ភ្នំពេញ៖ ភ្លៀង​មូសុង​នៅ​កម្ពុជា​ចាប់​ពី​ខែ​ឧសភា​ដល់​ខែ​តុលា ​បាន​រំលេច​នូវ​ទេសភាព​ដ៏​ស្រស់ត្រកាល​ ដែល​នាំ​មក​នូវ​ភាព​សម្បូរ​បែប​នៃ​គ្រឿងផ្សំម្ហូប​អាហារ​ស្រស់ៗ​​ដល់​ទីផ្សារ និង​ផ្ទះបាយ​ទូទាំង​ប្រទេស។

ខែកញ្ញា ដែល​ជា​បេះដូង​នៃ​រដូវ​កាល​នេះ ផ្តល់ឱកាស​មួយ​ដើម្បី​ស្វែង​រក​អាហារ​សម្បូរបែប​តាម​រដូវកាល​នៃ​រដូវវស្សា ជា​ពេល​វេលា​ដែល​ធម្មជាតិហុច​ធនធាន​ច្រើន​​បំផុត​។​

ចុងភៅ រស់ រតនៈ ដែល​ត្រូវ​បាន​គេ​ស្គាល់​ជាទូទៅ​ថា​ជា មេ​ចុងភៅ ​ណាក់ ផ្តល់​នូវ​ទំនាក់ទំនង​យ៉ាង​ស៊ីជម្រៅ​រវាង​ការ​ផ្លាស់ប្តូរ​រដូវ​ទាំងនេះ និង​មុខ​ម្ហូប​បែប​ប្រពៃណី​ខ្មែរ ដែល​ធ្វើឱ្យ​រដូវវស្សា​ក្លាយ​ជា​រយៈពេល​ដ៏​គួរ​ឱ្យ​រំភើប​នៃ​ការ​សាកល្បង​មុខ​ម្ហូប​ប្លែកៗ។

រដូវកាល​នៃ​ភាព​សម្បូរបែប

រដូវវស្សា​ផ្ដល់​ជីវិត​ដល់​ស្រស់​បំព្រង​ដល់​សត្វ និង​រុក្ខជាតិ​ទាំង​នៅ​លើ​គោក​ ក្នុង​ទឹក​ បឹងបួ​ និង​ដីស្រែ​ចម្ការ​របស់​កម្ពុជា។ បើ​តាម​មេចុងភៅ ណាក់ ខ្លឹមសារ​នៃ​ម្ហូប​ខ្មែរ​ត្រូវ​បាន​ផ្សារ​ភ្ជាប់​យ៉ាង​ស៊ីជម្រៅ​ជាមួយ​នឹង​គ្រឿង​ផ្សំ​របស់​វា​ដែល​ឆ្លុះ​បញ្ចាំង​ពី​រដូវ​ដែល​ប្រមូល​ផល។

អ្នកស្រី​ពន្យល់​ថា៖ «រសជាតិ​អាហារ​នៅ​រដូវវស្សា​មាន​ភាព​ចម្រុះ​ និង​សម្បូរ​ជាង​នៅ​រដូវប្រាំង។ គ្រឿង​ផ្សំ​ស្រស់ៗ​ដែល​យើង​ទទួល​បាន​ពី​ដី ព្រៃឈើ និង​ប្រភព​ទឹក​ក្នុង​អំឡុង​ខែ​នេះ​គឺ​គ្មានអ្វី​ប្រៀបផ្ទឹម​បាន»។

ក្នុង​ចំណោម​គ្រឿង​ផ្សំ​ល្អៗ​នោះ មាន​ត្រី​ទឹកសាប ​ដូចជា ត្រី​រៀល ត្រី​ឆ្លាំង​​ និង​ត្រី​ស្លឹកឫ​ស្សី ដែល​សម្បូរ​នៅពេល​ទឹក​ឡើង​នៅ​កម្ពុជា។

ត្រី​ទាំង​នេះ​បង្កើត​ជា​មូលដ្ឋានគ្រឹះ​នៃ​ម្ហូប​រដូវវស្សា​ជាច្រើន​ដែល​បាន​បង្កើន​ឱជារស សម្បូរ​សារធាតុ​ចិញ្ចឹម​ដែល​ពួក​វា​លូតលាស់។

មេចុងភៅ​មុខ​ម្ហូប​ខ្មែរ​រូប​នេះ​បាន​ឱ្យ​ដឹង​ថា ម្អម​មាន​ពីរ​បែប គឺ​ម្អម​ចម្ការ និង​ម្អម​ស្រែ​ ហើយ​ថ្វីដ្បិត​តែ​ម្អម​ស្រែ​ក៏​អាច​ត្រូវ​បាន​ដាំ​យ៉ាង​ណា​ក៏​ដោយ ក៏​ជា​ទូទៅ​ម្អម​ស្រែ​លាស់​តែ​ខែ​ភ្លៀង​ទេ​ ដែល​ជះ​ក្លិន​ឈ្ងុយ​ឈ្ងប់។ 

ទាំង​ក្លិន និង​រសជាតិ​របស់​ម្អម​ជួយ​ឱ្យ​ម្ហូប​កាន់តែ​ឆ្ងាញ៉​ពិសារ​នៅក្នុង​ម្ហូប​បុក​ត្រី​ឆ្អើល​អំពិល​ខ្ចី​។ បន្ទាប់មក អំពិល​ខ្ចី និង​ត្រួយ​អំពិល​ក៏ជា​គ្រឿង​ផ្សំ​មួយ​ដែល​មាន​នៅ​ក្នុង​ខែ​វស្សា​ដែរ។  

មេចុងភៅ​ ណាក់ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍ថា៖ «​រសជាតិ​របស់​វា​បង្កើត​នូវ​ភាព​ឈ្ងុយ​ឆ្ងាញ់ និង​ស្រស់​ ខុស​ពី​អំពិល​ទុំ​ ដែល​ត្រូវបាន​បកយក​សាច់​។ ពេញ​មួយ​ឆ្នាំ យើង​មាន​អំពិល​ទុំ​ប្រើ តែ​រដូវ​ដល់​ខែ​វស្សា ទើប​យើងសម្បូរ​អំពិល​ខ្ចី ក្ដិប​អំពិល និង​ត្រួយ​អំពិល​»។ 

ចុងភៅ រស់ រតនៈ ដែល​ត្រូវ​បាន​គេ​ស្គាល់​ជាទូទៅ​ថា​ជា មេ​ចុងភៅ ​ណាក់ បង្ហាញមុខម្ហូបដែលធ្វើរួច។ រូបថត សហការី

នៅរដូវ​ប្រាំង រ៉ាំង​ភ្លៀង​ស្ងួត​ចែស​នៅតាម​តំបន់​ផ្សេងៗ ហើយ​ដើម​ឈើ​ងាប់​សន្លឹក​។ ប៉ុន្ដែ​នៅ​ពេល​ធ្លាក់​ភ្លៀង​ដំបូង ពពួក​ប្រទាល ស្លឹកឈើ ត្របែក​ព្រៃ ស្លឹក​ស្មាច់ ស្លឹក​រងៀង ស្លឹកព្រិច និង​ស្លឹក​រ៉ាំង​ចាប់ផ្ដើម​ដុះ​លូត​លាស់​ល្អ​នៅ​រដូវ​វស្សា​នេះ​។ 

ចំពោះ​ពពួក​ម្ជូរ ដូចជា ក្រសាំង ដែល​អាច​ស្លបានទាំង​ផ្លែ ក្ដិប​ ផ្កា និង​ត្រួយ​ បាន​ផ្ដល់​រសជាតិ​ដ៏វិសេស​សម្រាប់​រដូវ​លូតលាស់​របស់​វា។ 

ទំនៀម​ទំលាប់​វប្បធម៌ និង​ទំនាក់ទំនង​សហគមន៍

ក្រៅពី​រសជាតិ និង​គ្រឿងផ្សំ រដូវវស្សា​បាន​ជំរុញ​ឱ្យមាន​អារម្មណ៍​កាន់តែ​ស៊ីជម្រៅ​នៃ​សហគមន៍ និង​ប្រពៃណី​។​

ដោយសារ​ភ្លៀង​ធ្លាក់ចុះ​សកម្មភាព​ធ្វើស្រែ​ចម្ការ គ្រួសារ​នៅ​ជនបទ​ជួបជុំគ្នា​ញឹកញាប់​ដើម្បី​រៀបចំ​អាហារ​ជុំគ្នា។

មេចុងភៅ ណាក់ រំឭកថា​៖ «​នៅ​រដូវវស្សា អាហារ​នាំ​មនុស្ស​មក​ជុំគ្នា​។ ចំណង​គ្រួសារ​លើ​ការ​ចម្អិន​អាហារ ហើយ​អាហារ​ត្រូវបាន​ចែករំលែក​ក្នុងចំណោម​មនុស្ស​គ្រប់គ្នា ពង្រឹង​ចំណងមិត្តភាព​ក្នុង​គ្រួសារ»​។​

អ្នកស្រី​​បាន​ចែករំលែក​នូវ​អនុស្សាវរីយ៍ ដោយ​កាល​តាំងពី​កុមារភាពមក ប្រទេស​កម្ពុជា​មិន​ទាន់​សម្បូរ​សប្បាយ​ ដែល​ពពួក​សាច់​មាន់ សាច់​គោ សាច់​ជ្រូក មានតម្លៃថ្លៃ​។ ជាក់ស្ដែង សាច់​មាន់ ដែល​បច្ចុប្បន្នគេហៅ​​មាន់​ស្រែ មានតម្លៃ​ថ្លៃ​ លើស​ពី​សមត្ថភាព​ក្រុម​គ្រួសារ​ជាច្រើន​ក្នុង​ការ​យក​មក​ធ្វើ​ជា​អាហារ​មួយ​ពេល​។ 

អ្នកស្រី ណាក់ បាន​រំឭកថា​៖ «កាល​ពីជំនាន់​នៅ​ក្មេងៗ ពេល​ភ្ញៀវ​មកលេង​ផ្ទះ កាប់​មាន់​មួយ​ក្បាល មានន័យ​ថា ភ្ញៀវ​នោះ​ប្រាកដជា​អស្ចារ្យ​ណាស់»។

នេះ​ជាការ​ភ្ជាប់​អាហារ​សម្រាប់​ទៅ​វត្ដ​ក្នុង​រដូវ​ភ្ជុំ​បិណ្ឌ​។ ទៅតាម​ជំនឿ​ប្រពៃណី​ខ្មែរ ម្ហូប​អាហារ​សម្រាប់​ប្រគេន​ព្រះ​សង្ឃ​នៅ​អារាម​ ត្រូវតែ​មានការ​សម្រិត​សម្រាំង​យ៉ាង​ពិសេស​ ពីព្រោះ​អ្នក​ទទួល​ម្ហូប​អាហារ​ទាំង​អស់​នេះ គឺជា​ឪពុកម្ដាយ ជីដូនជីតា និង​ញាតិ​ ៧​សណ្ដាន​។ 

មេចុងភៅរូបនេះ បាន​បន្ដថា ដូច្នេះ អាហារ​ចម្បង​មួយ​ចំនួន​គឺ​ខ​សាច់​ជ្រូក ការីសាច់គោ សារាម៉ាន់ ការីសាច់​មាន់។ 

ទិដ្ឋភាព​សម្ល​សម្បូរ​សាច់​នា​ពេល​បច្ចុប្បន្ន​នេះ ហាក់​ដូចជា​មានអត្ថន័យ​ផ្ទុយ​សម្រាប់​អ្នក​ទទួល​ទាន។ ដូច្នេះ ការ​ធ្វើ​ម្ហូប​ត្រូវបាន​លើក​ទឹកចិត្ដ​ទៅលើ​មុខ​ម្ហូប​ណា​ដែល​មិន​ទ្រលាន់​។

អ្នកស្រី ណាក់ បាន​និយាយថា​៖ «​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ម្ដាយ​ឪពុក​ខ្ញុំ ពេល​ពួកគាត់​អញ្ជើញ​ទៅវត្ដ ធ្វើ​ម្ហូប​ប្រគេន​ព្រះ​សង្ឃ​ ពួកគាត់តែង​ធ្វើ​ម្ហូប​ប្លែកៗ​ដើម្បី​ឱ្យ​ខុស​ពី​មុខ​ម្ហូប​ទូទៅ។ ពួកគាត់​ចៀន​ត្រី ជ្រក់​ ឬ​បុក​ក្រសាំង ឬ​បុក​អំពិល​ ហើយ​ពេល​ខ្លះ ពួកគាត់​ស្ល​ម្ជូរ​ក្រសាំងជាមួយ​ត្រី កំពិស និង​បន្លែ​»។ 

គ្រឿង​ផ្សំ​ស្រស់ៗ​នៃ​រដូវកាល

មេចុងភៅ ដែល​ចងក្រង​មុខម្ហូប​ខ្មែរ​នៅ​តាម​ជនបទ​រហូត​ដល់​ក្បូន​តម្រា​ម្ហូប​រាជវង្ស បាន​បន្ដ​ថា ចំពោះ​ប្រភេទ​ប្រទាល ជា​រុក្ខជាតិ​ពពួក​ថ្នាំ​បុរាណ ក៏​សម្បូរ​នៅ​ក្នុង​រដូវ​វស្សា​នេះដែរ។ 

មេ​ចុងភៅ ​ណាក់ បង្ហាញគ្រឿងផ្សំដល់ភ្ញៀវ។ រូបថត សហការី

ប្រោះស្វា មាន​ក្លិន​ឈ្ងុយ​ឈ្ងប់ និង​ប្រោះ​ក្រអូប ដែល​ត្រូវបាន​យក​ទៅ​ធ្វើ​ជា​ថ្នាំ​បុរាណ ដោយ​យាយៗ​យក​ទៅ​បរិភោគ​ជាមួយ​គ្រឿង​ស្លា​ម្លូររបស់​ពួកគេ។ 

អ្នកស្រី​និយាយថា​៖ ​«​ពេល​យើង​ចង់​ញ៉ាំ​ប្រោះ​ស្វា យើង​មាន​អង្ក្រង​ទៅ ហើយ​នៅពេល​យើង​ញាំ​ទៅ វាមាន​រសជាតិ​ឆ្ងាញ់​តែម្ដង​»។ 

ជាមួយ​ជីវចម្រុះ​នៅរដូវ​វស្សា ត្រី គោ ក្របី ជ្រូក​ មាន់ សម្បូរ​ម្ហូប​អាហារស៊ី ដែល​ធ្វើ​ឱ្យ​ពួកវាមានរសជាតិកាន់តែ​ឆ្ងាញ់​។ នេះ​គឺជា​វដ្ដ​របស់​ម្ហូប​អាហារ។ 

ទាក់ទង​ទម្លាប់​ការ​បរិភោគ​ប្រភេទ​សត្វ​ផ្សេងៗ ដូចជា កន្ទាលទូក កន្ដេះ​ឡង់ រពីង ស៊ី​រុក្ខជាតិ​​ចម្រុះ​ ហើយ​ចា​ប់ផ្ដើម​ដើម​រដូវ​វស្សា ក្មេងៗ​ធ្លាប់​ចេញ​ទៅ​ជីក​ចង្រិតដូង មាន​ពង អាពីង​មាន​ចំណី​ រសជាតិ​របស់​វា​ក្រអូប​ឈ្ងុញឆ្ងាញ់​។ 

មេចុងភៅ ណាក់ បាន​លើកឡើងថា​៖ «​ជា​រួម នៅ​រដូវ​ប្រាំង ចំពោះ​មុខ​ម្ហូប​សម្ល​ម្ជូរ យើង​អាច​ប្រើ​ត្រឹម​អំពិល​ទុំ ដែល​មិន​ជូរ​ស្រស់​ដូច​អំពិល​ខ្ចី ឬ​ស្លឹក​អំពិល​នោះទេ។ សណ្ដាន់ខ្ចី ដែល​ចេញ​ផ្លែ​នៅ​រដូវ​វស្សា បាន​ផ្ដល់​នូវ​ឱជារស​ប្លែក​ខុស​ពី​សណ្ដាន់​ក្រៀម»៕