ក្រុមហ៊ុន គ្លូប៊ល លីឃ្វីឌីធី អ៊ិកឆេង ឯ.ក (GLX) ដែលទទួលបានអាជ្ញាប័ណ្ណជាក្រុមហ៊ុនសមភាគីកណ្តាលពីនិយតករមូលបត្រកម្ពុជា (ន.ម.ក) តំណាងដោយលោក កែម សុភ័ក្ត្រា ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុន កាលពីថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២១ បានសហការ និងចូលរួមក្នុងកម្មវិធីប្រកួតត្រេត Squid Game របស់ក្រុមហ៊ុន ប៊ី.អាយ.ស៊ី. ម៉ាឃីត ឯ.ក ដែលជាឈ្មួញជើងសាឧបករណ៍និស្សន្ទមួយក្នុងចំណោមឈ្មួញជើងសាឧបករណ៍និស្សន្ទរបស់ខ្លួន។ ឆ្លៀតក្នុងឱកាសនោះផងដែរ លោកនាយកប្រតិបត្តិក៏បានឡើងថ្លែងសុន្ទរកថាបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនទៅលើការជួញដូរឧបករណ៍និស្សន្ទនាពេលបច្ចុប្បន្ន ក៏ដូចជាធ្វើការណែនាំទៅដល់វិនិយោគិនដែលបានចូលរួមឱ្យបានស្គាល់កាន់តែច្បាស់ថាតើអ្វីទៅជាក្រុមហ៊ុនសមភាគីកណ្តាល ព្រមទាំងបានពន្យល់ពីទំនាក់ទំនងរវាងក្រុមហ៊ុនសមភាគីកណ្តាល ឈ្មួញជើងសាឧបករណ៍និស្សន្ទ និងវិនិយោគិនផងដែរ។ គោលបំណងចម្បងបំផុតរបស់ក្រុមហ៊ុន (GLX) ក្នុងការចូលរួមកម្មវិធីខាងលើ គឺដើម្បីផ្សព្វផ្សាយ និងចែករំលែកចំណេះដឹងសំខាន់ៗ ក៏ដូចជាជួយលើកស្ទួយវិស័យឧបករណ៍និស្សន្ទឱ្យកាន់តែមានភាពរឹងមាំ និងទូលំទូលាយដល់ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាវិនិយោគិនទាំងអស់ ឱ្យបានយល់ជ្រាបបន្ថែមទៀត ដើម្បីជាទំនុកចិត្តក្នុងការវិនិយោគលើវិស័យមួយនេះក្នុងពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត។ ក្រុមហ៊ុន គ្លូប៊ល លីឃ្វីឌីធី អ៊ិកឆេង ឯ.ក (GLX) សង្ឃឹមយ៉ាងមុតមាំថា វិស័យជួញដូរឧបករណ៍និស្សន្ទនៅក្នុងប្រទេសកម្ពុជា នឹងកាន់តែមានភាពរីកចម្រើនខ្លាំងទៅមុខទៀត៕ photos SUPPLIED