សណ្ឋាគារ តារាអ៊ែរផត ស៊ីធី ហូថែល និងស្ប៉ា កំពុងរៀបចំមុខម្ហូបខ្មែរដាក់ក្នុងបញ្ជីមុខម្ហូបថ្មីរបស់ខ្លួន ដើម្បីបង្ហាញអំពីមុខម្ហូបខ្មែរដ៏សម្បូរបែប និងឈ្ងុយឆ្ងាញ់។ ភោជនីយដ្ឋាន Blue Sky Restaurant របស់សណ្ឋាគារ ដែលដឹកនាំដោយមេចុងភៅលោក ទូច សុភាព នឹងបង្ហាញមុខម្ហូបថ្មីពិសេសៗក្នុងពេលឆាប់ៗនេះ ដែលនឹងជួយលើកកម្ពស់ការចម្អិនម្ហូបខ្មែរពិតៗទៅកាន់កម្រិតមួយទៀត។ សណ្ឋាគារ តារាអ៊ែរផត ស៊ីធី បានអញ្ជើញក្រុមការងារប្រតិបត្តិរបស់កាសែត ភ្នំពេញប៉ុស្តិ៍ ដើម្បីទទួលនូវបទពិសោធនៃម្ហូបខ្មែរដ៏ឈ្ងុយឆ្ងាញ់។ ដោយប្រកាន់ខ្ជាប់នូវវិធីសាស្ត្រនៃការចម្អិនម្ហូបខ្មែរពិតៗ ប្រកបដោយភាពច្នៃប្រឌិត។ មេចុងភៅ លោក សុភាព បានស្វែងយល់ និងពង្រីកជំនាញច្នៃប្រឌិតរបស់គាត់ ដើម្បីបង្កើតមុខម្ហូបពិសេសក្នុងស្រុក ដោយប្រើប្រាស់គ្រឿងផ្សំថ្មីៗបំផុត ពីកសិដ្ឋានសរីរាង្គខ្នាតតូចរបស់សណ្ឋាគារ ពិពណ៌នាថា ជា Royal Khmer។ បញ្ជីមុខម្ហូបទាំងនោះ ក៏រួមមាន អាម៉ុក និងសម្លកកូរ ដែលជាមុខម្ហូបជាតិដ៏ល្បីរបស់កម្ពុជាផងដែរ៕