រមណីយដ្ឋានឆ្នេរសុខា ជាកន្លែងរៀបចំពិធីបើកការប្រកួតកីឡាទូកក្តោងជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ (SEAS) ឆ្នាំ២០២១ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។
ពិធីនោះក៏ទទួលបានការអញ្ជើញចូលរួមពីឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC ផងដែរ។ ក្នុងនោះក៏មានវត្តមានកីឡាករ កីឡាការិនី ចំនួន ៣៧នាក់ មកពី ៣ ប្រទេស គឺកម្ពុជា សិង្ហបុរី និងម៉ាឡេស៊ី។
ក្នុងពិធីដ៏រីករាយនោះមានការរាំរបាំប្រពៃណីខ្មែរជាច្រើនទម្រង់ រួមនឹងរបាំអប្សរាផងដែរ ខណៈ កីឡាករ-កីឡាការិនី មកពីប្រទេសសិង្ហបុរី និងម៉ាឡេស៊ី រួមជាមួយនឹងក្រុមអ្នកគាំទ្រ ក៏ដូចជាបុគ្គលិកបច្ចេកទេស មន្ត្រី និងប្រតិភូកីឡា ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ។
ព្រឹត្តិការណ៍ប្រកួតកីឡាទូកក្តោងជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ (SEAS) ឆ្នាំ២០២១ នេះ បានប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី ១២-១៧ ខែធ្នូ ដែលត្រូវបានរៀបចំរួមគ្នាដោយសហព័ន្ធកីឡាទូកក្តោងកម្ពុជា និងសហព័ន្ធកីឡាទូកក្តោងសិង្ហបុរី។
ជាមួយនឹងពាក្យស្លោក«United Sailing with Passion» វាគឺជាព្រឹត្តិការណ៍ប្រកួតកីឡាទូកក្តោងអន្តរជាតិដំបូងគេបង្អស់ដែលកម្ពុជារៀបចំ ខណៈព្រះរាជាណាចក្រកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) នៅឆ្នាំ ២០២៣ ខាងមុខ។
ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍ថា៖ «យើងមានគោលបំណងរៀបចំការប្រកួតកីឡាទូកក្តោងថ្នាក់តំបន់ជារៀងរាល់ឆ្នាំ ខណៈផែនការបង្កើតសហព័ន្ធកីឡាទូកក្តោងអាស៊ីអាគ្នេយ៍កំពុងមានសម្ទុះទៅមុខ។ តាមរយៈការធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតជាមួយប្រទេស សិង្ហបុរីនេះ យើងមានទំនុកចិត្តចំពោះសមាជិកផ្សេងទៀតថានឹងធ្វើតាម ហើយការប្រកួតកីឡាទូកក្តោង SEAS Championship នេះនឹងបន្តជារៀងរាល់ឆ្នាំ»។
អតីតកីឡាករជម្រើសជាតិកម្ពុជាផ្នែកកីឡាចំបាប់ ដែលបានចូលរួមប្រកួតកីឡាអូឡាំពិកនៅទីក្រុង អាតាឡង់តា កាលពីឆ្នាំ១៩៩៦ បានបន្ថែមថា៖ «វាជារឿងសោកស្តាយដែលប្រទេសផ្សេងទៀតមិនអាចចូលរួមបាន ដោយសារតែបទប្បញ្ញត្តិនៃការធ្វើចត្តាឡីស័ក ប៉ុន្តែការរៀបចំព្រឹត្តិការណ៍នេះមានការចូលរួមពីប្រទេស សិង្ហបុរី និងម៉ាឡេស៊ី»៕ រូបថត ហេង ជីវ័ន