DataU Academy ដែលជាស្ថាប័នអប់រំជំនាញវិទ្យាសាស្ត្រទិន្នន័យ វិស្វកម្មទិន្នន័យ និងកម្មវិធីបណ្តុះបណ្តាលអាជីពអ្នកវិភាគកម្រិតខ្ពស់នឹងពង្រីកផលិតផលរបស់ខ្លួននៅឆ្នាំ ២០២០ នេះ ឱ្យកាន់តែទូលំទូលាយ ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនូវតម្រូវការដែលកំពុងកើនឡើងរបស់កម្ពុជា សម្រាប់ការត្រៀមខ្លួនក្នុងឧស្សាហកម្ម 4.0 ។
បន្ទាប់ពីរយៈពេល ២ ឆ្នាំ ដែលបានជួយយុវជនកម្ពុជាជាង ៥០ នាក់ឱ្យទទួលបានអាជីពផ្នែកវិទ្យាសាស្ត្រទិន្នន័យ និងធ្វើការនៅក្នុងអាជីវកម្មប្រកបដោយភាពច្នៃប្រឌិតបំផុតមួយចំនួននៅកម្ពុជា DataU Academy នឹងវិនិយោគឱ្យកាន់តែច្រើន ទៅលើការបង្កើតវគ្គបណ្តុះបណ្តាល ដើម្បីគាំទ្រដល់ការស្តារឡើងវិញក្រោយកូវីដ១៩ នៅកម្ពុជា។
លោក Joseph Telfer ដែលជាដៃគូគ្រប់គ្រងរបស់ DataU សម្រាប់ការអភិវឌ្ឍន៍អាជីវកម្ម បានមានប្រសាសន៍ថា៖ «យើងកំពុងស្ថិតនៅក្នុងពេលវេលាដ៏សំខាន់មួយនៅក្នុងប្រវត្តិសាស្រ្តសហសម័យរបស់កម្ពុជា។ ការដាក់ចេញនូវចំណាត់ការគ្រប់គ្រងជំងឺកូវីដ១៩ របស់រដ្ឋាភិបាលដ៏មានប្រសិទ្ធិភាព ក្រោមការដឹកនាំរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្កើតឱកាសសម្រាប់កម្ពុជា ក្នុងការត្រៀមខ្លួននៅក្នុងពិភពថ្មីមួយ និងដឹកនាំអាស៊ានក្នុងការអភិវឌ្ឍជំនាញ ឌីជីថល និងការច្នៃប្រឌិតថ្មី សម្រាប់បដិវត្តន៍ឧស្សាហកម្មទី ៤»។
«បន្ទាប់ពីភាពជោគជ័យរយៈពេល ២ ឆ្នាំ ដែលផ្តោតលើវិទ្យាសាស្ត្រទិន្នន័យពេលនេះ យើងចង់ធ្វើការជាមួយដៃគូនានា ដើម្បីវិនិយោគលើវគ្គបណ្តុះបណ្តាលបន្ថែមដែលគ្របដណ្តប់លើប្រធានបទជាច្រើន និងផ្តល់ជូននូវវគ្គសិក្សាខ្លីៗជាដើម»។
«យើងចាប់អារម្មណ៍ការវិនិយោគលើ RPA (ស្វ័យប្រវត្តិកម្មដំណើរការរ៉ូបូត), VR/AR, កីឡាអេឡិចត្រូនិក និងហ្គេម, crypto, blockchain, API និងសេវាកម្មខ្នាតតូច និងកម្មវិធីជាក់លាក់សម្រាប់អាជីវកររួមជាមួយនឹងភាពជាដៃគូដែលយើងកំពុងអភិវឌ្ឍជាមួយអាជីវករសកលធំៗ»។
ការវិនិយោគរបស់កម្ពុជាលើជំនាញឌីជីថល ក្នុងអំឡុងពេលជំងឺរាតត្បាត បានផ្តល់ឲ្យគ្រួសារជាច្រើនទទួលបាននូវការការពារប្រាក់ចំណូលដ៏ល្អប្រសើរ ហើយក៏នឹងបន្តផ្តល់នូវ ឱកាសដ៏សម្បូរបែបក្នុងអនាគតដ៏ខ្លីដល់ប្រជាជនកម្ពុជា និងអាជីវកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលទទួលការបណ្តុះបណ្តាលជំនាញខ្ពស់៕