កាលពីថ្ងៃទី២៥ វិច្ឆិកា ២០២១ កន្លងទៅនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ម.ក. (Microfinance Institution Amret PLC.) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ទទួលប្រាក់កម្ចីសហប្រតិបត្តិការ ៥០ លានដុល្លារសហរដ្ឋអាមេរិកពីធនាគារអភិវឌ្ឍន៍របស់ប្រទេស ហូឡង់ (FMO– Entrepreneurial Development Bank) ដែលមានរចនាសម្ព័ន្ធជាស្ថាប័នហិរញ្ញវត្ថុអន្តរជាតិទ្វេភាគីដែលមានមូលដ្ឋាននៅទីក្រុងឡាអេ ប្រទេស ហូឡង់។
ពិធីចុះហត្ថលេខានេះ ត្រូវបានប្រព្រឹត្តឡើងតាមរយៈ ប្រព័ន្ធអនឡាញ ដែលមានការចូលរួមក្រោមអធិបតីភាព លោក ដុស ឌីន អគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ម.ក. និង អ្នកស្រី ហ្វាទូម៉ាតា ប៉ូរ៉ារ៉េ (Fatoumata Bouaré) នាយិកាផ្នែកហានិភ័យ និងហិរញ្ញវត្ថុ និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃ ធនាគារអភិវឌ្ឍន៍របស់ប្រទេស ហូឡង់ រួមជាមួយបុគ្គលិកថ្នាក់ដឹកនាំផ្សេងទៀតពីស្ថាប័នទាំង ២។
លោក ដុស ឌីន បានមានប្រសាសន៍ថា៖ “FMO គឺជាភាគទុនិក និងជាដៃគូសហប្រតិបត្តិការដ៏សំខាន់អស់រយៈពេលជាង ១៥ ឆ្នាំ ក្នុងការជួយគាំទ្រដល់ការវិវឌ្ឍរបស់អម្រឹតកន្លងមក។ ថ្ងៃនេះគឺជា ព្រឹត្តិការណ៍ដ៏សំខាន់មួយដែលបង្ហាញពីចំណងកិច្ចសហប្រតិបត្តិការដ៏រឹងមាំ រវាង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ម.ក. និង FMO។ ជាមួយនឹងកម្ចី ៥០ លានដុល្លារអាមេរិកនេះ អម្រឹត នឹងនៅតែបន្តការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុទៅកាន់អតិថិជន ក្នុងវិស័យកសិកម្ម និងជាពិសេសទៅកាន់សហគ្រិនស្ត្រី តាមរយៈឥណទានស្ត្រីឆ្នើមរបស់អម្រឹតផងដែរ។” រូបថត សហការី