អង្គការ RI Korea បាននិងកំពុងអនុវត្ត «គម្រោងធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានសុខភាព និងលទ្ធភាពវេជ្ជសាស្ត្រ សម្រាប់ជនពិការកម្ពុជា» ជាគម្រោងភាពជាដៃគូសាធារណៈ និងឯកជនរបស់អង្គការ KOICA ចាប់តាំងពីឆ្នាំ ២០២០។ ក្នុងអំឡុងពេលដំណើរការគម្រោងនេះ ការអប់រំត្រូវបានផ្តល់ជូន ដើម្បីបង្កើនការយល់ដឹងពីជនមានពិការភាព ដោយមានការចូលរួមពីស្ថាប័នពាក់ព័ន្ធសំខាន់ៗ ហើយសម្រាប់គោលបំណងនេះ ការអប់រំត្រូវបានផ្តល់ជូនដល់គ្រូបង្រៀននៅសាលាឥន្ទ្រទេវី តាមរយ:សិក្ខាសាលាខ្លីមួយកាលពីខែវិច្ឆិកា កន្លងទៅ ដែលទទួលបានការចូលរួមពីសាស្ត្រាចារ្យជនជាតិកូរ៉េ លោក គ្រូ Maru Park (អគ្គលេខាធិការ សហព័ន្ធអង្គការជនពិការកូរ៉េ) និងលោក Seungjun Ahn (គ្រូបង្រៀន នៅសាលាជនពិការភ្នែក HANBIT )។ សាស្ត្រាចារ្យកូរ៉េបានបង្រៀនតាមប្រព័ន្ធអ៊ីធើណេត (Zoom) ហើយក៏មានការសួរសំណួរ និងពិភាក្សាគ្នាបន្ទាប់ពីបញ្ចក់ការបង្រៀនផងដែរ។
ការអប់រំនេះជាឱកាសល្អក្នុងការគិតគូរពីសិទ្ធិជនមានពិការភាពក្នុងការទទួលបានការអប់រំ និងសិទ្ធិចូលរួមក្នុងសង្គមក្រោមការចូលរួមពីលោកនាយកសាលា នាក់ សុទ្ធា និងគ្រូជាង ២០០ នាក់នៃវិទ្យាល័យឥន្ទ្រទេវី។
លោក Seungjun Ahn (គ្រូបង្រៀន នៅសាលាជនពិការភ្នែក HANBIT ) មានប្រសាសន៍ថា៖ «អ្វីដែលសំខាន់បំផុតនោះគឺមិនមែនជាអ្វីដែលសិស្សពិការមិនមានភាពងាយស្រួលក្នុងការធ្វើនូវអ្វីដែលគាត់មិនអាចធ្វើបាននោះទេ ប៉ុន្តែ គឺជាអ្វីដែលគាត់អាចធ្វើ បានដោយប្រើមធ្យោបាយផ្សេងៗ។ យើងគួរតែផ្តោតលើលទ្ធភាពដែលអាចធ្វើបាន។ ប្រសិនបើយើងផ្លាស់ប្តូរទស្សនៈ ការអប់រំនឹងផ្លាស់ប្តូរ ហើយវានឹងផ្លាស់ប្តូរជីវិតរបស់មនុស្សផងដែរ ។ នេះជាអ្វីដែលគ្រូបង្រៀនអាចធ្វើបាន គឺជាអព្ភូតហេតុ»។
បញ្ចប់វគ្គសិក្ខាសាលាខ្លីនេះ អង្គការ KOICA ជាមួយ RI Korea ផ្តល់ជូននូវ ម៉ាស៊ីនបាញ់អាកុលសំរាប់សម្លាប់មេរោគ ចំនួន ២០០ គ្រឿងជូនដល់លោកគ្រូអ្នកគ្រូ នៅវិទ្យាល័យឥន្ទ្រទេវី ដើម្បីបង្កាការរីករាលដាលនៃជំងឺកូវីដ ១៩ ក្នុងអំឡុងពេលដែលសាលារៀនចាប់ផ្តើមបើកដំណើរការឡើងវិញ។ អង្គការ RI Korea គ្រោងបន្តការអប់រំបន្ថែម ដើម្បីលើកកម្ពស់ការយល់ដឹងអំពីពិការភាព ដោយមានសាលារៀនគឺជាគោលដៅ៕