ឯកអគ្គរដ្ឋទូតបារាំងថ្មីប្រចាំកម្ពុជា លោក Jacques Pellet បានមានប្រសាសន៍អំឡុងធ្វើទស្សនកិច្ចរយៈពេល ៩០ នាទី នៅការិយាល័យកាសែតភ្នំពេញ ប៉ុស្តិ៍ កាលពីរសៀលថ្ងៃពុធ ថាវាជាកិត្តិយសណាស់ដែលបានត្រឡប់មកព្រះរាជាណាចក្រកម្ពុជាម្តងទៀត។
លោកបានថ្លែងប្រាប់លោក លី តៃសេង ចាងហ្វាង និងជាអគ្គនាយកកាសែត ភ្នំពេញ ប៉ុស្តិ៍ ថា៖ «ខ្ញុំទុកប្រទេសកម្ពុជានៅជិតបេះដូងរបស់ខ្ញុំ»។ «ខ្ញុំមានកិត្តិយសណាស់ដែលបានវិលត្រឡប់មកប្រទេសកម្ពុជាវិញ យើង [បារាំង] នៅជិតស្និទ្ធប្រទេសកម្ពុជា។ ខ្ញុំធ្លាប់មកប្រទេសកម្ពុជាលើកដំបូងនៅឆ្នាំ១៩៩៥ នៅពេលដែលខ្ញុំជាមន្ត្រី Cambodia desk officer នៅទីក្រុងប៉ារីស។ មានបេសកកម្មការទូតជាច្រើននៅចន្លោះឆ្នាំ ១៩៩៥ ដល់ ១៩៩៨ ក្នុងអំឡុងពេលកិច្ចព្រមព្រៀងសន្តិភាព»។
លោក Pellet បន្ថែមថា៖ «២៥ ឆ្នាំក្រោយមក ខ្ញុំបានត្រឡប់មកវិញ ហើយខ្ញុំពិតជាចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការរីកចម្រើនរបស់ប្រទេសកម្ពុជា ដែលមានមនុស្សវ័យក្មេងច្រើន ហើយឥឡូវឃើញមានអគារទំនើបៗជាច្រើន។ ខ្ញុំនឹងត្រូវសម្របខ្លួនទៅនឹងបរិយាកាសថ្មី»។
រឿងរ៉ាវជាច្រើននាពេលបច្ចុប្បន្ន ក្នុងនោះរួមទាំងទំនាក់ទំនងក្នុងតំបន់ តួនាទីរបស់អ្នកសារព័ត៌មាន ទំនាក់ទំនងរវាង បារាំង-កម្ពុជា និងការរួមចំណែកក្នុងវិស័យឯកជនរបស់បារាំងចំពោះព្រះរាជាណាចក្រកម្ពុជា ត្រូវបានលើកឡើងក្នុងអំឡុងជំនួបសម្តែងការគួរសមនោះ។ ប្រធានគ្រប់គ្រងការីនិពន្ធកាសែតភ្នំពេញប៉ុស្តិ៍ លោក សំ រិទ្ធ ក៏មានវត្តមានទទួលស្វាគមន៍លោកឯកអគ្គរាជទូតផងដែរ៕ រូបថត ហុង មីនា