ដើម្បីឱ្យផលិតផលកែច្នៃទាំងនេះអាចលក់នៅលើទីផ្សារអឺរ៉ុបបាន លុះតែមានការទទួលស្គាល់វិញ្ញាបនប័ត្រនិមិត្ដសញ្ញាគុណភាពផល ផលិតផលជលផលកម្ពុជា (CQS) និងរងចាំដំណើរការនីតិវិធីទាក់ទងច្បាប់អឺរ៉ុប។
ពីម្ហូបបែបប្រពៃណីទៅការច្នៃប្រឌិត
ប្រហុកខ្មែរគឺជាអាហារសំខាន់នៅក្នុងផ្ទះបាយខ្មែរអស់ជាច្រើនសតវត្សមកហើយ ដែលត្រូវបានគេស្គាល់ថាសម្រាប់រសជាតិ និងក្លិនរបស់វា។
ទោះជាយ៉ាងនេះក្តី វាត្រូវបានផ្លាស់ប្តូរទៅជាម្សៅប្រហុក ជាការច្នៃប្រឌិតដោយក្រុមហ៊ុន Confirel បង្កើតឡើងដោយ លីអៀង ក្នុងឆ្នាំ២០០១ មានគោលបំណងលើកកម្ពស់សហគមន៍ជនបទ ដោយនាំយកផលិតផលក្នុងស្រុកទៅកាន់ពិភពលោក។
លោក លីអៀង បានឱ្យដឹងថា៖ «ប្រហុកមិនមែនជាផលិតផលថ្មីនោះទេ ហើយបើយោងតាមការស្រាវជ្រាវ បានបង្ហាញថា ប្រហុកខ្មែរត្រូវបានរកឃើញតាំងពីសតវត្សរ៍ទី ៧។ ប៉ុន្ដែអកុសល្យ ដោយសាររងគ្រោះពីសង្គ្រាម កម្ពុជាមិនបានអភិវឌ្ឍលើផលិតផល ដែលជាអត្ដសញ្ញាណរបស់ខ្មែរនោះទេ»។
លោកបានបន្តថា គម្រោងកែច្នៃម្សៅប្រហុកមានបំណងបំប្លែងប្រហុកប្រពៃណីខ្មែរទៅជាផលិតផលដែលមានគុណភាព និងងាយរក្សាទុក។
តាមរយៈគំនិតផ្តួចផ្តើមនេះ Confirel ធានាថា ម្សៅប្រហុកនៅតែរក្សារសជាតិឆ្ងាញ់បែបប្រពៃណីនេះ និងបង្កើនអនាម័យ ដែលស័ក្ដិសមសម្រាប់ការនាំយកមុខម្ហូបខ្មែរ និងអន្តរជាតិ។
លោក លីអៀង បានបន្ដថា ៖ «នេះជាក្រុមហ៊ុនដំបូងគេក្នុងប្រទេសកម្ពុជា ដែលទទួលបានវិញ្ញាបនបត្រ HACCP និងមានវិញ្ញាបនបត្រសរីរាង្គអន្តរជាតិច្រើនមុខ»។
វិញ្ញាបនបត្រ HACCP និង CQS ធានាថា ម្សៅប្រហុកប្រកាន់ខ្ជាប់នូវស្តង់ដាសុវត្ថិភាព និងគុណភាពខ្ពស់ ដែលត្រៀមសម្រាប់ការនាំចេញទៅកាន់ទីផ្សារអឺរ៉ុប។
ភាពវិសេសរបស់ប្រហុកខ្មែរ
ម្សៅប្រហុកតំណាងឱ្យការវិវត្តន៍ដ៏សំខាន់មួយ ដែលអាចរក្សាបាននូវរសជាតិប្លែក និងក្លិនស្អុយដែលប្រហុកត្រូវបានគេស្គាល់ ប៉ុន្តែនៅក្នុងទម្រង់ដែលងាយស្រួលរក្សាទុក ការទទួលទាន និងបញ្ចូលទៅក្នុងការបង្កើតមុខម្ហូបផ្សេងៗ។
លោក លីអៀង បាននិយាយថា: «ម្សៅប្រហុកក៏ត្រូវបានកាត់បន្ថយក្លិនស្អុយខ្លាំង ដែលធ្វើឱ្យវាកាន់តែទាក់ចិត្តទស្សនិកជនកាន់តែទូលំទូលាយ»។
ផលិតផលប្រកបដោយភាពច្នៃប្រឌិតនេះមិនមែនគ្រាន់តែជាភាពងាយស្រួលប៉ុណ្ណោះទេ ប៉ុន្ដែវាជាការថែរក្សាផ្នែកសំខាន់មួយនៃបេតិកភណ្ឌកម្ពុជា។
ការអភិវឌ្ឍន៍ម្សៅប្រហុកត្រូវបានគាំទ្រដោយគំនិតផ្តួចផ្តើម CAPFISH-Capture ជាកិច្ចសហការរវាងអង្គការអភិវឌ្ឍន៍ឧស្សាហកម្មនៃអង្គការសហប្រជាជាតិ (UNIDO) និងរដ្ឋបាលជលផលកម្ពុជា ដែលផ្តល់មូលនិធិដោយសហភាពអឺរ៉ុប។
គម្រោងនេះមានគោលបំណងជំរុញវិស័យជលផលក្រោយការប្រមូលផលរបស់កម្ពុជា បង្កើតការងារ បង្កើនប្រាក់ចំណូល និងលើកកម្ពស់ស្តង់ដារសុវត្ថិភាពចំណីអាហារ។
CAPFISH-Capture ផ្តល់ការវិនិយោគយ៉ាងសំខាន់លើឧបករណ៍ ជំនួយបច្ចេកទេស និងការបណ្តុះបណ្តាល ដើម្បីធានាថា ម្សៅប្រហុកត្រូវតាមស្តង់ដាសុវត្ថិភាពចំណីអាហារយ៉ាងម៉ត់ចត់សម្រាប់ទីផ្សារអន្តរជាតិ។
បញ្ហាប្រឈមទីផ្សារ
ការនាំចេញស្បៀងអាហាររបស់ប្រទេសថៃ រួមទាំងប្រហុកមានការកើនឡើង ដែលជំរុញដោយសេដ្ឋកិច្ចប្រសើរឡើង និងការពង្រីកទីផ្សារ។
នេះបើយោងតាម The Nation របស់ថៃ បានឱ្យដឹងថា៖ «នៅឆ្នាំ២០២៣ ការនាំចេញអាហារបានឈានដល់ជាង ៣៦ ពាន់លានដុល្លារ) ជាមួយនឹងការកើនឡើងតាមការព្យាករណ៍នៅឆ្នាំ២០២៤។ ខណៈដែលប្រទេសចិននៅតែជាទីផ្សារធំបំផុតរបស់ប្រទេសថៃ វាមានកំណើនគួរឱ្យកត់សម្គាល់ក្នុងការនាំចេញទៅកាន់អឺរ៉ុប»។
ប្រភពបានបន្ដថា គន្លឹះក្នុងការពង្រីកនេះគឺសមត្ថភាពក្នុងការបំពេញតាមស្តង់ដាគុណភាព និងនិរន្តរភាពដែលតម្រូវដោយទីផ្សារអឺរ៉ុប។
វៀតណាមក៏បាននិងកំពុងបោះជំហានទៅមុខក្នុងការនាំចេញប្រហុក និងកសិផលផ្សេងៗទៀតទៅកាន់ទ្វីបអឺរ៉ុប ជំរុញដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី EU-Vietnam (EVFTA) ដែលចូលជាធរមានក្នុងឆ្នាំ ២០២០។
យោងតាម WTO Center បានបង្ហាញថា៖ «ក្នុងឆ្នាំ២០២២ ការនាំចេញសរុបរបស់វៀតណាមទៅកាន់ទីផ្សារអឺរ៉ុប បានកើនឡើងដល់ ៤៦,៨៣ ពាន់លានដុល្លារ ពោលគឺកើនឡើង ១៦,៧ភាគរយ ធៀបនឹងឆ្នាំមុន»។
ទោះជាយ៉ាងណាក៏ដោយ អ្នកនាំចេញវៀតណាមត្រូវតែស្វែងរកស្តង់ដាដ៏តឹងរឹងរបស់សហភាពអឺរ៉ុប លើគុណភាព និរន្តរភាព និងសុវត្ថិភាពចំណីអាហារ ដើម្បីរក្សា និងពង្រីកវត្តមានទីផ្សាររបស់ពួកគេ។
ប្រហុកខ្មែរឆ្ពោះទៅកាន់ទីផ្សារអឺរ៉ុប
Confirel ដែលមានសុទិដ្ឋិនិយមអំពីសក្តានុពលទីផ្សារនៃម្សៅប្រហុក បានចូលរួមក្នុងព្រឹត្តិការណ៍ផ្គូផ្គងអាជីវកម្មដែលរៀបចំដោយ CAPFISH-Capture នៅទីក្រុងប៉ារីសក្នុងខែតុលា ឆ្នាំ២០២៣ ដែលវាបានទទួលមតិវិជ្ជមានលើការផ្សព្វផ្សាយផលិតផលជាផលិតផលខ្មែរតែមួយគត់។
លោក លីអៀង បានឱ្យដឹងថា៖ «វិធីសាស្ត្រនេះមានគោលបំណងទាក់ទាញមិនត្រឹមតែប្រជាជនកម្ពុជានៅបរទេសប៉ុណ្ណោះទេ ប៉ុន្តែក៏មានប្រជាជនអឺរ៉ុបចង់ស្វែងរករសជាតិថ្មីផងដែរ»។
លោកបន្តថា៖ «បន្ថែមពីលើម្សៅប្រហុក ក្រុមហ៊ុន Confirel គ្រោងនឹងពង្រីកផលិតផលរបស់ខ្លួនដើម្បីរួមបញ្ចូលផលិតផលត្រីផ្សេងទៀត ដូចជា ទឹកត្រី និងត្រីងៀត»។
លោក លីអៀង បាននិយាយថា ផលិតផលទាំងនេះនឹងត្រូវបានប្រភពមកពីជលផលក្រោយការប្រមូលផលក្នុងស្រុក កែច្នៃ វេចខ្ចប់ និងចែកចាយពីរោងចក្ររបស់ Confirel ក្នុងទីក្រុងភ្នំពេញ។
វិធីសាស្ត្រអភិវឌ្ឍន៍នេះមានគោលបំណងលើកអាជីវកម្មខ្នាតតូច និងបង្កើតឱកាសចំណេញកាន់តែច្រើនសម្រាប់កសិករ និងអ្នកកែច្នៃក្នុងស្រុក។
ដើម្បីរក្សាបាននូវការផ្គត់ផ្គង់ប្រកបដោយស្ថិរភាពនៃម្សៅប្រហុក Confirel ប្រើប្រាស់គំរូខ្សែសង្វាក់ផ្គត់ផ្គង់ចំនួនពីរ គឺការទិញម្សៅប្រហុកដែលទទួលបានវិញ្ញាបនបត្រ CQS និង «ផលិតផលពាក់កណ្តាលសម្រេច» ពីអ្នកកែច្នៃក្នុងរយៈពេលខ្លី និងស្វែងរកវត្ថុធាតុដើមដោយផ្ទាល់ពីក្រុមអ្នកផលិតក្នុងរយៈពេលវែង រួមទាំងក្រុមការងារ ដែលភាគច្រើនជាស្ត្រី៕