ក្រុមហ៊ុន Meta ដែលជាក្រុមហ៊ុនមេរបស់ Facebook បានចេញរបាយការណ៍ក្រោមចំណងជើងថា «សហគ្រាសមីក្រូធុនតូច និងធុនមធ្យម និងការប្រើប្រាស់មុខងារឌីជីថលក្នុងអំឡុងពេលរាតត្បាតជំងឺកូវីដ ១៩» កាលពីថ្ងៃអង្គារ ដែលបង្ហាញពីរបៀបដែលអាជីវកម្មខ្នាតតូចនៅកម្ពុជាប្រើប្រាស់មុខងារឌីជីថលសម្រាប់សកម្មភាពអាជីវកម្មរបស់ពួកគេក្នុងអំឡុងពេលជំងឺរាតត្បាត។ ឯកឧត្តម គង់ ម៉ារី អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានអញ្ជើញជាអធិបតីក្នុងពិធីនោះ រួមជាមួយនឹងវត្តមានមន្ត្រីរាជការមកពីស្ថាប័នរដ្ឋ ព្រមទាំងតំណាងមកពីវិស័យឯកជនជាច្រើនរូបទៀត។ ឯកឧត្តម គង់ ម៉ារី មានប្រសាសន៍ថា៖ «ឌីជីថលូបនីយកម្មសហគ្រាសគឺជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភចម្បងចំនួន ៣ ដែលដាក់ចេញនៅក្នុង «ក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាឆ្នាំ ២០២១-២០៣៥។ ក្នុងន័យនេះ ក្រសួងដែលមានតួនាទីនាំមុខគេក្នុងការសម្របសម្រួលការងារនេះ បាននិងកំពុងប្រឹងប្រែងយ៉ាងខ្លាំងក្នុងការជួយដល់ក្រុមហ៊ុនអាជីវកម្មដើម្បីឱ្យពួកគេមានលទ្ធភាពសម្របខ្លួនទៅនឹងបច្ចេកវិទ្យាឌីជីថល និងប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនេះដើម្បីលើកកម្ពស់ប្រតិបត្តិការ និងពង្រីកទីផ្សាររបស់ខ្លួន»៕ photos SUPPLIED