យុវជនចាម្ប៍មួយក្រុមដែលស្គាល់ថាជាយុវជនចាម្ប៍ កាលពីថ្ងៃសៅរ៍ទី ៤ ខែធ្នូឆ្នាំ ២០២១ បានសហការគ្នារៀបចំការតាំងបង្ហាញនំប្រពៃណីរបស់ជនជាតិខ្លួនក្រោមកម្មវិធីឈ្មោះ «ទិវានំប្រពៃណីចាម្ប៍» ដែលបានអនុញ្ញាតឱ្យសាធារណជនចូលទស្សនាដោយសេរីចាប់ពីម៉ោង ៣ រសៀលដល់ម៉ោង ៦ ល្ងាច។
លោក ឡឹប កើ តំណាងឱ្យក្រុមយុវជន និងជាអ្នកផ្តួចផ្តើមរៀបចំកម្មវិធីនេះបានមានប្រសាសន៍ថា៖ «គោលបំណងនៃការរៀបចំកម្មវិធីនេះឡើងគឺដើម្បីបង្ហាញសាធារណជនឱ្យបានស្វែងយល់ និងផ្សព្វផ្សាយវប្បធម៌ចាម្ប៍ជូនដល់សាធារណជនទូទៅជាពិសេសនំប្រពៃណីចាម្ប៍នេះដែលភាគច្រើនបងប្អូនខ្មែរ និងជនជាតិផ្សេងៗពុំដែលបានស្គាល់។ ក្នុងនោះទិវានំប្រពៃណីចាម្ប៍នេះប្រារព្វឡើងដោយក្រុមយុវជនចាម្ប៍ (ភាគច្រើនជានិស្សិតកំពុងសិក្សានៅរាជធានីភ្នំពេញ) ដែលពួកយើងមានចិត្តរួមគ្នាតែមួយក្នុងការរក្សាអត្តសញ្ញាណរបស់ជនជាតិយើង»។
លោក ឡឹប កើ បានបន្ថែមទៀតថា៖ «នំទាំងអស់ក្នុងកម្មវិធីគឺធ្វើដោយដៃពុំមានប្រើពុម្ព ឬមធ្យោបាយជំនួយឡើយហើយធ្វើជាពិសេស និងចំណានបំផុតពីសហគមន៍ជនជាតិចាម្ប៍នៅក្នុងតំបន់ដែលភាគច្រើនមកខេត្តកំពង់ឆ្នាំងស្រុកកំពង់ត្រឡាច។ នៅក្នុងព្រឹត្តិការណ៍នេះដែរក៏មានភ្លេងស្គរចាម្ប៍ (ស្គរបាណា ឬស្គរយីកេ) ភ្លេងប្រពៃណីមួយដែលជនជាតិភាគតិចចាម្ប៍តែងតែប្រារព្ធលេងនៅពេលមានពិធីបុណ្យផ្កា (ម៉ៅលុត) ពិធីរៀបអាពាហ៌ពិពាហ៌ពិធីចូលសាសន៍ និងពិធីផ្សេងៗជាច្រើនទៀត»។
កម្មវិធីនេះអនុញ្ញាត និងគាំទ្រពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដោយអនុញ្ញាតឱ្យរៀបចំទិវានេះនៅសារមន្ទីរខ្លែងខ្មែរ (ទល់មុខរដ្ឋសភាថ្មី) ចាប់ពីម៉ោង ៣ រសៀលរហូតដល់ម៉ោង ៦ ល្ងាច។
សាធារណជនអាចចូលរួមបានដោយសេរីជាពិសេសក៏អាចពិសានំប្រពៃណីចាម្ប៍យ៉ាងឈ្ងុយឆ្ងាញ់ពិសាផងដែរ។ ទន្ទឹមនឹងនោះអ្នករៀបចំកម្មវិធីក៏រំពឹងទុកថាទិវានេះនឹងក្លាយជាកន្លែងសម្រាប់យុវជនសិក្សាស្វែងយល់បន្ថែមអំពីប្រពៃណីចាម្ប៍នៅកម្ពុជាហើយនិងអាចជាព្រឹត្តិការណ៍ប្រចាំឆ្នាំផងដែរ ប្រសិនជាមានការគាំទ្រ៕